ដោយ: មុនីរ័ត្ន/ភ្នំពេញ: ដោយមើលឃើញពីខ្លឹមសារនៃសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងបរិស្ថាន កាលពីព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ ស្តីពីលោក អេឡិច ជនជាតិអេស្ប៉ាញ ដែលបង្កើតក្រុមបក្ខពួក ធ្វើសកម្មភាពប្រាសចាកនឹងឧត្តមប្រយោជន៍ជាតិខ្មែរ និងផ្ទុយពីបទប្បញ្ញត្តិនៃក្រមរដ្ឋប្បវេណី ក្រមព្រហ្មទណ្ឌ និងច្បាប់ស្តីអំពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល។ ដូចនេះអ្នកធ្វើសកម្មភាពតាមក្រុមនេះត្រូវទទួលខុសត្រូវតាមផ្លូវច្បាប់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់សមាគមអ្នកស្រលាញ់បរិស្ថាន និងសង្គម នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣។

សេចក្តីប្រកាសព័ត៌មានបានបន្តថា “យើងខ្ញុំទាំងអស់គ្នា ក្នុងនាមសមាគមអ្នកស្រលាញ់បរិស្ថាន និងសង្គម មានការព្រួយបារម្ភចំពោះសកម្មភាពរបស់ចលនាអេឡិច ជនជាតិអេស្ប៉ាញ ដែលតែងតែបន្តយកកម្ពុជាជាល្បែងនយោបាយរបស់ខ្លួន ដែលបានបណ្តុះបណ្តាលយុវជនមួយចំនួនលែងគិតពីប្រយោជន៍ជាតិ មកគិតតែពីប្រឆាំង និងការធ្វើសកម្មភាពរារាំងការអភិវឌ្ឍន៍ជាតិទៅវិញ។”

ជាមួយគ្នានេះ សមាគមអ្នកស្រលាញ់បរិស្ថាន និងសង្គម ស្នើសុំឱ្យអោយលោក អេឡិច បញ្ឈប់នយោបាយបំបែកបំបាក់ជនជាតិខ្មែរតទៅមុខទៀតទៅ សូមលោកអាណិតដល់ពលរដ្ឋខ្មែរដែលទើបងើបពីសង្គ្រាមហើយទទួលបានក្តីសុខដូចសព្វថ្ងៃ។

ចំណែកក្រសួងបរិស្ថានបានកត់សម្គាល់ឃើញថា បណ្តាញអង្គការចាត់តាំងខុសច្បាប់ ដែលប្រើឈ្មោះ «មាតាធម្មជាតិ» ដឹកនាំដោយបុគ្គលសញ្ជាតិអេស្ប៉ាញឈ្មោះ Alejandro Gonzalez Davidson មិនមានលក្ខណៈសម្បត្តិជាអង្គការមិនមែនរដ្ឋាភិបាល។ ក្រុមនេះមិនបានធ្វើការចុះបញ្ជីជាសមាគម ឬអង្គការមិនមែន រដ្ឋាភិបាលតាមការកំណត់របស់ច្បាប់ស្ដីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលនោះទេ។ យើងក៏បានកត់សម្គាល់ថា កាលពីឆ្នាំ២០១៧ ប្រធានអង្គការនេះបានដាក់លិខិតស្នើសុំរំលាយអង្គការនេះមកក្រសួងមហាផ្ទៃ ហើយក្រសួងមហាផ្ទៃបានចេញប្រកាសលេខ ៤៥៧១ ប្រក ចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ សម្រេចលុប ឈ្មោះ «អង្គការមាតាធម្មជាតិ» ចេញពីបញ្ជីអង្គការមិនមែនរដ្ឋាភិបាលជាស្ថាពរ។

ក្រសួងបរិស្ថានបានបញ្ជាក់ថា រាល់សកម្មភាពដែលបក្ខពួក និងក្រុមនេះបានប្រព្រឹត្ត គឺប្រាសចាកនឹងឧត្តមប្រយោជន៍នៃសង្គមជាតិ កម្ពុជា និងផ្ទុយពីបទប្បញ្ញត្តិនៃក្រមរដ្ឋប្បវេណី ក្រមព្រហ្មទណ្ឌ និងច្បាប់ស្តីពីសមាគមនិងអង្គការមិនមែន រដ្ឋាភិបាល។ ដូច្នេះ អ្នកដែលចូលរួមធ្វើសកម្មភាពជាមួយក្រុមនេះ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់៕សរន