ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ឯកសារសាធារណៈមួយនៅសហរដ្ឋអាម៉េរិកបានបង្ហាញថាកូរ៉េខាងត្បូងបានស្នើឱ្យរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនពិនិត្យមើលឡើងវិញនូវលក្ខណៈវិនិច្ឆ័យរបស់ខ្លួនសម្រាប់ការឧបត្ថម្ភធនបន្ទះឈីបថ្មី ដោយព្រួយបារម្ភអំពីផលប៉ះពាល់នៃច្បាប់ដែលកំណត់ការវិនិយោគបន្ទះឈីបនៅក្នុងប្រទេសដូចជាចិន។
កាលពីខែមីនា ក្រសួងពាណិជ្ជកម្មអាម៉េរិកបានស្នើច្បាប់ដើម្បីទប់ស្កាត់ចិននិងប្រទេសផ្សេងទៀតដែលខ្លួនចាត់ទុកថាគួរឱ្យព្រួយបារម្ភពីការទាញយកមូលនិធិចំនួន ៥២ពាន់លានដុល្លារសម្រាប់ការផលិតនិងស្រាវជ្រាវបន្ទះឈីបក្រោមច្បាប់ឈ្មោះថា CHIPS Act។
ជាអ្នកផលិតបន្ទះឈីបឈានមុខគេនិងជាអ្នកវិនិយោគធំនៅក្នុងវិស័យបន្ទះឈីបនៅសហរដ្ឋអាម៉េរិកកូរ៉េខាងត្បូងបានស្នើឱ្យសហរដ្ឋអាម៉េរិកពិនិត្យឡើងវិញនូវច្បាប់ដែលរារាំងអ្នកទទួលមូលនិធិពីសហរដ្ឋអាម៉េរិកមិនឱ្យកសាងគ្រឿងបរិក្ខារថ្មីនៅក្នុងប្រទេសទាំងនោះលើសពី ៥ ភាគរយនៃសមត្ថភាពដែលមានស្រាប់។
កូរ៉េខាងត្បូងបាននិយាយដោយប្រើឈ្មោះផ្លូវការរបស់ខ្លួនថា “សាធារណរដ្ឋកូរ៉េជឿថាច្បាប់ការពារនេះមិនគួរត្រូវបានអនុវត្តក្នុងលក្ខណៈដែលដាក់បន្ទុកមិនសមហេតុផលចំពោះក្រុមហ៊ុនដែលវិនិយោគនៅក្នុងសហរដ្ឋអាម៉េរិកទេ”។
ឯកសារនេះមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ ប៉ុន្តែទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាងត្បូងបាននិយាយថា រដ្ឋាភិបាលក្រុងសេអ៊ូលបានស្នើសុំឱ្យដំឡើងការកំណត់ដល់ ១០ ភាគរយ។
ក្រសួងឧស្សាហកម្មរបស់កូរ៉េខាងត្បូងបានបដិសេធមិនធ្វើអត្ថាធិប្បាយទេ។
សហរដ្ឋអាម៉េរិកបាននិយាយថា ការលើកទឹកចិត្តនេះមានគោលបំណងជួយស្ដារភាពជាអ្នកនាំមុខរបស់អាម៉េរិកក្នុងការផលិតគ្រឿងអេឡិចត្រូនិក ជំរុញការងារនិងធានាសន្តិសុខសេដ្ឋកិច្ចនិងសន្តិសុខជាតិ។
ក្រុមហ៊ុន Samsung និងក្រុមហ៊ុន SK Hynix របស់កូរ៉េខាងត្បូង ដែលផលិតបន្ទះឈីបលំដាប់កំពូលទាំងពីររបស់ពិភពលោកបានវិនិយោគរាប់ពាន់លានដុល្លារនៅក្នុងរោងចក្រផលិតបន្ទះឈីបនៅក្នុងប្រទេសចិន។Samsung ក៏កំពុងសាងសង់រោងចក្រផលិតបន្ទះឈីបនៅរដ្ឋតិចសាស់ ដែលអាចចំណាយអស់ជាង ២៥ ពាន់លានដុល្លារ។
នៅក្នុងសេចក្តីអត្ថាធិប្បាយរបស់ខ្លួន ក្រុមហ៊ុន Samsung Electronics Co Ltd បានព្យាយាមសុំការបំភ្លឺអំពីច្បាប់ដែលបានស្នើឡើង ដើម្បីធានាថាការវិនិយោគនៅក្នុងវិស័យផលិតបន្ទះឈីបនៅសហរដ្ឋអាម៉េរិក “មិនត្រូវបានរឹតបន្តឹងដោយអចេតនានិងហួសហេតុពេក”។
ក្រុមហ៊ុន SK Hynix Inc ក៏បានធ្វើអត្ថាធិប្បាយផងដែរ ប៉ុន្តែការថ្លែងជាសាធារណៈមិនបានផ្តល់ព័ត៌មានលម្អិតទេ៕