យុទ្ធនាការ​ម្រាមដៃ​ស្អា​តៈ គណបក្សប្រជាជនប្តឹង​អតីតមន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិប្រមាណ​៣០​នាក់​នៅ​ខេត្តបាត់ដំបង​

1129
ចែករម្លែក

​ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ តំណាង​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ឃុំ​អន្លង់​វិល ស្រុក​សង្កែ ខេត្តបាត់ដំបង បាន​យក​​ពាក្យ​បណ្តឹង​ទៅ​ដាក់​ប្តឹង​អតីតមន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ប្រមាណ​ ៣០​នាក់ នៅ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្តបាត់ដំបង នៅ​ព្រឹក​ថ្ងៃទី​២៣ ខែកក្កដា នេះ ពីបទ​ធ្វើ​យុទ្ធនាការ​ម្រាមដៃ​ស្អាត និង​រារាំង​ប្រជា​ពលរដ្ឋ​មិន​ឲ្យ​ទៅ​បោះឆ្នោត​។

ក្រុមយុទ្ធនាការម្រាមដៃស្អាតដែលរងនឹងបណ្តឹង

​លោក​ទីវ ហូ​យ អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ឃុំ​អន្លង់​វិល ស្រុក​សង្កែ បាន​ប្រាប់​រស្មី​កម្ពុជា​នៅ​ព្រឹក​ថ្ងៃទី​២៣ ខែកក្កដា នេះ​ថា នៅវេលា​ម៉ោង​ជិត​១១​នេះ លោក​បាន​ទៅ​ដាក់ពាក្យ​បណ្តឹង​ប្តឹង​អតីតមន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ពី​២០​ទៅ​៣០​នាក់ ទៅ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្តបាត់ដំបង ពីបទ​អនុវត្ត​យុទ្ធនាការ​ម្រាមដៃ​ស្អាត និង​រារាំង​ប្រជាពលរដ្ឋ​មិន​ឲ្យ​ទៅ​បោះឆ្នោត​។ លោក​បាន​បញ្ជាក់ថា “​បើសិន​ជាមាន​អ្នកធ្វើ​សកម្ម​ភាព​បន្តទៀត គឺ​នៅតែ​បន្ត​ប្តឹង។ នេះ​គ្រាន់តែ​ជាការ​ប្តឹង​មួយ​ជំហាន​សិន​”​។​

​លោក​បាន​បន្តថា ការប្តឹង​នេះ គឺ​នៅពេលដែល​ពួកគេ​បាន​ជួបជុំគ្នា​ហូបចុក ហើយ​នៅពេល​ហូបចុក​រួច គឺ​ពួក​គាត់​បាន​លើក​ម្រាមដៃ​ទាំងអស់គ្នា​បង្ហោះ​ហ្វេ​ស​ប៊ុ​ក​។​

​ទាក់ទង​ករណីនេះសម្តេច​ក្រឡា​ហោម ស ខេង អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុម​ការងារ​​​ខេត្តបាត់ដំបង បាន​ថ្លែង​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​សមាជិក សមាជិកា គណបក្ស​ប្រជាជន​កម្ពុជា ស្រុក​សំឡូត នៅ​ព្រឹក​ថ្ងៃទី​២៣ ខែកក្កដា​ថា ខាង​តំណាង​គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្តឹង​មន្ត្រី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ពីបទ​រារាំង​ប្រជាពលរដ្ឋ​មិន​ឲ្យ​ទៅ​បោះឆ្នោត ។យើង​ក៏​មិន​ទៅធ្វើ​អ្វី​ឲ្យ​ផ្តេសផ្តាស​នោះទេ ពីព្រោះ​រឿងនេះ​ជា​រឿង​របស់​ប្រទេសជាតិ​ទាំងមូល ។​ដំណើរការ​នៃ​ការអនុវត្ត​លទ្ធិប្រជាធិបតេយ្យ ​កុំ​ធ្វើ​អ្វី​ឲ្យ​ប៉ះពាល់​។ ​សម្តេច​ក្រឡាហោម បាន​បញ្ជាក់ថា “​រឿង​របស់​អស់លោក ដែល​លោក​ធ្វើ​ខុស លោក​ទទួលខុសត្រូវ។ រឿង​ឯណា ឯ​ណី កុំ​យកមក​បូក​ជាមួយគ្នា។ យក​អា​នឹង​ជា​ហេតុផល ដើម្បី​មក​ឆាឆៅ​”​។​

​ចំណែក​លោ​កវិន ពន ប្រធាន​គណៈកម្មការ​រៀប​ចំការ​បោះឆ្នោត​ខេត្តបាត់ដំបង បាន​ប្រាប់​រស្មី​កម្ពុជា​ថា ចំពោះ​ពាក្យបណ្តឹង​របស់​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ឃុំ​អន្លង់​វិល ស្រុក​សង្កែ គឺ​ខាង លោក​បានទទួល​ហើយ និង​កំពុង​ពិនិត្យ​សាកសួរ​ព័​ត៌​មាន​បន្ថែម។ តែ​ចំពោះ​ការសម្រេច​យ៉ាងណា​នោះ គឺ​នៅទេ​៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម