ដោយ៖ ដេប៉ូ / ភ្នំពេញ៖ គោព្រៃជាសត្វចតុប្បាទ និមិត្តរូប នៃព្រះរាជាណាចក្រកម្ពុជា ជាសត្វមានកម្លាំងខ្លាំង ពូកែធន់នឹងកម្តៅថ្ងៃ អត់ធន់នឹងចំណីអាហារ និងជំងឺ។ ដោយសារតែរាងសង្ហា និងពូកែធន់នឹងកម្តៅថ្ងៃនេះហើយ បានជាគោព្រៃ ត្រូវបានប្រសិទ្ធនាម ឱ្យក្រុមបាលទាត់កម្ពុជា។

យោងតាមទំព័រហ្វេសប៊ុករបស់ លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យ ក្រសួងបរិស្ថាន បានឱ្យដឹងនៅថ្ងៃទី ២៣ ខែ ឧសភា ឆ្នាំ ២០២៣ថា៖ ពិភពលោក បានចាត់ប្រភេទគោព្រៃ ជាសត្វជិតផុតពូជបំផុត នៅលើពិភពលោក។ នៅក្នុងតំបន់ មហាទន្លេមេគង្គ ជាពិសេសប្រទេសកម្ពុជា ត្រូវគេជឿថា សត្វគោព្រៃ ដែលជាប្រភេទ សត្វក្រចកជើងចម្ពាម បានផុតពូជ នៅប្រទេសកម្ពុជា ទៅហើយ។

លោករដ្ឋលេខាធិការ បានបញ្ជាក់ថា៖ កាលពីសម័យអាណានិគមបារាំង មានការថត ខ្សែភាពយន្តឯកសារ បង្ហាញពីគោព្រៃ ក្នុងតំបន់ការពារធម្មជាតិរបស់កម្ពុជា ដែលគេ ឃើញសម្បូណ៌ នៅតំបន់ទេសភាពខ្ពង់រាប ខាងកើត ដូចជា ខេត្តមណ្ឌលគិរី ជាដើម និងនៅតាមតំបន់ព្រៃល្បោះផ្សេងទៀត ដូចជា នៅដែនជម្រកសត្វព្រៃឆែប ខេត្តព្រះវិហារ។

លោក បានបន្តឱ្យដឹងថា៖ សត្វគោព្រៃ ជាសត្វស្លូត ដែលរស់នៅជាហ្វូង លាយជាមួយ ហ្វូងសត្វទន្សោង ខ្ទីង និង ប្រើស។ នៅទសវត្សរ៍ឆ្នាំ ១៩៦០ ព្រះមហាក្សត្រខ្មែរ បានកំណត់ និងប្រកាសចាត់ទុក គោព្រៃជា «និមិត្តរូបនៃមរតកធម្មជាតិកម្ពុជា»។

គួរបញ្ជាក់ថា តាមរយៈព្រះរាជក្រឹត្យលេខ នស/រតក/០៣០៥/១៤៩ ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០០៥ ស្តីពីការកំណត់ប្រភេទសត្វ និងរុក្ខជាតិ សម្រាប់និមិត្តរូប នៃព្រះរាជាណាចក្រកម្ពុជា គោព្រៃ គឺជាសត្វចតុប្បាទ និមិត្តរូប នៃព្រះរាជាណាចក្រកម្ពុជា៕ V / N