ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថាៈ វត្តអម្ពវ័ន (ហៅ វត្តស្វាយដំណាក់) ក៏ដូចជា ឃុំជំនីក និងស្រុកក្រូចឆ្មារ គឺជាទឹកដីភូមិដ្ឋានដ៏ កក់ក្តៅ ពីព្រោះមានប្រវត្តិសាវតាររបស់ប្រមុខថ្នាក់ដឹកនាំ ទាំងសម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានផ្តើមចេញតស៊ូចូលព្រៃម៉ាក់គី ដើម្បីដង្ហែតាមអតីតព្រះមហាក្សត្រ តាមការអំពាវនាវរបស់ព្រះអង្គ ក្នុងគោលដៅយាង ព្រះអង្គមកគង់ដឹកនាំប្រទេស ដើម្បីសន្តិភាព និងការអភិវឌ្ឍ។ ទឹកដីក្រូចឆ្មារ បានចងក្រង នូវអនុស្សាវរីយ៍របស់ថ្នាក់ដឹកនាំពីររូប ដែលបានចាប់ដៃគ្នា និងមានបេះដូងស្រលាញ់ជាតិ និងប្រជាជន ដូចគ្នា ដោយហ៊ានលះបង់គ្រប់បែបយ៉ាង ដើម្បីផលប្រយោជន៍ជាតិ មាតុភូមិ។ ពិតណាស់ ទីកន្លែងនេះ ក៏ជាសក្ខីកម្មដែលក្រើន រំឭកអំពីការតស៊ូ, ទុក្ខសោកនៃសង្រ្គាម, ការលះបង់ប្រកបដោយភក្តីភាព និងមនសិការស្នេហាជាតិ ដ៏ជ្រាលជ្រៅរបស់អ្នកជំនាន់មុន ក្នុងបុព្វហេតុជាតិ, សាសនា និងព្រះមហាក្សត្រ។

ការបញ្ជាក់នេះ ក្នុងពិធីសម្ពោធឆ្លងមហាកុដិ និងសមិទ្ធផលនានា ក្នុងវត្តអម្ពវ័ន (ហៅវត្តស្វាយដំណាក់) ស្ថិតនៅភូមិដំណាក់, ឃុំជំនីក, ស្រុកក្រូចឆ្មារ, ខេត្តត្បូងឃ្មុំ កាលពីព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថាៈ វិស័យសាសនា អាចរីកលូតលាស់ទៅបាន អាស្រ័យដោយមានការដឹកនាំគ្រប់គ្រងរបស់ព្រះចៅអធិការ, ព្រះតេជគុណ ព្រះសង្ឃ, គណៈគ្រប់គ្រង-អាចារ្យវត្ត ជាពិសេសការចូលរួមឧបត្ថម្ភគាំទ្រ ពីសំណាក់ពុទ្ធបរិស័ទ និងសប្បុរសជន ជិតឆ្ងាយ។ ការរក្សាបាននូវស្មារតីសាមគ្គីភាព និងវប្បធម៌ចែករំលែក ក្នុងការកសាងអភិវឌ្ឍមូលដ្ឋាន និងស្រុកកំណើតរបស់ខ្លួន គឺពិតជាកត្តារួមចំណែក ដ៏ធំធេង ក្នុងការជួយដល់រាជរដ្ឋាភិបាល ដើម្បីបម្រើដល់សេចក្តីត្រូវការរបស់ប្រជាជន ទាំងលើការផ្តល់សេវាសាធារណៈ និងការគិតគូរយកចិត្តទុកដាក់ អំពីសុខភាពផ្លូវចិត្ត តាមរយៈការបង្កលក្ខណៈដល់ ការគោរពបដិបត្តិគ្រប់សាសនា ទៅតាមជំនឿរបស់ ប្រជាពលរដ្ឋម្នាក់ៗ ក្នុងបរិយាកាសអំណោយផល នៃសុខសន្តិភាព, សិទ្ធិសេរីភាព និងជីវភាពល្អប្រសើររបស់ប្រជាជន។

ជាមួយគ្នានេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានចូលរួមត្រេកអរ និងអបអរសាទរ ចំពោះសមិទ្ធផលជាច្រើន ដែលកំពុងកើតឡើង នៅក្នុងស្រុកក្រូចឆ្មារ និងខេត្តត្បូងឃ្មុំ ក៏ដូចជានៅទូទាំងប្រទេស។ ដូច្នេះ សូមបន្តចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាល ដើម្បីធានាបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត ពិសេសការធានាបាន នូវសុខសន្តិភាព ស្ថិរភាព និងសណ្តាប់ធ្នាប់សាធារណៈ ល្អប្រសើរ បម្រើដល់ជីវភាពរស់នៅប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ។ លើសពីនេះ ក៏សូមថ្លែងអំណរគុណ ចំពោះប្រជាពលរដ្ឋទាំងអស់ ដែលបានផ្តល់ការគាំទ្រ និងជំនឿទុកចិត្តមកលើ សម្តេចតេជោ ក្នុងការបន្តដឹកនាំបម្រើ ជាតិ និងប្រជាជន ទៅមុខបន្ថែមទៀត។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថាៈ ការស្ម័គ្រចិត្តទទួលយកការចាក់ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ គឺអាចឆ្លុះបញ្ចាំងឱ្យឃើញ អំពីការសម្រេចផ្ទុកផ្តាក់ផ្ញើ ជោគវាសនា និងការផ្តល់ជឿទុកចិត្តជូន សម្តេចតេជោ នាយករដ្ឋមន្ត្រី ក្នុងការការពារ និងសង្គ្រោះអាយុជីវិត ពីជំងឺរាតត្បាតដ៏កាចសាហាវនេះ។ យើងទាំងអស់គ្នា មានសំណាង ពីព្រោះមាន សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលតែងគិតគូរអំពីសុខទុក្ខ របស់ប្រជាពលរដ្ឋ ក្នុងគ្រប់ដំណាក់កាលទាំងអស់ គិតតាំងពីសម័យស្រុកទេស មានសង្គ្រាម និងធ្លាក់ក្នុងជម្លោះបែកបាក់ ហើយបានបន្តកសាងស្តារប្រទេសជាតិ ពីបាតដៃទទេ រហូតឈានឆ្ពោះមកដល់ការអភិវឌ្ឍ ដូចសព្វថ្ងៃ ហើយ សម្តេចតេជោ តែងបានប្តេជ្ញាចិត្តថា ត្រូវខិតខំធ្វើយ៉ាងណា ដើម្បីមិនឱ្យកូនខ្មែរ ធ្លាក់ទៅក្នុងរណ្តៅ នៃទុក្ខវេទនា ដូចកាលជំនាន់មុនឡើយ៕/V/R