ប្រែសម្រួល : កញ្ញាដាលីស (ប៊ីប៊ីស៊ី) ៖ ពួកអ្នកប្រយុទ្ធ ដែលវិមានក្រឹមឡាំងពណ៌នាថាជា “ក្រុមវិទ្ធង្សនា” បានឆ្លងព្រំដែនពីអ៊ុយក្រែនចូលទៅក្នុងតំបន់ទីក្រុងបែលហ្គោរ៉ូដ (Belgorod) ដែលជំរុញឱ្យមានប្រតិបត្តិការ “ប្រឆាំងភេរវកម្ម” ពីសំណាក់រុស្ស៊ី។
បន្ទាប់ពីការប្រយុទ្ធគ្នារយៈពេលពីរថ្ងៃ រុស្ស៊ីបាននិយាយថា ខ្លួនបានឡោមព័ទ្ធក្រុមបះបោរនេះនិងសម្លាប់ពួកគេជាង ៧០ នាក់ ដោយរុញច្រានអ្នកនៅសេសសល់ត្រឡប់ទៅអ៊ុយក្រែនវិញ។រុស្ស៊ីមិនចាត់ទុកពួកគេជាពួកសកម្មប្រយុទ្ធអ៊ុយក្រែនទេ ប៉ុន្តែរដ្ឋាភិបាលក្រុងគៀវនិយាយថា ពួកគេគឺមកពីកងជីពលប្រឆាំងនឹងវិមានក្រឹមឡាំងចំនួនពីរ។
ក្រុមមន្ត្រីអ៊ុយក្រែននិយាយថា ពួកគេជាពលរដ្ឋរុស្ស៊ីមកពីកងជីវពលរំដោះរុស្ស៊ី (FRL)និងអង្គភាពស្ម័គ្រចិត្តរុស្ស៊ី (RDK) ដែលព្យាយាមបង្កើត “តំបន់សន្តិសុខ” សម្រាប់ប្រជាជនអ៊ុយក្រែន។
ក្រុមទាំងពីរកាលពីអតីតកាលត្រូវបានពណ៌នាថាជាផ្នែកមួយនៃកងជីវពលអន្តរជាតិ ដែលពាក់ព័ន្ធនឹងការការពារទឹកដីរបស់អ៊ុយក្រែន។
លោក អង់ឌ្រី យូសូវ (Andriy Yusov) មកពីនាយកដ្ឋានស៊ើបការណ៍សម្ងាត់របស់រដ្ឋាភិបាលក្រុងគៀវ បាននិយាយថា ក្រុមទាំងពីរកំពុងធ្វើការ “ដោយស្វ័យភាពនៅលើទឹកដីនៃប្រទេសរុស្ស៊ី”ហើយប្រជាជនអ៊ុយក្រែនមិនជាប់ពាក់ព័ន្ធទេ ខណៈទូរទស្សន៍អ៊ុយក្រែនបាននិយាយថា ពួកគេជាកងជីវពល និងជា “អ្នកស្ម័គ្រចិត្តរុស្ស៊ី”។
អង្គភាពអ្នកស្ម័គ្រចិត្តរុស្ស៊ី (RDK)ចាប់ផ្តើមលេចធ្លោក្នុងខែមីនា ឆ្នាំ ២០២៣ ដោយបានចូលរួមក្នុងការវាយឆ្មក់ឆ្លងព្រំដែននៅក្នុងតំបន់ប្រាយ៉ានសខ៍ (Bryansk) របស់រុស្ស៊ី ដែលខ្លួននិយាយថាមានគ្នា ៤៥ នាក់។
របាយការណ៍រុស្ស៊ីដែលមិនបានបញ្ជាក់នានា បាននិយាយអំពីការបាញ់ប្រហារ ការរងរបួស និងការចាប់ចំណាប់ខ្មាំង ខណៈ RDK បាននិយាយថា ខ្លួនបានឆ្លងកាត់ព្រំដែនដើម្បីអំពាវនាវឱ្យជនជាតិរុស្ស៊ីបះបោរប្រឆាំងនឹងរដ្ឋាភិបាលរបស់ពួកគេ។ ក្រុមនេះបាននិយាយថា ខ្លួនមិនបានចាប់ចំណាប់ខ្មាំងទេ ហើយបានដកថយដោយសុវត្ថិភាពចូលទឹកដីអ៊ុយក្រែន។
មេដឹកនាំរបស់ក្រុមនេះត្រូវគេស្គាល់ថា ដេនី កាពូស្ទីន (Denis Kapustin)ឬ ដេនីស នីគីទីន (Denis Nikitin) ជាអ្នកជាតិនិយមរុស្ស៊ីហើយក្រុមនេះបានអនុម័តបង្កើតរដ្ឋមួយដែលមានតែជនជាតិដើមរុស្ស៊ី។
ក្នុងឆ្នាំ ២០២០ វេបសាយស៊ើបអង្កេតរបស់អ៊ុយក្រែនបានចោទប្រកាន់ថាគាត់មានទំនាក់ទំនងទៅនឹងក្រុមណាស៊ីនិយម ហើយលោកនីគីទីនបាននិយាយកាលពីអតីតកាលអំពីកម្មសិទ្ធិរបស់ចលនានេះចំពោះក្រុមគាំទ្របាល់ទាត់ដ៏ហិង្សាមួយ។
ក្រុម RDK របស់គាត់បានចោទប្រកាន់ក្រុមប្រឆាំងចម្បងរបស់រុស្ស៊ីថាអង្គុយចាក់ខ្សែនៅក្នុងសង្គ្រាមអ៊ុយក្រែន។
សមាជិកម្នាក់ទៀតឈ្មោះ ហ្វ័រទូណា (Fortuna) បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែនកាលពីខែវិច្ឆិកាឆ្នាំមុនថា ពួកគេមានគ្នា ១២០ នាក់ ហើយថា “ពួកយើងជាអង្គភាពស្ម័គ្រចិត្ត យើងមិនមែនជាទាហានចំតួ ឬជាទាហានជាប់កិច្ចសន្យាដូចពលរដ្ឋអ៊ុយក្រែនទេ”។
កងជីវពលរំដោះរុស្ស៊ី (FRL) គឺជាអង្គភាពផ្សេងគ្នាដែលប្រយុទ្ធពួតដៃជាមួយកងទ័ពអ៊ុយក្រែនប្រឆាំងនឹងកងកម្លាំងរុស្ស៊ី។ ក្រុមនេះប្រើទង់ជាតិពណ៌ស-ខៀវ-ស ដែលក្រុមប្រឆាំងរុស្ស៊ីចាត់ទុកថាជាទង់ “រុស្ស៊ីសេរី”។
មេដឹកនាំក្រុមអ្នកស្ម័គ្រចិត្តលោក ដេនីស នីគីទីន បាននិយាយថា ខណៈពួកគេទាំងពីរក្រុមព្យាយាម “ផ្តួលរំលំរបបពូទីន” អ្នកប្រយុទ្ធរបស់កងជីវពលមានទំនោរចង់ហៅខ្លួនឯងថាក្រុមកណ្តាលនិយម។
ទោះយ៉ាងណា នៅថ្ងៃទី ២២ ខែឧសភា កងជីវពលនេះបានប្រកាសថាខ្លួនបាន “រំដោះ” ភូមិរុស្ស៊ី កូហ្ស៊ីនកា (Kozinka) ដែលឆ្លងពីព្រំដែនអ៊ុយក្រែនបន្តិច និង ពីក្រុងបែលហ្គោរ៉ូ (Belgorod) ភាគនិរតី។ កងជីវពលនេះបានអះអាងថា “កងជីវពល និង RDK កំពុងបន្តរំដោះតំបន់ទីក្រុងបែលហ្គោរ៉ូដ”។
កងជីវពលនេះបានបន្ថែមថា “ជាថ្មីម្តងទៀត ពាក្យមិនពិតដែលថា ពលរដ្ឋរុស្ស៊ីមានសុវត្ថិភាពនិងសហព័ន្ធរុស្ស៊ីរឹងមាំ ត្រូវបានបំផ្លាញ”។
បន្ទាប់មក កងជីវពលនេះបានបង្ហោះវីដេអូនៃបាឡុងមានទង់ជាតិខ្លួនហោះលើទីក្រុងមូស្គូ។
ទំហំនៃកងជីវពលនេះគឺដឹងមិនច្បាស់ទេ ប៉ុន្តែយោងតាមវេបសាយរបស់ខ្លួន ក្រុមនេះបានអះអាងថា “កំពុងប្រយុទ្ធក្នុងកិច្ចសហប្រតិបត្តិការពេញលេញជាមួយកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែននិងក្រោមការដឹកនាំបញ្ជាការរបស់អ៊ុយក្រែន”។
សមាជិកម្នាក់ឈ្មោះ សេសា (Caesar) ដែលជាទាហានល្បីល្បាញបំផុតរបស់ខ្លួន បានទទូចថា “មិនមានមនុស្សនៅក្នុងកងជីវពលត្រូវបានបង្ខំឱ្យចូលរួមជាមួយខ្លួនទេ” ហើយសមាជិកទាំងអស់គឺជាទាហានជាប់កិច្ចសន្យាជាមួយកងជីវពលអន្តរជាតិអ៊ុយក្រែន។
ទោះបីគាត់និយាយថាអ្នកប្រយុទ្ធមួយចំនួនតូចគឺជាទាហានរុស្ស៊ីដែលបានចុះចាញ់កងកម្លាំងអ៊ុយក្រែនក៏ដោយ ក៏ប៉ុន្តែពួកគេបានប្តូរខាងដោយស្មោះ។
ប្រតិកម្មទៅនឹងការសម្រេចចិត្តរបស់រដ្ឋាភិបាលក្រុងមូស្គូក្នុងការចាត់ទុកពួកគេជា “អង្គការភេរវកម្ម” កងជីវពលនេះបានចង្អុលបង្ហាញថាពីមុនមកពួកគេមិនដែលចាត់ទុកថាក្រុមខ្លួនមានរូបរាងនោះឡើយ។
វានៅតែមានការសង្ស័យខ្លះអំពីសារៈសំខាន់ខាងយោធានៃក្រុមទាំងពីរ។ អ្នកវិភាគអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្វេសិនកូ (Volodymyr Fesenko) បាននិយាយថាមានអង្គភាពផ្សេងៗគ្នាជាច្រើន ហើយពួកគេបានបង្ហាញខ្លួនភាគច្រើនទាក់ទងនឹងទំនាក់ទំនងសាធារណៈជាជាងសកម្មភាពជាក់ស្តែង។
អតីតសមាជិកសភារុស្ស៊ី លោក អ៊ីលយ៉ា ប៉ូណាម៉ារ៉េវ (Ilya Ponamarev) ដែលឥឡូវជាពលរដ្ឋអ៊ុយក្រែន បាននិយាយនៅលើ Facebook ក្នុងខែសីហា ឆ្នាំ ២០២២ ថា កងជីវពល កងស្ម័គ្រចិត្ត និងក្រុមមួយទៀតហៅថា កងទ័ពសាធារណរដ្ឋជាតិ បានចុះហត្ថលេខាលើសេចក្តីប្រកាសមួយ ដោយយល់ព្រមលើគោលដៅរួមនៃការរំដោះរុស្ស៊ីចេញពីការគ្រប់គ្រងរបស់វ្ល៉ាឌីមៀ ពូទីន៕
សមាជិកអង្គភាពស្ម័គ្រចិត្តរុស្ស៊ីថតរូបក្នុងភូមិកូហ្ស៊ីនការបស់រុស្ស៊ី