ប្រែសម្រួលៈបំណង(ស្ត្រេតថែមស)៖ អាម៉េរិកនិងកូរ៉េខាងត្បូងគ្រោងនឹងចាប់ផ្តើមសមយុទ្ធយោធាបាញ់គ្រាប់ពិតទ្រង់ទ្រាយធំបំផុតនៅក្បែរព្រំដែនកូរ៉េខាងជើង ដែលមុខជានាំអោយរដ្ឋាភិបាលទីក្រុងព្យុងយ៉ាងច្រឡោតខឹងនិងគំរាមសងសឹក។
សមយុទ្ធនេះត្រូវចាប់ផ្តើមនៅថ្ងៃព្រហស្បតិ៍ទី២៥ឧសភា នៅចម្ងាយមិនដល់៤០គីឡូម៉ែត្រពីព្រំដែន ហើយបន្តរហូតដល់ថ្ងៃ១៥មិថុនា។វាត្រូវគេរំពឹងថានឹងប្រើសព្វាវុធទំនើបព្រមទាំងដ្រូនដើម្បីអោយសម្ពន្ធមិត្តទាំងពីរធ្វើការរួមគ្នាបានល្អប្រសើរ ក្នុងការត្រៀមទប់ទល់នឹងកូរ៉េខាងជើង នេះបើតាមការបញ្ជាក់ពីយោធាកូរ៉េខាងត្បូង។
លំហាត់យោធាដ៏ធំនេះក៏កត់សំគាល់ខួបសម្ពន្ធភាព៧០ឆ្នាំដែលអាម៉េរិកនិងកូរ៉េខាងត្បូងបានបង្កើតឡើងក្នុងអំឡុងសង្គ្រាមកូរ៉េ។
វាកើតឡើងបន្ទាប់ពីប្រធានាធិបតីកូរ៉េខាងត្បូង យូន ស៊ុកយ៉ូល និងប្រធានាធិបតីអាម៉េរិកលោក ចូ បៃដិន បានយល់ព្រមកាលពីខែមុនលើផែនការមួយសំរាប់អាម៉េរិកបញ្ជូនទ្រព្យនុយគ្លេអ៊ែរ រួមមាននាវាមុជទឹកមកកាន់តំបន់ និងអនុញ្ញាតអោយរដ្ឋាភិបាលទីក្រុងសេអ៊ូលមានសិទ្ធិនិយាយច្រើនឡើងអំពីរបៀបប្រើខែលការពារនុយគ្លេអ៊ែរអាម៉េរិក។
លោកយូន បានខិតខំធ្វើការស្តារសមយុទ្ធរួមគ្នាជាមួយអាម៉េរិកឡើងវិញក្រោយការផ្អាកឬកាត់បន្ថយទំហំរបស់វានៅក្រោមអ្នកដឹកនាំមុន លោក មូន ជែអ៊ីន និងអតីតប្រធានាធិបតីអាម៉េរិក ដូណាល់ត្រាំ ៕
ទាហានកូរ៉េខាងត្បូង ចូលរួមហ្វឹកហាត់ជាមួយអាម៉េរិកនៅក្បែរព្រំដែនកូរ៉េខាងជើងកាលពីថ្ងៃ១៦មីនា ឆ្នាំ២០២៣