ដោយៈ សុខសុភ័ណ្ឌ / កំពង់ស្ពឺៈ លោក ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ ចូលរួមគាំទ្រអត្តពលិក អាស៊ានប៉ារ៉ាហ្គេម ដែលនឹងត្រៀមខ្លួនប្រកួត នាពេលខាងមុខនេះ ។ ការអំពាវនាវបែបនេះ បានធ្វើឡើង នៅពេលលោក បានអញ្ជើញចូលរួម ក្នុងពិធីសម្ពោធប៉មចម្រោះទឹកស្អាត និងម៉ាស៊ីន អនាម័យ (AquaTower & AquaSan) នៅក្នុងវិទ្យាល័យ អ៊ុជិយីគិ ដែលស្ថិតនៅសង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ នៅថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២៣។
លោក ហ៊ុន ម៉ានី បានមានប្រសាសន៍ថាៈ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម កម្ពុជា ធ្លាប់តែនៅ ចំណាត់ថ្នាក់លេខ ៨ ឬលេខ៩ ក្នុងបណ្តាប្រទេសអាស៊ាន បច្ចុប្បន្ន នៅចំណាត់ថ្នាក់ លេខ៤ (ទទួលបាន មេដាយសរុប ចំនួន ២៨២ ក្នុងនោះ មាស ៨១, ប្រាក់ ៧៤ និងសំរិទ្ធិ ១២៧) ដែលនេះ បានសរបញ្ជាក់ពីទឹកចិត្ត ភាពអង់អាចក្លាហាន និងសមត្ថភាពរបស់អត្តពលិក កម្ពុជា យើង។
ជាមួយគ្នានេះ លោកបានមានប្រសាសន៍ថាៈ «ភាពជាម្ចាស់ផ្ទះរបស់កម្ពុជា នៃព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម បានបង្ហាញពីមុខមាត់ បច្ចុប្បន្នរបស់ ប្រទេសកម្ពុជា» ។ លោកបានគូសបញ្ជាក់ថាៈ កម្ពុជា បច្ចុប្បន្ន មិនមែនជាប្រទេស នៃសោកនាដកម្ម ជម្លោះផ្ទៃក្នុង និងសង្គ្រាមនោះទេ។ កម្ពុជាបច្ចុប្បន្ន គឺស្ថិតក្នុងសុខ សន្តិភាព និងពោរពេញដោយការអភិវឌ្ឍ។
នាឱកាសនោះដែរ លោកបានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ ចូលរួមគាំទ្រអត្តពលិក អាស៊ានប៉ារ៉ាហ្គេម ដែលនឹងត្រៀមខ្លួនប្រកួត នាពេលខាងមុខនេះ។
លោកបានលើកឡើងថាៈ ពួកគាត់ (អត្តពលិកអាស៊ានប៉ារ៉ាហ្គេម) មិនសូវទទួលបាន ការគាំទ្រប៉ុន្មានទេ ហើយពួកគាត់ ក៏មិនខុសពីអត្តពលិក ដែលមានកាយសម្បទាគ្រប់ គ្រាន់ដែរ គឺពួកគាត់ចង់បង្ហាញឆន្ទៈ និងស្មារតី និងសមត្ថភាពរបស់ពួកគាត់ ក្នុងការតំណាងជាតិ មាតុភូមិ ។
ក្រោមបរិយាកាសដ៏រីករាយនេះ លោក ហ៊ុន ម៉ានី បានសម្តែងនូវសេចក្ដីសប្បាយរីករាយ ដែលបានមកចូលរួមជាមួយ ឯកឧត្តម លោកជំទាវ លោក លោកស្រី លោកគ្រូ អ្នកគ្រូ អាណាព្យាបាលសិស្ស ក្រុមគ្រួសារ ស.ស.យ.ក. ក្រុមការងាររបស់ក្រុមហ៊ុនភេសជ្ជៈ កម្ពុជា កូកា-កូឡា និងប្អូនៗសិស្សានុសិស្សទាំងអស់ នៃវិទ្យាល័យ អ៊ុជិយីគិ វាលពង់ ក្នុងពិធីសម្ពោធប៉មចម្រោះទឹកស្អាត និងម៉ាស៊ីនអនាម័យ នាថ្ងៃនេះ។
លោកបានបន្តទៀតថាៈ នេះជាលើកទី១ ដែលបានមកចូលរួមជាមួយអ្នកវាលពង់ ក្នុងក្រមខណ្ឌក្រុងឧដុង្គមានជ័យ ដែលពីមុនសង្កាត់វាលពង់ ស្ថិតក្នុងក្រុងឧដុង្គ ។ លោកជឿថា ស្មារតី និងឆន្ទៈរបស់ប្រជាជនវាលពង់ បច្ចុប្បន្ន នៅតែជាវាលពង់ នៃក្រុងឧដុង្គ។
ជាមួយគ្នានេះ លោក បានចូលរួមអបអរសាទរ ជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ទាំងអស់ នៃវិទ្យាល័យ អ៊ុជិយីគិ វាលពង់ ព្រមទាំងប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅ ជុំវិញទីនេះ ដែលទទួលបាននូវសមិទ្ធផល ថ្មីមួយទៀតដែលជួយលើកកម្ពស់ ដល់សុខភាព អនាម័យ និងបំពេញសេចក្តីត្រូវការក្នុង ការទទួលទានប្រចាំថ្ងៃផងដែរ។
សូមជម្រាបជូនថា ក្រោមការយកចិត្តទុកដាក់របស់លោក ហ៊ុន ម៉ានី ក្នុងកិច្ចសហការ ក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកា-កូឡា ដែលបាន និងកំពុងបន្តសហការជាមួយអង្គការ Planet Water ជាបន្តបន្ទាប់ បានសាងសង់ ប៉មចម្រោះទឹកស្អាតនេះឡើង នៅតាមសហគមន៍ ក្នុងនោះ ក៏មានខេត្តកំពង់ស្ពឺ ចំនួន ៦ ផងដែរ៕/V/R