ដោយៈបាយ័ន / សៀមរាបៈ យុវជនចំនួន ៣០០ នាក់ ក្នុងនោះ មាននារីចំនួន ១៦៩ នាក់ មកពីគ្រួសារក្រីក្រ និងមិនចេះអក្សរ បានទទួលការបណ្តុះបណ្តាល លើមុខជំនាញ មួយចំនួន ក្នុងវិស័យទេចរណ៍ ក្នុងនោះ រួមមាន ផ្នែកបដិសណ្ឋារកិច្ច , ជំនាញការិយាល័យជួរមុខ ជំនាញគេហកិច្ច និងសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ សម្រាប់ឆ្នាំ២០២៣ នេះ។

ការបណ្តុះបណ្តាល លើមុខជំនាញទាំងនេះ បានធ្វើឡើង នៅសាកលវិទ្យាល័យអង្គរ ខេត្តសៀមរាប ដែលសិក្សាពេញម៉ោង មានរយៈពេល ៦ខែ តាមរយៈគំនិតផ្តួចផ្តើមរបស់ សមាគម ក្លិបទេសចរណ៍សៀមរាប ដោយទទួលបានការគាំទ្រ សហហិរញ្ញប្បទាន រវាងវិស័យឯកជន និងរាជរដ្ឋាភិបាលកម្ពុជា និងតាមរយៈមូលនិធិអភិវឌ្ឍន៍ជំនាញ Skill Development Fund (SDF) របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាយុទ្ធសាស្រ្តតស្តារឡើងវិញ របស់រាជរដ្ឋាភិបាល ដើម្បីពង្រឹងគុណភាពសេវាកម្ម និងមានការគាំទ្រឯកសារ ពីគណៈគ្រប់គ្រងគម្រោងហូកា (HOKA) នៃក្រសួងទេសចរណ៍ ផងដែរ ។

លោក ហ្វីលីព សែតកៅ មកពីសមាគមក្លិបទេសចរណ៍សៀមរាប បានឲ្យដឹងថាៈ ការបណ្ដុះបណ្ដាលនេះ គឺដើម្បីបំពេញកម្លាំងពលកម្ម ផ្នែកបដិសណ្ឋាកិច្ច វិស័យទេសចរណ៍ ក្នុងខេត្តសៀមរាប បន្ទាប់ពីវិស័យមួយនេះ ទទួលរងផលប៉ះពាល់ យ៉ាងខ្លាំង ក្នុងអំឡុងពេល នៃការឆ្លងរាលដាលជាសកល ជំងឺកូវីដ-១៩ ដែលបានធ្វើឲ្យ ប៉ះពាល់ដល់បុគ្គលិកសរុប ចំនួន ៣២.៨១១ នាក់ ក្នុងចំណោមអាជីវកម្មសរុប ចំនួន ២.២៣៣ អាជីវកម្មដែលត្រូវបានបិទ-ផ្អាកទូទាំងប្រទេស តាមស្ថិតិត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ស្របតាមរយៈអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្ដេចបានស្នើឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ផ្ដល់អទិភាពដល់ ការដាក់អនុវត្តជាក់ស្ដែង ដើម្បីចូលរួមចំណែក ក្នុងការលើកកម្ពស់ “វិស័យទេសចរណ៍ ជាមាសបៃតង” ដែលជាវិស័យមួយ ចូលរួមដល់ការសម្រេចបាន នូវគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព ឆ្នាំ២០៣០ របស់កម្ពុជា ។

លោក ទៀ សីហា អភិបាលខេត្តសៀមរាប បាននិយាយថាៈ សៀមរាប ជាខេត្តដែល មានសក្តានុពលទេសចរណ៍ ដ៏សំខាន់មួយរបស់កម្ពុជា ប៉ុន្តែវិបត្តិជំងឺកូវីដ-១៩ បានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់វិស័យទេសចរណ៍ ដែលកត្តានេះ បានធ្វើឲ្យអ្នក បម្រើការលើវិស័យនេះមួយចំនួន បានចាកចេញទៅបម្រើការ នៅទីកន្លែងផ្សេង ប៉ុន្តែនៅក្នុងកាលៈទេសៈ ដែលប្រទេសកម្ពុជា បានចេញផុតពីវិបត្តិជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជា បានខិតខំស្តារឡើងវិញ លើគ្រប់វិស័យនេះ ដូច្នេះការបើកវគ្គ បណ្តុះបណ្តាលនេះ ក៏ជាផ្នែកមួយនៃការបំពេញបន្ថែម លើកម្លាំងពលកម្ម ដែលកំពុង ខ្វះខាត ហើយក៏ជាផ្នែកមួយ នៃការលើកកម្ពស់កម្រិតជីវភាពរបស់ ប្រជាពលរដ្ឋផងដែរ ដូច្នេះក្នុងឱកាសនេះ សូមលើកទឹកចិត្តដល់យុវជនទាំងអស់ ដែលទទួលបាននូវការ បណ្តុះបណ្តាលនេះ ត្រូវព្យាយាមអត់ធ្មត់ យកចិត្តទុកដាក់រៀនសូត្រ ព្រោះវាជាជាផ្លូវ តម្រង់ទិស ដែលជួយដល់ប្អូនៗ ក្នុងការចាកចេញឆ្ងាយ ពីភាពក្រីក្រ ។

លោក ប៉ាក់ សុខុម រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ បានមានប្រសាសន៍ថាៈ កម្មវិធីបណ្តុះបណ្តាល ប្រកបដោយស្តង់ដា និងធនធានគ្រូបង្គោលល្អៗ បច្ចុប្បន្ន ដៃគូពាក់ព័ន្ធរបស់យើង បានកំពុងធ្វើការជាមួយ គណៈកម្មការគ្រប់គ្រងគម្រោង ហូកា ដើម្បីរៀបចំទៅជាកម្មវិធី បណ្តុះបណ្តាលពេញម៉ោង (Full-time training) ជាអាទិ៍ សាលាបណ្តុះបណ្តាល បដិសណ្ឋារកិច្ច និងទេសចរណ៍ ស្ពូន ខេត្តសៀមរាប អង្គការមជ្ឈមណ្ឌលធនធាន វិស័យទេសចរណ៍ ខេត្តព្រៃវែង មជ្ឈមណ្ឌលអប់រំ បច្ចេកទេស មិត្តភាព កម្ពុជា-ជប៉ុន ខេត្តសៀមរាប និងជាពិសេសសមាគមទេសចរណ៍ ខេត្តសៀមរាប បានកំពុងធ្វើការបណ្តុះបណ្តាល ដោយប្រើប្រាស់កម្មវិធី និងឯកសារ បណ្តុះបណ្តាលរបស់ ហូកា។

ក្នុងឆ្នាំ២០២២ កន្លងទៅនេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ជាង ២,២៨ លាននាក់ កើនឡើង ១០៥៩ ភាគរយ បើធៀបឆ្នាំ២០២១ ក្នុងនោះភ្ញៀវទេសចរផ្ទៃក្នុង ធ្វើដំណើរកម្សាន្តក្នុងប្រទេស មានទេសចរជាតិ ប្រមាណ ១៣,៩៣ លាននាក់ កើនឡើង ១៩៩ ភាគរយ និងទេសចរបរទេសផ្ទៃក្នុង ប្រមាណ ១,៨៨ លាននាក់ កើនឡើង ៥៧២ ភាគរយ ៕/V/R