ដោយៈប.ខុន/ភ្នំពេញៈ ការងារសាងសង់ច្រាំងទន្លេបាសាក់លក្ខណៈរឹងមាំនៅជាច្រាំងបេតុងនៅឃុំព្រែកជ្រៃស្រុកកោះធំខេត្តកណ្តាលក្បែរព្រំដែនកម្ពុជាវៀតណាម បានចាប់ ផ្តើមដោយជំហានដំបូងច្រកបាវ(Geotextile bag )ខ្សាច់ទប់ជើងក្រោមបន្ទាប់មកបុកស៊ីផាយនិងបុកគ្រឹះ មានប្រវែង១.២០០ម៉ែត្រដោយគ្រោងធ្វើឱ្យរួចរាល់ក្នុងរយៈពេលពីរឆ្នាំ។

លោកម៉ៅ ហាក់ ប្រធានក្រុមការងារទប់ស្កាត់ការបាក់រាលដាលច្រាំងទន្លេនៃក្រសួងធនធានទឹកនិងឧតុនិយមបានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី២៤ខែឧសភាឆ្នាំ២០២៣ថាការសាងសង់ច្រាំងទន្លេបាសាក់លក្ខណៈរឹងមាំ នៅឃុំព្រែកជ្រៃស្រុកកោះធំខេត្តកណ្តាលក្បែរព្រំដែនកម្ពុជាវៀតណាម បានចាប់ផ្តើមហើយមានប្រវែង១.២០០ម៉ែត្រ ដោយគ្រោងធ្វើឱ្យរួចរាល់ក្នុង រយៈពេលពីរឆ្នាំ។

ប្រធានក្រុមការងារខាងលើនិយាយឱ្យដឹងទៀតថា ច្រាំងទន្លេបាសាក់នៅក្នុងភូមិសាស្ត្រខាងលើបានបាក់ជាបន្តបន្ទាប់ច្រើនឆ្នាំមកហើយនិងបាក់ដល់កៀកបង្គោល ព្រំដែនកម្ពុជាវៀតណាមនៅក្នុងឆ្នាំ២០១៩ ដោយកាលនោះក្រុមការងារបានធ្វើការទប់ស្កាត់បន្ទាន់ជាបណ្តោះអាសន្នប្រវែង១០០ម៉ែត្រដើម្បីកុំបាក់ធ្លាក់បង្គោលព្រំដែន។ ការងារ ដែលបានធ្វើនៅពេលនោះអនុវត្តត្រឹមច្រកបាវខ្សាច់ទប់ការបាក់រាលដាលជាបណ្តោះអាសន្ន។ តែនៅពេលនេះត្រូវធ្វើរឹងមាំដោយសាងសង់ជាច្រាំងបេតុងប្រវែង១.២០០ម៉ែត្រ។

លោកម៉ៅ ហាក់ និយាយឱ្យដឹងទៀតថាពេលនេះក្រុមការងារបានចាប់ផ្តើមធ្វើជើងក្រោមដោយច្រកបាវខ្សាច់ទប់មុននឹងឈានទៅដល់ការបុកស៊ីផាយមានជម្រៅពី ១២ម៉ែត្រទៅ១៥ម៉ែត្របន្ទាប់មកទៀតគឺបុកគ្រឹះដើម្បីសាងសង់ច្រាំងបេតុងឡើង។ ការងារខាងលើនេះត្រូវធ្វើនៅក្នុងទឹកដោយប្រើប្រាស់គ្រឿងចក្រដាក់នៅលសឡង់ទាំងអស់៕srn-pc