ដោយៈ សុខុម / ស្ទឹងត្រែង៖ ជនជាតិដើមភាគតិចព្រៅ រស់នៅភូមិកាតូត ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង មកដល់សព្វថ្ងៃនេះ នៅតែរក្សាបាន នូវទំនៀមទម្លាប់ ប្រពៃណី សែនឡើងអ្នកតា។

ពិធីឡើងអ្នកតានេះ គឹចាស់ទុំក្នុងភូមិ ជាអ្នករៀបចំរៃអង្គាសប្រាក់ ក្នុងមួយគ្រួសារ ២ម៉ឺនរៀល ដើម្បីទិញជ្រូកមួយក្បាល។ ជាមួយនោះ គ្រួសារនីមួយៗ ចូលរួមទាំងក្មេង និងចាស់ ដោយចាស់ៗ មានថាសម្នាក់មួយ ដាក់មាន់ស្ងោរ ទៀនធូប ពងមាន់ ពងទាស្ងោរឆ្អិន អង្ករស្លា ម្លូ បង្អែម អន្សម ទៅចូលរួមយកថ្វាយដល់អារក្សអ្នកតា។ ក្រៅពីនេះ ក៏មានស្រាពាងមួយល្មម សម្រាប់បឺតជុំគ្នាផងដែរ។

នៅកន្លែងឡើងអ្នកតា មានខ្ទមតូចមួយ ដែលគេសង់នៅឆ្ងាយ ពីភូមិបន្តិចនោះ មានរូបចម្លាក់ឈើចំនួន២ តំណាងឱ្យអ្នកតាប្រុស និងអ្នកតាស្រី។ ពេលរៀបចំពិធី មានស្រ្តីវ័យចំណាស់ម្នាក់ ស្លៀកពាក់ស ពាក់បូរ ពាក់អំបោះលើក្បាល ស្លៀកសំពត់ធម្មតា និងមានបុរសចាស់ម្នាក់ កាន់បំពង់ឫស្សី ជាអ្នកផ្លុំខ្លុយ និងពីរនាក់ ទៀត ជាអ្នកទះស្គរ។ ពេលប្រគំបទភ្លេង ស្រ្តីចាស់ស្លៀកពាក់ស ឡើងរាំទៅតាម ចង្វាក់ភ្លេង ហៅថា ពិធីបញ្ជាន់អារក្ស។ បន្ទាប់ពីស្រ្តីនោះ ឡើងរាំ ចូលរូបអារក្សអ្នកតា មួយសន្ទុះមក គេក៏សម្រាក ហើយចាប់ផ្តើម យកខ្សែអំបោះពណ៌ស ចងដៃអ្នកចូលរួម នោះ ក្នុងបំណងសុំក្តីសុខ។

ចំពោះរូបចម្លាក់ឈើ តំណាងឱ្យអ្នកតាប្រុស អ្នកតាស្រី អ្នកចូលរួម បានយកអំបោះ ស ចងនឹងក។ គេនាំគ្នាជូតរូបចម្លាក់ឈើ និងស្រោចទឹក ប្រោះព្រំសុំសុខសប្បាយ។

សូមបញ្ជាក់ថា អារក្សអ្នកតា នៅពេលចូលរូបម្តងៗ មានជាស្រ្តី ខ្លះក៏បុរស ចូលទៅក្នុង ខ្លួនស្រ្តីម្នាក់ ដែលស្លៀកពាក់សនោះ។ គេកត់សម្គាល់ អារក្សអ្នកតា ចូលរូប គឺសំដៅទៅលើកាយវិការ និងសម្លេងអ្នកស្នងរូប។ រីឯ អ្នកតា អ្នកភូមិ ក៏បានស្គាស់ ឈ្មោះផងដែរ។ អ្នកតាខ្លះ ពេលចូលរូបម្តងៗ គឺកាចណាស់ ដោយ អ្នកស្នងរូប និយាយសម្តីខ្លាំងៗ មកអ្នកចូលរួម។

ពិធីឡើងអ្នកតា ជនជាតិព្រៅ នៅភូមិកាតូតខាងលើ ក្នុងមួយឆ្នាំ មាន ២ ដង គឺធ្វើនៅ ខែមាឃ ១ដង ខែពិសាខ ឬជេស្ឋម្តង ។ ផ្ទុយពីនេះ បើសិនជាអ្នកភូមិ មិនបានប្រារព្ធធ្វើ ពិធីឡើងអ្នកតា អ្នកភូមិ មានជំនឿថា មានជំងឺឈឺស្លាប់ ឬកើតឧបទ្វេវហេតុ អាក្រក់ ឡើង។ ផលដំណាំក្នុងភូមិ ក៏ពុំបានផលល្អដែរ។ អ្នកដែលចូលរួមទាំងអស់ ជាពិសេស ចាស់ៗ ពេលរៀបចំពិធី គឺនិយាយជាភាសាព្រៅ។ ប្រពៃណីនេះ មានតាំងពីដូនតា ជនជាតិដើមភាគតិចមកម៉្លេះ។

លោក សាវ ពែង វ័យ៦៧ឆ្នាំ បាននិយាយរៀបរាប់ប្រាប់ថា អារក្សអ្នកតា មានបីនាក់ ដែលចូលរួបស្រ្តី​ស្លៀកពាក់ស ហើយក្នុងនោះ មានអ្នកតាម្នាក់ កាចណាស់។ អ្នកភូមិ តែងប្រារព្ធធ្វើពិធីឡើងអ្នកតា មិនដែលខានទេ។

យុវតី សុំ ផានី វ័យ១៨ឆ្នាំ អ្នកជំនាន់ក្រោយជនជាតិព្រៅ បានរៀបរាប់ ដោយយល់ ឃើញថា អ្នកជំនាន់ក្រោយ ចង់អភិរក្សប្រពៃណីវប្បធម៌របស់ខ្លួន ឱ្យនៅគង់វង្ស។ បើមិនមានការចូលរួមថែរក្សាប្រពៃណីនេះទេ វានឹងបាត់បង់បន្តិចម្តងៗ រហូតទៅតែម្តង។

នៅចុងបញ្ចប់ពិធីឡើងអ្នកតា ចាស់ក្មេងជំទង់ បានជុំគ្នាផឹកស្រា ចម្អិនសាច់ជ្រូក នៅក្បែរខ្ទមអ្នកតានោះ ផឹកស៊ីសប្បាយរីករាយ។ ម្យ៉ាងទៀត ការជួបជុំគ្នានេះ ហាក់បង្ហាញពីសាមគ្គីភាព រស់នៅក្នុងសង្គមសន្តិភាព៕/V/R