ដោយៈ ដកស្រង់ពីវចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត
មួយក្លាយជាដប់
ព. ទ. បុ. ពាក្យទំនឹមទំនៀមជាបរម្បរាតៗមក, មានអត្ថន័យជាសេចក្ដីតំណាលថា មានបុរសម្នាក់ បានដុំមាសមកកប់ទុកនៅទីស្ងាត់មួយកន្លែង, ចង់ដឹងចរិយារបស់ ប្រពន្ធ, ក៏និយាយប្រាប់ប្រពន្ធថា
” អញចូលទៅជុះក្នុងព្រៃក្បែរផ្លូវ ស្រាប់តែមានក្អែក មួយ ចេញមកមុនអាចម៍ ហើរប្រិចបាត់ទៅ ”
—ប្រពន្ធមាត់ឥតគម្រប ក៏និយាយ តំណាលប្រាប់គេតាមសម្ដីប្ដីប្រាប់, អ្នកឯទៀតៗ ក៏ចេះតែនិយាយប្រាប់គ្នាតៗ ទៅទៀត, ពីក្អែកមួយទៅជាក្អែកពីរក្អែកបី រហូតដល់ក្អែកដប់ … ចំណេរកាលតៗមក ក៏ជាប់មានពាក្យដែលពន្លូតបំផ្លើសថា មួយក្លាយជាដប់ ឬ ក្អែកមួយជាក្អែកដប់; គេនិយាយថា កុំជឿអីមួយក្លាយជាដប់ទេ ឬថា ក្អែកមួយជាក្អែកដប់ទេ, មានន័យថា សម្ដីឬដំណឹងអ្វីដែលឮតពីមួយមកមួយ ពុំទាន់ប្រាកដទេ កុំអាលប្រញាប់ជឿភ្លាមៗ ត្រូវពិនិត្យមើលឲ្យហ្មត់ចត់សិន . . . (មានព្រះបរមពុទ្ធោវាទដូចក្នុង កាលាមសូត្រ ជាដើមក៏ថ្លែងពីរឿងបែបនេះច្រើន) ។
រាជ្យាង្គ
នាមសព្ទ
(សំ. < រាជ្យ + អង្គ) អង្គនៃរាជ្យ, អង្គរបស់រាជការ; តាមបែបបទបុរាណថាមាន ៩ យ៉ាង គឺ ១- មានព្រះរាជាជាប្រធានរបស់ប្រទេស; ២-មានមហាមាត្យអ្នកឈ្លាសវៃ ជាប្រធានសម្រេចកិច្ចរាជការ; ៣- មានប្រទេសដទៃជាមិត្តស្និទ្ធជិត; ៤- មានទ្រព្យ បរិបូណ៌ល្មមដល់ការគ្រប់គ្រងប្រទេស; ៥- មានអ្នកប្រាជ្ញច្រើន; ៦- មានបន្ទាយ មាំមួន; ៧- មានសេនាទាហានសម្រាប់ការពាររក្សាប្រទេស; ៨- មានប្រជាពលរដ្ឋ ស្លូតត្រង់; ៩- មានរាជបុរោហិត និងអ្នកប្រវត្តិសាស្ត្រ ដែលមានចំណេះវិជ្ជា ស្ទាត់ប្រាកដ ។
វិស្សកម្ម
(វិះ-សៈក័ម)
នាមសព្ទ
(បា.; សំ. វិឝ្វកម៌ន៑ < បា. វិស្ស, សំ. វិឝ្វ ” ទាំងអស់, ទាំងមូល, សព្វគ្រប់, គ្រប់មុខ, គ្រប់យ៉ាង; ទួទៅ ” + បា. កម្ម, សំ. កម៌ន៑ ” អំពើ, កិច្ចការ ” ) អ្នកធ្វើកិច្ចការបានគ្រប់យ៉ាង ។ នាមទេវបុត្រអ្នកមានចំណេះខាងការជាង ជាអ្នកសម្រេចកិច្ចការគ្រប់យ៉ាង ថ្វាយព្រះឥន្ទ្រ
ព្រះវិស្សកម្ម ឬ ព្រះវិស្សកម្មទេវបុត្រ ។ ប្រើក្លាយជា វិស្សុកម្ម ក៏មាន, គួរលែងប្រើ ( ម. ព. វិស្វករ និង ពិស្ណុការ ផង ) ។
សាកុណិក
នាមសព្ទ
(បា.; សំ. ឝាកុណិក) ព្រានបក្សី, ព្រានសត្វស្លាប (ប្រមាញ់បក្សី)
ពួកសាកុណិក ទោះចូលព្រៃញឹក រកទឹកផឹកបាន ព្រោះគេចំណាំ សូរមាត់សត្វស៊ាន គេដឹងថាមាន ទឹកជ្រោះជាដើម ។ (ស្ដ្រីជា សាកុណិកា) ។
អន្តេវាសិក
នាមសព្ទ
(បា.; សំ. អន្តវាសិន៑ ឬ អន្តេវាសិន៑ “អ្នកច្រើនតែនៅក្នុងសម្នាក់ឬក្នុងទីជិតគ្រូ” ) សិស្ស, កូនសិស្ស ( ប្រើជា អន្តវាសិន ឬ អន្តេវាសិន ក៏បាន; សិស្សស្ត្រីជា អន្តវាសិនី ឬ អន្តេវាសិនី ) ។ អន្តេវាសិក ( ដោយសង្ខេប ) មាន ៥ ប្រភេទគឺ
១- បព្វជ្ជន្តេវាសិក សិស្សបំបួស ( ឲ្យបានជាសាមណេរ );
២- ឧបសម្បទន្តេវាសិក សិស្សសូត្រ ( ឲ្យបានជាភិក្ខុ );
៣- ឧទ្ទេសន្តេវាសិក សិស្សរៀនបាលី; ៤- និស្សយន្តេវាសិក សិស្សនិស្ស័យ ( សិស្សសូមនិស្ស័យនៅអាស្រ័យផង );
៥- ធម្មន្តេវាសិក សិស្សរៀនធម៌អាថ៌ឬរៀនចំណេះវិជ្ជាសិល្បសាស្ត្រផ្សេងៗ ( ហៅ វិជ្ជន្តេវាសិក, សិប្បន្តេវាសិក ជាដើម តាមរូបសព្ទចំណេះដែលរៀនក៏បាន ) ។ ម. ព. អន្តេ, សិស្ស និង អាចារ្យ ផង ។