ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ គូថេរ៉េស បាននិយាយកាលពីថ្ងៃអង្គារថា ពិភពលោកកំពុងខកខានក្នុងការការពារជនស៊ីវិល ខណៈចំនួនមនុស្សជាប់នៅក្នុងជម្លោះនិងវិបត្តិមនុស្សធម៌បានកើនឡើងយ៉ាងខ្លាំងកាលពីឆ្នាំមុន។
ក្នុងឆ្នាំ ២០២២ អ.ស.បបានសរុបឃើញការកើនឡើងចំនួន ៥៣ ភាគរយនៃការស្លាប់ជនស៊ីវិលធៀបឆ្នាំ២០២១ ជាមួយនឹងការស្លាប់ជនស៊ីវិលជិត ១៧.០០០ នាក់ត្រូវបានកត់ត្រានៅក្នុងជម្លោះចំនួន១២។
ដោយលើកឡើងពីការស្លាប់ជនស៊ីវិលនៅក្នុងប្រទេសអ៊ុយក្រែននិងស៊ូដង់ សាលារៀនត្រូវបានបំផ្លាញនៅក្នុងប្រទេសអេត្យូពី និងការខូចខាតហេដ្ឋារចនាសម្ពន្ធទឹកនៅក្នុងប្រទេសស៊ីរី លោកគូថេរ៉េសបានព្រមានក្រុមប្រឹក្សាសន្តិសុខអ.ស.បថា “ពិភពលោកកំពុងខកខានក្នុងការបំពេញការប្តេជ្ញាចិត្តរបស់ខ្លួនដើម្បីការពារជនស៊ីវិល និងការប្តេជ្ញាចិត្តដែលមានចែងនៅក្នុងច្បាប់មនុស្សធម៌អន្តរជាតិ”។
លោកគូថេរ៉េស ដែលអង្គុយក្បែរឯកអគ្គរដ្ឋទូតរុស្ស៊ីលោក វ៉ាស៊ីលី នេបិនហ្សា (Vasily Nebenzya) បាននិយាយថា ការស្រាវជ្រាវរបស់អ.ស.បលើការយកអសារលើជនស៊ីវិលនៃតំបន់សង្គ្រាមបានបង្ហាញថា ៩៤ ភាគរយនៃជនរងគ្រោះនៃ “អាវុធជាតិផ្ទុះ” នៅក្នុងតំបន់ដែលមានប្រជាជនច្រើនគឺជាជនស៊ីវិលកាលពីឆ្នាំមុន ខណៈមនុស្សជាង ១១៧ លាននាក់ប្រឈមនឹងការស្រេកឃ្លានធ្ងន់ធ្ងរជាចម្បងដោយសារតែសង្គ្រាមនិងអសន្តិសុខ។
នៅអ៊ុយក្រែនតែឯង ដែលបានប្រយុទ្ធនឹងការឈ្លានពានរបស់រុស្ស៊ីជាងមួយឆ្នាំ អ.ស.បបានកត់ត្រាការស្លាប់ជនស៊ីវិលជិត ៨.០០០ នាក់ និងជាង ១២.៥០០ នាក់រងរបួស ទោះបីជាអង្គការបន្ថែមថាតួលេខជាក់ស្តែងទំនងជាខ្ពស់ជាងនេះក៏ដោយ។
ប្រធានអ.ស.បបានបន្ថែមថា នៅទូទាំងពិភពលោក ចំនួនជនភៀសខ្លួន ដែលត្រូវបានបង្ខំចេញពីផ្ទះរបស់ពួកគេ “ដោយសារជម្លោះ អំពើហិង្សា ការរំលោភសិទ្ធិមនុស្ស និងការធ្វើទុក្ខបុកម្នេញ” បានកើនឡើងដល់ ១០០ លាននាក់។
ថ្លែងនៅចំពោះមុខក្រុមប្រឹក្សាសន្តិសុខកាលពីថ្ងៃអង្គារផងដែរគឺលោកស្រី មៀចាណា ស្ប៉ូលចារីក (Mirjana Spoljaric) ប្រធានគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ដែលប្រាប់សមាជិកថា “នៅពេលយើងជួបប្រជុំគ្នា ជនស៊ីវិលរាប់មិនអស់នៅក្នុងជម្លោះជុំវិញពិភពលោកកំពុងជួបប្រទះនឹងឋាននរកពិតៗ”។
លោកស្រីបាននិយាយថា “រៀងរាល់នាទី មីស៊ីលបន្ទាប់អាចបំផ្លាញផ្ទះ សាលារៀន គ្លីនិករបស់ពួកគេ និងមនុស្សគ្រប់គ្នានៅក្នុងនោះ។ រាល់សប្តាហ៍ ពួកគេអាចនឹងអស់អាហារឬថ្នាំ”៕
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ គូថេរ៉េស (ស្តាំ) អង្គុយក្បែរឯកអគ្គរដ្ឋទូតរុស្ស៊ីលោក វ៉ាស៊ីលី នេបិនហ្សា