ដោយ:ពៅនិមល/ភ្នំពេញ៖ ក្រុមហ៊ុនធំៗចំនួន១០ នៅថ្ងៃទី២៥ ខែឧសភាស្អែកនេះ នឹងផ្តល់ឱកាសការងារថ្មីបន្ថែមទៀតចំនួន១១៧៣កន្លែង សម្រាប់យុវជន សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើនៅក្នុងកម្មវិធី “វេទិកាការងារ” ដែលសហការរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅក្នុងបរិវេណក្រសួងការងារ។
ប្រភពពីទីភ្នាក់ងារជាតិមុខរបរ និងការងារ នៅក្នុងបណ្តាញសង្គម បានឲ្យដឹងថា ក្រុមហ៊ុនធំទាំង១០ ដែលនឹងចូលរួម រួមមាន៖ធនាគារ CAB, ក្រុមហ៊ុន CPF(CP), ក្រុមហ៊ុន GOODHILL, MR Training, MEKONGNET, ក្រុមហ៊ុន JACCS,ក្រុមហ៊ុនUDAYA ,ក្រុមហ៊ុន RMA, និងក្រុមហ៊ុន PATE POK, ក្រុមហ៊ុន MJQ Mengly J. Quach Education។ ចំពោះសិស្ស/និស្សិតនិងអ្នកកំពុងតែស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារអាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសផ្ទាល់ជាមួយ អ្នកតំណាងក្រុមហ៊ុនទាំងនោះបាន។
សូមបញ្ជាក់ថា កម្មវិធី “វេទិកាការងារ”នេះ គឺយន្តការនៃការផ្តល់សេវាការងារសាធារណៈរបស់រាជរដ្ឋាភិបាលក្នុងការជួយស្វែងការងារធ្វើជូនដល់យុវជន ហើយត្រូវបានរៀបចំឡើងជាប្រចាំដោយ NEA ដើម្បីជួយផ្គូរផ្គង និងផ្គត់ផ្គង់កម្លាំងពលកម្មទៅដល់ក្រុមហ៊ុន សហគ្រាស ដែលកំពុងត្រូវការបុគ្គលិក និង កម្មករនិយោជិត៕srn-pc