ប្រែសម្រួលៈបំណង(ស្ពុតនិច)៖ គេថាចិនកំពុងពិភាក្សាជាមួយអារ៉ាប៊ីសាអូឌីត និងអេហ្ស៊ីបដើម្បីលក់អោយរដ្ឋអារ៉ាប់ទាំងពីរនូវគ្រឿងសព្វាវុធថ្មីមួយចំនួន រួមមានយន្តហោះChengdu J-10C ជាយន្តហោះដែលបង្កើតជាឆ្អឹងខ្នងនៃកងទ័ពអាកាសរបស់កងទ័ពរំដោះប្រជាជន(ចិន)។
របាយការណ៍កាលពីថ្ងៃចន្ទចេញផ្សាយក្នុងសារព័ត៌មានTactical Reportនៅក្រុងបេរូត បានអះអាងថា ឧស្សាហកម្មយោធាអារ៉ាប៊ីសាអូឌីត(SAMI)បច្ចុប្បន្នកំពុងពិភាក្សាជាមួយក្រុមហ៊ុនសារជីវកម្មចិន China North Industries Group Corporation (Norinco)ដើម្បីទិញយន្តហោះប្រភេទនេះ ដ្រូនស៊ើបការណ៍និងប្រព័ន្ធការពារដែនអាកាស។
ទីភ្នាក់ងារនេះក៏បាននិយាយថា ការចរចាបានបន្តរវាងកងទ័ពអាកាសអេហ្ស៊ីបនិងក្រុមហ៊ុនឧស្សាហកម្មអាកាសចរណ៍ឆេងទូ(Chengdu Aircraft Industry Group)កាលពីថ្ងៃអង្គារ។រដ្ឋាភិបាលទីក្រុងគែរ ស្វះស្វែងទិញយន្តហោះJ-10Cរបស់ក្រុមហ៊ុនឆេងទូជាងដប់គ្រឿង។
បញ្ចេញជាសាធារណៈដំបូងក្នុងឆ្នាំ២០០៦ក្រោយដាក់បញ្ចូលក្នុងសេវាកម្មកងទ័ពអាកាសចិន J-10Cជាយន្តហោះរចនាដោយចិនលើកដំបូងដែលមានសមត្ថភាពប្រហាក់ប្រហែលយន្តហោះរុស្ស៊ីនិយន្តហោះលោកខាងលិច។វាមានរ៉ាដាទំនើប ប្រព័ន្ធគ្រប់គ្រងការហោះហើរfly-by-wire ល្បឿនកំពូលMach 1.8 និងអាចបំពេញបេសកកម្មវាយប្រហារលើដីគោកបន្ថែមលើមុខងារស្ទាក់កំទេចយន្តហោះសត្រូវក្នុងអាកាស។
រដ្ឋាភិបាលទីក្រុងរីយ៉ាតក៏ត្រូវគេរាយការណ៍ថា ចង់បានដ្រូនSky Saker FX80 ដ្រូនCR500 UAV ដ្រូនCruise Dragon 5 and 10 និងប្រព័ន្ធការពារដែនអាកាសHQ-17AE ។
ទាំងអេហ្ស៊ីបនិងអារ៉ាប៊ីសាអូឌីត ស្ថិតចំណោមប្រទេសនាំចូលសព្វាវុធកំពូលៗក្នុងលោក និងកំពុងសម្លឹងទៅកាន់ទីផ្សារអាវុធរុស្ស៊ីនិងចិនដើម្បីបន្ថយការពឹងលើអាម៉េរិក។ក្នុងពេលជាមួយគ្នា រដ្ឋាភិបាលទីក្រុងប៉េកាំងក៏ពង្រីកកិច្ចសហការជាមួយទីក្រុងរីយ៉ាតលើរណសិរ្សជាច្រើន រួមមានសេដ្ឋកិច្ច យោធានិងការទូត។ទាំងអេហ្ស៊ីបនិងអារ៉ាប៊ីសាអូឌីត សុទ្ធតែប្រើយន្តហោះF-16ផលិតនៅអាម៉េរិក៕