ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ជាអតីតគ្រូបង្វឹកការ៉ាតេ ជម្រើសជាតិកម្ពុជា លោក SHOHEI TOYAMA ដែលបានបញ្ចប់កិច្ចសន្យា ជាគ្រូបង្វឹកការ៉ាតេ ជម្រើសជាតិកម្ពុជានោះ លោកបានឆ្លៀតផ្ដល់នូវ បទពិសោធន៍មួយចំនួន ដល់ក្លិបការ៉ាតេ-ដូ សូរិយា សូតូកង់។

លោកបានចំណាយពេល ២ថ្ងៃ ជាមួយសិស្សគុនកម្ពុជា ចំនួន ៥០ នាក់ នៅ មជ្ឈមណ្ឌលកីឡាយុទ្ធសិល្ប៍បុរាណ កម្ពុជា-ជប៉ុន ក្នុងពហុកីឡអូឡាំពិក។

លោក ឡាច ច័ន្ទតារា អ្នកគ្រប់គ្រង និងគ្រូបង្វឹកធំ នៃសាលាគុន សុរិយា ការ៉ាតេ-ដូ សូតូកង់ បានមានប្រសាសន៍ថា លោកគ្រូ SHOHEI TOYAMA ជាអតីតគ្រូបង្វឹកជម្រើសជាតិកម្ពុជា នាពេលនេះ លោក បានបញ្ចប់កិច្ចសន្យា ជាមួយសហព័ន្ធហើយ ។ ប៉ុន្តែមុនពេលលោក ត្រឡប់ទៅប្រទេសលោកវិញ លោក SHOHEI TOYAMA បានមកសាលាគុន សុរិយា ការ៉ាតេ-ដូ សូតូកង់ ដើម្បីផ្តល់បទពិសោធន៍ និងចំណេះដឹង ផ្នែកកីឡាការ៉ាតេកម្ពុជា។

លោកប្រធានក្លិប បានបន្តថាៈ លោកបានធ្វើដំណើរទស្សនកិច្ចរបស់លោក តាមបណ្តា សាលាគុនការ៉ាតេ-ដូ លើកនេះ ដើម្បីរក្សាទុកអនុស្សាវរីយ៍របស់លោក និងសិស្សគុន ការ៉ាតេ-ដូជាច្រើន ជាពិសេសសាលាគុន សុរិយា ការ៉ាតេ-ដូ សូតូកង់ លោកបានចែករម្លែក នូវចំណេះដឹងជាច្រើន ជូនសិស្សគុន សមត្ថភាព ទេពកោសល្យ និងបច្ចេកទេសប្រយុទ្ធ ព្រមទំាងការសម្តែងមេគុន ជាដើម៕/V/R