ប្រែសម្រួល : កញ្ញាដាលីស (ស្ត្រេតថែមស៍) ៖ អ្នកនយោបាយមួយរូបក្នុងប្រទេសហ្វីលីពីនចង់ឱ្យសិស្សានុសិស្សសម្រាកនិងបំពេញកម្លាំងឡើងវិញនៅចុងសប្តាហ៍ជាជាងធ្វើកិច្ចការផ្ទះនៅពេលដែលពួកគេបានចំណាយពេលប្រហែល ១០ ម៉ោងរួចទៅហើយនៅក្នុងសាលារៀននៅថ្ងៃធ្វើការ។
ដើម្បីធ្វើឱ្យរឿងនោះកើតឡើង លោក សាម វើសូហ្សា (Sam Versoza) សមាជិកសភាតំណាងហ្វីលីពីនសម្រាប់បក្សទូតុកធូវីន (Tutok To Win) បានស្នើច្បាប់ “គ្មានកិច្ចការផ្ទះ” ដែលមានគោលបំណងហាមឃាត់គ្រូបង្រៀនកុំឱ្យផ្តល់កិច្ចការផ្ទះដល់សិស្សបឋមសិក្សានិងវិទ្យាល័យនៅចុងសប្តាហ៍។
ក្នុងឆ្នាំ ២០១០ សារាចររបស់ក្រសួងអប់រំបានណែនាំគ្រូបង្រៀនឱ្យផ្តល់កិច្ចការផ្ទះក្នុងបរិមាណសមហេតុផលដល់សិស្សសាលាបឋមសិក្សាសាធារណៈនៅថ្ងៃធ្វើការ។ សារាចរនោះបាននិយាយថា គ្មានកិច្ចការផ្ទះណាគួរផ្តល់ឱ្យនៅចុងសប្តាហ៍ទេ។
ច្បាប់ដែលស្នើឡើងរបស់លោកវើសូហ្សាមានគោលបំណងបង្កើតបទដ្ឋានមួយសម្រាប់សាលាបឋមសិក្សានិងវិទ្យាល័យទាំងអស់នៅទូទាំងប្រទេស។
ចាប់តាំងពីសភានីតិកាលទី ១៧ ពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០១៩ មក សមាជិកសភាបានព្យាយាមបង្កើតគោលនយោបាយមិនធ្វើកិច្ចការផ្ទះនាចុងសប្តាហ៍។
ទោះយ៉ាងណា វិធានការបែបនេះនៅតែបន្តរង់ចាំនៅចំពោះមុខគណៈកម្មាធិការអប់រំនិងវប្បធម៌មូលដ្ឋានរបស់សភា។
នៅក្នុងសុន្ទរកថាមួយកាលពីថ្ងៃចន្ទ លោកវើសូហ្សាបាននិយាយថា សិស្សធ្វើការបន្ថែមម៉ោងដើម្បីបំពេញកិច្ចការផ្ទះរបស់ពួកគេ។
ក្នុងករណីខ្លះ ឪពុកម្តាយជាអ្នកជួយធ្វើកិច្ចការផ្ទះរបស់កូនៗ។
លោកវើសូហ្សាបាននិយាយថា “យុវជនហ្វីលីពីនធ្វើការហួសកម្លាំងហើយហ្វីលីពីននៅតែដើរពីក្រោយប្រទេសផ្សេងទៀត”។
លោកបានស្រង់របាយការណ៍ថ្មីៗថា កម្រិតបញ្ញាជាមធ្យម (IQ) របស់ហ្វីលីពីនគឺ ៨១,៦៤ ខណៈ IQ មធ្យមជាសកលគឺ ១០០។ ហ្វីលីពីនជាប់ចំណាត់ថ្នាក់លេខ ១១១ ក្នុងចំណោមប្រទេសចំនួន ២០០ ទាក់ទងនឹង IQ ជាមធ្យម៕
លោកវើសូហ្សាចង់ឱ្យអនុម័តច្បាប់ហាមផ្តល់កិច្ចការផ្ទះនៅចុងសប្តាហ៍