ដោយៈ ប.ខុន / ភ្នំពេញៈទឹកទន្លេមេគង្គ មានការប្រែប្រួលតិចតួច នៅផ្នែកខាងលើ តែនៅផ្នែកខាងក្រោម នៅបន្តស្រកចុះ ហើយពេលនេះ កម្ពស់ទឹកទន្លេ នៅគ្រប់ស្ថានីយជលសាស្ត្រ ស្ថិតនៅក្នុងកម្រិតកម្ពស់ទាប ជាងកម្ពស់ទឹកមធ្យមច្រើនឆ្នាំ ដែលជាធម្មតា ចូលដល់ខែនេះ ទឹកទន្លេមេគង្គ ចាប់ផ្តើមមានចលនាកើនឡើងហើយ។

លោក ម៉ៅ ហាក់ អនុប្រធានអាជ្ញាធរទន្លេសាប ដែលមានជំនាញជលសាស្ត្រ នៃក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់ឱ្យរស្មីកម្ពុជាដឹង នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ថាៈ ស្ថានភាពទឹកទន្លេទាំងបួន មកដល់ពេលនេះ (២៤ឧសភា) នៅមិនទាន់មានចលនាកើនឡើងនៅឡើយទេ។ ផ្ទុយទៅវិញ កម្ពស់ទឹកនៅចតុមុខ ពេលនេះ បែរជាចុះទាប ជាងកម្ពស់ទឹកមធ្យមច្រើនឆ្នាំ ដែលធម្មតា នៅពេលដូចគ្នា ទឹកទន្លេ ចាប់ផ្តើមមានចលនាកើនឡើងហើយ។

មន្ត្រីជំនាញខាងលើ បាននិយាយដោយយោងទៅតាមការព្យាករស្ថានភាពធាតុអាកាស សម្រាប់រដូវវស្សាឆ្នាំ២០២៣ថាៈ ទឹកទន្លេឆ្នាំនេះ អាចនឹងមិនមានជំនន់ធំ កើតឡើងទេ។ ឯទឹកបឹងទន្លេសាប ក៏មានកម្ពស់នៅទាបជាង កម្រិតកម្ពស់មធ្យមច្រើនឆ្នាំ និងមិនទាន់ ឃើញមានការប្រែប្រួល បើទោះបីជាកន្លងទៅនេះ មានភ្លៀងធ្លាក់រាយប៉ាយច្រើន នៅជុំវិញបឹងទន្លេសាប ហើយក៏ដោយ។

ស្ថានភាពទឹករបស់ទន្លេទាំង៤ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ ដូចជានៅមេគង្គ ក្នុងខេត្តស្ទឹងត្រែង ទឹកមានកម្ពស់ ២,៧៦ ម៉ែត្រ ខ្ពស់ជាងថ្ងៃទី២៣ ខែឧសភា ០,០៥ ម៉ែត្រ។ មេគង្គក្នុងខេត្តក្រចេះ ទឹកមានកម្ពស់ ៧,៣៤ ម៉ែត្រ ខ្ពស់ជាងថ្ងៃទី២៣ ខែឧសភា ០,០៩ម៉ែត្រ ។ មេគង្គក្នុងខេត្តកំពង់ចាម ទឹកមានកម្ពស់ ២,៦០ ម៉ែត្រ ខ្ពស់ជាងថ្ងៃទី២៣ ខែឧសភា ០,០២ ម៉ែត្រ។ ទន្លេបាសាក់ ចតុមុខ ទឹកមានកម្ពស់ ១,៧៨ ម៉ែត្រ ទាបជាងថ្ងៃទី២៣ ខែឧសភា ០,០៣ ម៉ែត្រ។ មេគង្គអ្នកលឿង ទឹកមានកម្ពស់ ០,៨៤ ម៉ែត្រ ទាបជាងថ្ងៃទី២៣ ខែឧសភា ០,០៥ ម៉ែត្រ។ ទន្លេបាសាក់ កោះខែល ទឹកមានកម្ពស់ ១,៦៨ ម៉ែត្រ ទាបជាងថ្ងៃទី២៣ ខែឧសភា ០,០២ ម៉ែត្រ។ ទន្លេសាបព្រែកក្តាម ទឹកមានកម្ពស់ ០,៩២ ម៉ែត្រ ទាបជាងថ្ងៃទី២៣ ខែឧសភា ០,០២ ម៉ែត្រ។ ទឹកបឹងទន្លេសាប នៅក្រគរ កំពង់លួង ទឹកមានកម្ពស់ ០,៧៧ ម៉ែត្រ ខ្ពស់ជាងថ្ងៃទី២៣ ខែឧសភា ០,០២ ម៉ែត្រ។

រំលឹកឱ្យដឹងថា ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ បានជូនដំណឹងថា ប្រទេសកម្ពុជា ពីពេលនេះ រហូតដល់ខែវិច្ឆិកា អាចទទួលរងនូវ ឥទ្ធិពល ពីបាតុភូតអែលនីណូ (El Nino) រហូតដល់ពី ៧០ ទៅ ៨០ ភាគរយ ធ្វើឱ្យបរិមាណទឹកភ្លៀង ក្នុងរដូវវស្សា ធ្លាក់ទាបជាងកម្រិតមធ្យមច្រើនឆ្នាំពី ២០ ទៅ ៣០ ភាគរយ និងមានកូនរដូវប្រាំង កើតឡើងធ្ងន់ធ្ងរ នៅក្នុងខែកក្កដា និងខែសីហា ឯបាតុភូតផ្គរ រន្ទះ ក៏កើតមានញឹកញាប់ដែរ។

នៅក្នុងសេចក្តីជូនដំណឹង ដែលចុះហត្ថលេខា ដោយលោក​លឹម គានហោ រដ្ឋនមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានសរសេរថា ស្ថានភាពសីតុណ្ហភាព លើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិក បង្ហាញថា ក្នុងឆ្នាំ២០២៣នេះ ព្រះរាជាណាចក្រកម្ពុជា ចាប់ពីខែឧសភា រហូតដល់ខែសីហា ទទួលរងនូវឥទ្ធិពលពីបាតុភូតអែលនីណូ (El Nino) ក្តៅ ៦០ ភាគរយ និងបាតុភូតអែនសូ (Neutral) មាន ៤០ ភាគរយ (បាតុភូតអន្តរកាល ចន្លោះរវាងបាតុភូតអែលនីណូ El Nino និង ឡានីណា La Nina)។ ចាប់ពីខែកញ្ញា ដល់ខែវិច្ឆិកា បាតុភូតអែលនីណូ អាចនឹងកើនឡើងដល់ ៧០ ភាគរយ ទៅ ៨០ ភាគរយ និងបាតុភូតអែនសូ ថយមកនៅពី ២០ ទៅ ៣០ ភាគរយ។

ក្នុងសេចក្តីជូនដំណឹង​បានសរសេរទៀតថា រដូវវស្សាឆ្នាំ២០២៣ នឹងចូលមកដល់ នៅសប្តាហ៍ទី២ នៃខែឧសភា យឺតជាងឆ្នាំ២០២២ ជាមួយនឹងបរិមាណទឹកភ្លៀង ពីតិចទៅមធ្យម និងរបាយទឹកភ្លៀង ធ្លាក់មិនបានរាយប៉ាយល្អទេ គឺយោងទៅតាម ស្ថានភាពជាក់ស្តែង នៃចលនាខ្យល់ និងកំដៅ (Thermal Low) ភ្លៀងភាគច្រើន ធ្លាក់តាមកន្លែង និងដោយផ្ទាល់ (Localize rain) មិនមានបាតុភូតពីខាងក្រៅ។ កម្រិតទឹកភ្លៀង មានតិចជាងមធ្យមភាគច្រើនឆ្នាំ ប្រមាណពី ២០ ទៅ ៣០ ភាគរយ។ នៅដើមរដូវវស្សា មានការកើតឡើងជាញឹកញាប់ នូវបាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងខ្យល់គួច (Gust wind និង Squall)។

នៅពាក់កណ្តាលរដូវវស្សា ចាប់ពីខែសីហា ដល់ខែកញ្ញា អាចមានភ្លៀងធ្លាក់ នៅក្នុង បរិមាណ ពីតិចទៅមធ្យម និងផ្នែកខ្លះបង្គូរ ជាមួយនឹងភ្លៀងធ្លាក់ភាគច្រើន ជាលក្ខណៈ ផ្ទាល់(Localize rain) មិនជាប្រព័ន្ធ។ កម្រិតទឹកភ្លៀង ទាបជាងមធ្យមភាគច្រើន ឆ្នាំ ប្រមាណជាពី ២០ ទៅ ៣០ ភាគរយ។ នៅពាក់កណ្តាលរដូវវស្សា អបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ (Thunderstorm) នៅបន្តកើតមានកម្រិតបង្គួរ។​​ នៅក្នុងរដូវវស្សាឆ្នាំ២០២៣នេះ ប្រឈមខ្លាំងនឹងកូនរដូវប្រាំង ដែលអាចកើតឡើង ដោយអូសបន្លាយ ចាប់ពីដើមខែកក្កដា រហូតដល់ដើមខែសីហា ។

រដូវវស្សាឆ្នាំ២០២៣ អាចនឹងបញ្ចប់នៅក្នុងសប្តាហ៍ទី១ នៃខែវិច្ឆិកា ជាមួយនឹងបរិមាណ ទឹកភ្លៀង ក្នុងកម្រិតពីខ្យោយទៅមធ្យម និងកន្លែងខ្លះ អាចនឹងមិនទទួលបានភ្លៀង។ នៅចុងរដូវវស្សា មានបាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងខ្យល់គួច (Gust wind និងSquall) ក្នុងកម្រិតជាមធ្យម ពិសេសនៅតំបន់មាត់សមុទ្ ​និងតំបន់ ជាប់ទន្លេ។ នៅក្នុងឆ្នាំ២០២៣ នេះ ព្យុះអាចនឹងកើតមានក្នុងរង្វង់ពី ២៤ ទៅ ២៦ នៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក​និងនៅក្នុងសមុទ្រចិនខាងត្បូង។

លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក ដោយយោងលើស្ថានភាពអាកាស ធាតុ ដូចបានព្យាករណ៍ និងជម្រាបជូនខាងលើ បានអំពាវនាវឱ្យបន្តរក្សា និងប្រើប្រាស់ទឹក ដោយសន្សំសំចៃក្នុងកម្រិតខ្ពស់ ជាពិសេសបណ្តាតំបន់ជនបទ ដាច់ស្រយាល នៅឆ្ងាយពីប្រភពទឹក៕/V