​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ អ៊ុយ​ក្រែន​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ដ្រូ​ន​ផលិត​នៅ​អ៊ីរ៉ង់​ចំនួន​៣៦​គ្រឿង​ដែល​ត្រូវ​បាន​បង្ហោះ​ដោយ​កងកម្លាំង​រុស្ស៊ី ក្នុង​ការវាយប្រហា​រកា​លពី​យប់មិញ​ត្រូវបាន​​បាញ់​ទម្លាក់​ទាំងអស់​។​ដ្រូ​ន​ទាំង​នេះ​ប្រហែលជា​មាន​គោលដៅ​វាយប្រហារ​ទីតាំង​យោធា​និង​ហេដ្ឋារចនាសម្ពន្ធ​សំខាន់ៗ​។​

​ប្រធានាធិបតី​ហ្សេ​ឡេន​ស្គី បាន​និយាយថា វា​ជា​«​យប់​មិន​ស្រួល​»​មួយ​តែ​បាន​សរសើរ​ការងា​ររ​បស់​កងការពារ​ដែន​អាកាស​។​

​លោក​បាន​សរសេរ​បង្ហោះ​ថា «​ដោយ​បន្តធ្វើ​ភេរវកម្ម​អ៊ុ​យក្រែន ស​ត្រូវបាន​ប្រើ​ដ្រូ​ន​Shahed​ចំនួន​៣៦​គ្រឿង តែ​គ្មាន​មួយ​ណា​បាន​ទៅដល់​គោលដៅ​របស់​វា​ទេ​។​អរគុណ​កងកម្លាំង​ការពារ​ដែនអាកាស​​របស់​យើង​ចំពោះ​លទ្ធផល​១០០​ភាគរយ​»​។​

​ប្រធានាធិបតី​ហ្សេ​ឡេន​ស្គី ថត​ជាមួយ​ដ្រូ​ន​Shahed​ដែល​ត្រូវបាន​បាញ់​ទម្លាក់​

​ចាប់តាំងពី​ខែ​តុលា​ឆ្នាំ​មុន​មក រដ្ឋាភិបាល​ទីក្រុង​មូ​ស្គូ​តែង​បញ្ជូន​ដ្រូ​ន​មក​វាយប្រហារ​គោលដៅ​នានា​ក្នុង​ប្រទេស​អ៊ុ​យក្រែន​។​ទោះ​ជា​ពួក​វា​ហោះ​យឺត តែ​ដ្រូ​ន​ប្រភេទ​នេះ​ថោក​និង​ងាយ​បំផ្លាញចោល​។​

​កងកម្លាំង​ទ័ពអាកាស​អ៊ុយ​ក្រែន​បាន​និយាយថា​« សត្រូវ​ទំនងជា​ចង់​វាយប្រហារ​ហេដ្ឋារចនាសម្ពន្ធ​និង​ទីតាំង​យោធា​របស់​យើង​នៅ​តំបន់​ខាងលិច​។​ពួក​វា​ជា​ដ្រូ​ន​Shahed 136 និង Shahed 131 ​ផលិត​នៅ​អ៊ីរ៉ង់​»​។​

​ប្រធាន​រដ្ឋបាល​យោធា​ទីក្រុង​គៀវ​បាន​និយាយថា រដ្ឋធានី​នេះ​បាន​ស្ថិតក្រោម​ការវាយប្រហារ​ពី​ដ្រូ​នជា​ច្រើន​ជុំ តែ​ត្រូវបាន​បាញ់​ទម្លាក់​ទាំងអស់​។​លោក​បាន​និយាយថា​វា​ជា​ការវាយប្រហារ​លើក​ទី​១២​នៅក្នុង​​ខែ​នេះ​។​ចំណែក​អាជ្ញាធរ​យោធា​និង​តំបន់​ខាងត្បូង​និង​ខាងលិច​អ៊ុ​យក្រែន ក៏​បាន​រាយការណ៍​អំពី​ការបាញ់​ទម្លាក់ដ្រូន​ផងដែរ​៕