ប្រកាស​តែងតាំង​ប្រធាន​មន្ទីរ​កិច្ចការនារី​រាជធានី​ភ្នំពេញ​ថ្មី​ជំនួស​ប្រធាន​ចាស់​ចូលនិវត្តន៍​

1609
ចែករម្លែក
យោងតាម​ប្រកាស​របស់​ក្រសួង​កិច្ចការនារី លេខ​៦៤៣ កក​ន​/​ប្រក ចុះ​ថ្ងៃទី​១​ខែមេសា​ឆ្នាំ​២០១៧​បានសម្រេច​ប្រគល់​ភារកិច្ច​ជូន​​លោកស្រី កាន់ រតនៈ​ឧប្បល ជា​ប្រធាន​មន្ទីរ​កិច្ចការនារី​រាជធានី​ភ្នំពេញ ជំនួយ​ប្រធាន​មន្ទីរ​ចាស់​លោកស្រី កែ​ច័ន្ទ​ដួង​ដែល​ត្រូវ​​ចូលនិវត្តន៍​

(​ភ្នំពេញ​)៖ លោកស្រី កាន់ រតនៈ​ឧប្បល ត្រូវបាន​ប្រកាស​តែងតាំង​ជា​ប្រធាន​មន្ទីរ​កិច្ចការនារី​រាជធានី​ភ្នំពេញ​ថ្មី ជំនួយ​លោកស្រី កែ ចាន់​ឌួង ប្រធាន​មន្ទីរ​ចាស់​ដែល​ត្រូវ​ចូលនិវត្តន៍​។​

​ពិធី​ប្រកាស​ចូលកាន់​តំណែង​ជា​ផ្លូវការ​ធ្វើឡើង​នៅ​សាលា​រាជធានី​ភ្នំពេញ​ក្រោម​អធិបតីភាព​លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួង​​កិច្ចការនារី លោក​ម៉ប់ សារិន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ និង​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០១៧​។​

​ក្នុងឱកាស​នេះដែរ​លោក​អភិបាល​រាជធានី​ភ្នំពេញ​បានលើកឡើង​ថា ស្ត្រី​ជា​ឆ្អឹងខ្នង​របស់​សង្គមជាតិ​ជា​កម្លាំង​ទ្រទ្រង់​សង្គម​មួយ​ដែល​​មិនអាច​ខ្វះ​បាន ហើយ​ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន បាន​លើក​កំពស់​ស្ត្រី​ដោយ​ឱ្យ​កាន់តំណែង​ធំៗ​នៅក្នុង​រដ្ឋា​ភិ​បាល​ជាច្រើន​នាក់​កន្លងមក​ពីព្រោះ​នៅពេលនេះ​នារី​មិន​ត្រូវបាន​មើលស្រាល​ទៀត​ទេ នារី​គឺជា​កម្លាំង​ទ្រទ្រង់​សង្គម​មួយ​ដែល​មិន​​អាច​ខ្វះ​បាន ព្រោះ​ការចូលរួម​វិភាគទាន​ប្រាជ្ញា​ស្មារតី ក៏ដូចជា​កាយសម្បទា​ផ្សេងៗ​ទៀត នៅក្នុង​សង្គម​ផងដែរ​។​

​លោក ឃួ​ង ស្រេង ក៏បាន​ផ្តាំផ្ញើ​ប្រធាន​មន្ទីរ​ថ្មី ត្រូវ​ផ្តល់​កិច្ចសហការ​ល្អ​ជាមួយនឹង​បណ្តា​ក្រសួង ស្ថាប​ន័​ពាក់​ព​ន្ធ័​ ​អាជ្ញាធរ​ដែនដី​គ្រប់លំដាប់​​ថ្នាក់ មន្ទីរ​អង្គភាព​ជំនាញ​ដទៃទៀត អង្គការ​សង្គម​ស៊ីវិល​និង​វិស័យ​ឯកជន​ជាពិសេស​ត្រូវ​ចូលរួម​អនុវត្ត​ការងារ​ដោយ​ឈរលើ​គោល​​ការណ៍​រដ្ឋបាល​ឯកភាព ប្រកបដោយ​ស្មារតី​សាមគ្គីភាព មិត្តភាព ឯកភាព​ផ្ទៃក្នុង​ឲ្យ​កាន់តែ​ល្អប្រសើរ​ដើម្បី​លើក​កំពស់​កិត្យានុភាព​របស់​​អង្គភាព​ខ្លួន ក៏ដូចជា​រដ្ឋបាល​រាជធានី​ភ្នំពេញ​ទាំងមូល​ហើយ​ត្រូវ​ចាត់ទុកថា សាមគ្គីភាព​ផ្ទៃក្នុង គឺជា​កត្តា ជ័យជំនះ​គ្រប់​ភារកិច្ច​៕​ដោយ​៖​រ៉ា​ម៉ន

ទីតាំងផ្សាយពាណិជ្ជកម្ម