ដោយ៖ ដេប៉ូ / ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរៀបចំវគ្គ បណ្តុះបណ្តាលជនបង្គោលយេនឌ័រ ក្រោមឱវាទក្រសួងការងារ ដើម្បីបំប៉នសមត្ថភាព បន្ថែម ក្នុងការអនុវត្តផែនការសកម្មភាព វិធានការ គោលនយោបាយច្បាប់ និងលិខិត បទដ្ឋានគតិយុត្តនានា ដែលពាក់ព័ន្ធនឹងការលើកកម្ពស់ សមភាពយេនឌ័រ លើកកម្ពស់តម្លៃស្ត្រី។

ថ្លែងក្នុងពិធីនេះ លោកស្រី ស៊ើង សរសុចិត្តា រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថាៈ វគ្គបណ្ដុះបណ្ដាលនេះ មានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី ២៣-២៥ ខែឧសភា ដែលមានសិក្ខាកាមចូលរួម ប្រមាណជិត ៣០០នាក់។ វគ្គបណ្តុះបណ្តាលនេះដែរ នឹងផ្តល់ការចែករំលែក នូវបទពិសោធន៍ដ៏ល្អ សម្បូរបែប និងមានតម្លៃ ហើយត្រូវបានរៀបចំឡើង ក្នុងគោលបំណងពង្រឹងសមត្ថភាពបន្ថែម ដល់ជនបង្គោលយេនឌ័រ តាមអង្គភាពក្រោមឱវាទក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ។

លោកស្រី ច័ន្ទសូរីយ៍ រដ្ឋលេខាធិការ ក្រសួងកិច្ចការនារី បានលើកឡើងដែរថាៈ ប្រទេសកម្ពុជា មានស្ត្រីដល់ទៅ ៥១ ភាគរយ នៃប្រជាជនសរុប ប៉ុន្តែការផ្ដល់ឱកាស ការអប់រំដល់ស្ត្រី នៅមានកម្រិត ទើបរាជរដ្ឋាភិបាល បានបង្កើតគណៈកម្មាធិការជាតិ លើកម្ពស់សីលធម៌សង្គម តម្លៃស្រ្តី និងគ្រួសារខ្មែរ គោលនយោបាយជាតិ វិធានការនានា ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងយន្តការបញ្ជ្រាបយេនឌ័រ នៅកម្ពុជា។ នៅឆ្នាំ២០២៣ ទើបនឹងបង្កើតក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្រ្តី និងដាក់ចេញផែនការសកម្មភាពការងារ ឆ្នាំ២០២៤ផងដែរ។

លោកស្រី ច័ន្ទសូរីយ៍ បានបញ្ជាក់ថាៈ ទោះជាយ៉ាងណាក៏ដោយ កម្ពុជាត្រូវការវិនិយោគ បន្ថែម ដើម្បីបំពេញចំណុចខ្វះខាតរបស់ស្ត្រី ហេតុដូច្នេះហើយ បានជាថ្ងៃនេះ មានការបំពាក់បំប៉នសមត្ថភាពបន្ថែម អ្នកប្រតិបត្តិរបស់ក្រសួង /ស្ថាប័ន ដែលជា សេនាធិការ របស់រាជរដ្ឋាភិបាល ដើម្បីភាពសុខដុមរមនារបស់ ប្រជាជនកម្ពុជា។

ជាមួយគ្នានោះ លោក អិុត សំហេង បានលើកឡើងថាៈ រាជរដ្ឋាភិបាល បានផ្តោតទៅ​ លើការធ្វើឱ្យមានសមភាពយេនឌ័រ នៅក្នុងដំណើរការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម តាមរយៈការកសាងសមត្ថភាពស្ត្រី ការកែប្រែឥរិយាបថសង្គម ដែលមានការរើសអើង ចំពោះស្ត្រី និងការធានានូវសិទ្ធិ និងឱកាសទទួលបាននូវ ការថែទាំសុខភាព ការអប់រំ ការបណ្តុះបណ្តាលមុខជំនាញ ការទទួលបានធនធានសេដ្ឋកិច្ច និងឱកាសចូលរួម ប្រាស្រ័យ ដោយស្មើភាព ក្នុងកិច្ចការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ក៏ដូចជា ការទទួលបាន កិច្ចការពារតាមផ្លូវច្បាប់ ប្រកបដោយយុត្តិធម៌ ដើម្បីឱ្យស្ត្រីអាចជៀសផុតពីអំពើហិង្សា ការជួញដូរ ការរំលោភសេពសន្ថវៈ និងរាល់ទម្រង់ដទៃទៀត នៃការចូលរួមរបស់ស្រ្តី ឱ្យបានច្រើនជាអតិបរិមា ក្នុងស្ថាប័នជាតិគ្រប់កម្រិត ចាប់តាំងពីថ្នាក់កណ្តាល រហូតដល់ ថ្នាក់មូលដ្ឋាន។

ក្រៅពីនេះ ក្រសួងការងារ ក៏គ្រប់គ្រង និង តម្រង់ទិសក្រុមហ៊ុន បញ្ចូនពលករ / ពលការិនី និងពិនិត្យតាមដានឱ្យបានហ្មត់ចត់ ចំពោះក្រុមហ៊ុនដែលបញ្ជូនពលករ /ពលការិនី ទៅធ្វើការនៅក្រៅប្រទេស ក្នុងការការពារសិទ្ធិ សុវត្ថិភាព និងផលប្រយោជន៍ពលករ /ពលការិនី ដែលទៅធ្វើការនៅក្រៅប្រទេស ដោយស្របច្បាប់។ ដោយឡែក គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ​ក៏ដូចជា ស្ថានតំណាងកម្ពុជា ប្រចាំបរទេស ត្រូវពង្រឹងកិច្ចសហការ ក្នុងការការពារសិទ្ធិ និងផលប្រយោជន៍របស់ ពលករ/ពលការិនីទេសន្តប្រវេសន៍ តាមរយៈវិធានការបង្ការ ទប់ស្កាត់ អនុវត្តច្បាប់ និងកិច្ចការងារជនរងគ្រោះ៕ V / N