​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ នាឡិកា ដែល​ធ្លាប់​ជា​កម្មសិទ្ធិ​របស់​អធិរាជ​ចុងក្រោយ​នៃ​រាជវង្ស​ឈីង​របស់​ចិន ដែល​ជីវិត​របស់​ទ្រង់​បាន​បង្កើត​ជា​មូលដ្ឋាន​នៃ​ខ្សែភាពយន្ត​ឈ្នះ​ពាន​អូ​ស្កា​រ The Last Emperor​នោះ ត្រូវ​បាន​លក់​ក្នុងតម្លៃ​កំណត់ត្រា ៤០ លាន​ដុល្លារ​ហុងកុង (៥,១ លាន​ដុល្លារ​) នៅឯ​ការដេញថ្លៃ​នៅ​ហុងកុង​កាលពី​ថ្ងៃ​អង្គារ​ទី​២៣​ឧសភា​។​

​អ្នកទិញ​អនាមិក​ម្នាក់​បាន​ទិញ​នាឡិកា​ម៉ាក Patek Philippe ដ៏​កម្រ​ដែល​ជា​កម្មសិទ្ធិ​របស់​ព្រះ​ចៅ​អធិរាជ អៃ​ស៊ីន ជី​អូរ៉ូ ពុយ​អ៊ី (Aisin-Gioro Puyi) ។ តម្លៃ​នេ​មិន​រាប់​បញ្ចូល​ថ្លៃឈ្នួល​​របស់​ក្រុមហ៊ុន​ដេញថ្លៃ​ទេ​។​

​លោក ថូ​ម៉ាស ប៉េ​រ៉ា​ហ្ស​ហ្ស៊ី (Thomas Perazzi) ប្រធាន​ផ្នែក​នាឡិកា​នៅ​ក្រុមហ៊ុន​ដេញថ្លៃ Phillips Asia បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉​យ​ទ័​រថា វា​ជា “​លទ្ធផល​ខ្ពស់បំផុត​” សម្រាប់​នាឡិកាដៃ​ដែល​ធ្លាប់​ជា​របស់​អធិរាជ​។​

​ក្រុមហ៊ុន​ដេញថ្លៃ​បាន​និយាយថា វា​ជា​នាឡិកា​មួយ​ក្នុងចំណោម​នាឡិកា​ម៉ាក Patek Philippe Reference 96 Quantieme Lune ដែល​គេ​ស្គាល់​តែ​ប្រាំបី​គ្រឿង​ប៉ុណ្ណោះ​ហើយ​ត្រូវបាន​​ព្រះ​ចៅ​អធិរាជ​ពុយ​អ៊ី​ប្រគល់ជូន​ជា​អំណោយ​ដល់​អ្នកបកប្រែ​ជនជាតិ​រុស្ស៊ី​របស់​ទ្រង់ នៅពេល​ដែល​ទ្រង់​កំពុង​ជាប់​ពន្ធនាគារ​នៅ​សហភាពសូវៀត​។ តម្លៃ​នេះ​បាន​ផ្តួល​តម្លៃ​ព្យាករណ៍​មុន​លក់​៣​លាន​ដុល្លារ​យ៉ាង​ងាយ​។​

​នាឡិកា​ផ្សេងទៀត​ដែល​ជា​កម្មសិទ្ធិ​របស់​អធិរាជ​និង​បាន​លក់​ដេញថ្លៃ​ដែរ​នោះ​រួមមាន​នាឡិកា Patek Philippe ដែល​ជា​កម្មសិទ្ធិ​របស់​អធិរាជ​អេត្យូ​ពី​ចុងក្រោយ ហៃ​ឡេ សេឡា​ស​ស៊ី (Haile Selassie) ដែល​បាន​លក់​ក្នុងតម្លៃ ២,៩ លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០១៧​។​

​នាឡិកា​ម៉ាក Rolex ដែល​ជា​កម្មសិទ្ធិ​របស់​អធិរាជ​ចុងក្រោយ​របស់​វៀតណាម បាវ ដាយ (Bao Dai) លក់បាន ៥ លាន​ដុល្លារ​ក្នុង​ការដេញថ្លៃ​មួយ​ក្នុង​ឆ្នាំ ២០១៧៕

​នាឡិកា​ម៉ាក Patek Philippe របស់​ព្រះ​ចៅ​អធិរាជ អៃ​ស៊ីន ជី​អូរ៉ូ ពុយ​អ៊ី លក់បាន ៥,១ លាន​ដុល្លារ