ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ នៅសល់តែ ៣ថ្ងៃទៀតប៉ុណ្ណោះ មន្ត្រីបច្ចេកទេស សម្រាប់ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងធ្វើដំណើរ មកដល់កម្ពុជាហើយ។

បើតាមការឲ្យដឹងពីលោក យី វាសនា សម្រាប់ទីលានប្រកួតត្រូវបានបញ្ចប់ការកែលម្អ រួចរាល់ហើយ ក្នុងនោះទីលានមួយចំនួន គឺប្រើប្រាស់ទីលាន កាលពីស៊ីហ្គេម លើកទី៣២។ ការកែលម្អនេះ រាជរដ្ឋាភិបាល បានចំណាយថវិកា អស់ប្រមាណជាង ១លានដុល្លារសហរដ្ឋអាមេរិក។

មន្ត្រីបច្ចេកទេស ដែលនឹងមកដល់កម្ពុជា នៅ ៣ថ្ងៃខាងមុខនេះ មានមន្ត្រីបច្ចេកទេស ជប៉ុន ចំនួន ៤៨ រូប និងមន្ត្រីបច្ចេកទេស បរទេសផ្សេងៗទៀត ចំនួន ១៧១ រូប រួមនឹងមន្ត្រីបច្ចេកទេសកម្ពុជា ៩០០ នាក់ ផ្សេងទៀត សរុបជាង .០០០ នាក់។

កីឡាករ កីឡាការិនីពិការភាពកម្ពុជា ដែលបានចុះបញ្ជីរួច មានចំនួន ២៣៦ នាក់ ក្នុងនោះ កីឡាករចំនួន ១៦០ នាក់ កីឡាការិនីចំនួន៧៦ នាក់និងមន្ត្រីដែលចុះជាប់ ជាមួយ ក្រុមកីឡាករ កីឡាការិនី ចំនួន ៦៤ នាក់។

ពួកគេ នៅតែបន្តបង្កើនការហ្វឹកហាត់ ដើម្បីប្រជែងយកមេដាយ ដែលគេរំពឹងថា ក្នុងឋានៈជាម្ចាស់ផ្ទះកម្ពុជា នឹងអាចរកបានមេដាយបានច្រើនជាងលើកមុនៗ ជាមិនខានឡើយ។

កីឡាចំនួន ១៤ ប្រភេទ រួមជាមួយប្រភេទកីឡាអេឡិចត្រូនិក (E-Sports) ដែលជាប្រភេទកីឡាសម្ដែង ត្រូវបានដាក់ឲ្យប្រកួត ក្នុងព្រឹត្តិការណ៍នេះ។

ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមទី១២ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ នឹងរៀបចំឡើង ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ដោយមានប្រភេទកីឡាអត្តពលកម្ម, វាយសី, ប៊ូស្យា, អុក, បាល់ទាត់៥ម្ខាង, បាល់ទាត់៧ម្ខាង, បាល់បោះពិការភ្នែក, យូដូ, លើកទម្ងន់, ហែលទឹក, វាយកូនឃ្លីលើតុ បុរសនារី, បាល់ទះអង្គុយបុរសនារី, បាល់បោះជិះរទេះបុរសនារី, និង កីឡា E-Sport​ /V-PC