ដោយ : .ជ័យ / បន្ទាយមានជ័យ: បន្ទាប់ពីបានប្រពឹត្តករណីហិង្សាដោយចេតនានិងធ្វើអោយខូចខាត អុកឡុក បំផ្លាញផែនការគោលនយោបាយភូមិឃុំមានសុវត្ថិភាពនៅក្រុងសិរីសោភ័ណ  នៅថ្ងៃទី២៥ខែឧសភាឆ្នាំ២០២៣ ក្រុមក្មេងទំនើង១១នាក់ត្រូវកំណត់លក្ខណ:វិនិច្ឆ័យ ដើម្បីកសាងសំណុំរឿងបញ្ជូននិងធ្វើកំណត់ហេតុកិច្ចសន្យាអោយឪពុកម្តាយ ឬអាណាព្យាបាលធានាយកទៅអប់រំកែលម្អ។

លោកវរសេនីយ៍ ស៊ី ឌី អធិការនគរបាលក្រុងសិរីសោភ័ណអោយដឹងថា : កាលពីថ្ងៃ ទី២៣ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង២០និង១៦នាទីយប់.នៅចំណុចតូបលក់ចាបហ៊ួយមួយស្ថិតក្នុងភូមិអូរអំបិល សង្កាត់អូរអំបិលមានក្រុមក្មេងស្ទាវ២ក្រុមបង្កហេតុ។

ម៉ូតកាំបិតដែលក្រុមស្ទាវតាំងនិងទុកជានិមិត្តរូបក្រុម

ក្រុមទី១ ជាជនរងគ្រោះមានគ្នា៥នាក់ រួមមាន ឈ្មោះ សមុទ្យ, រដ្ឋ, ហេង, រតនា និង ឆាត សៀវឡុង ដោយពួកគេមានអាយុពី ១៦ទៅ១៧ ឆ្នាំ រីឯក្រុមទី២  ជាជនបង្ករមានគ្នា១០នាក់ ជិះម៉ូតូ៦ គ្រឿង ម៉ាកហុងដាឌ្រីម៥គ្រឿង ម៉ាកស្កុបពីរ ១គ្រឿង ពណ៌ខៀវ

លោកបន្តថា ក្នុងចំណោមជនបង្ករ ជនរងគ្រោះខ្លះថា មិនស្គាល់ឈ្មោះទេ គឺចំណាំតែម៉ូតូ ដោយពួកគេធ្វើសកម្មភាពកាន់កាំបិតកែឆ្នៃដេញកាប់ និងយកដុំថ្មគប់ទៅលើក្រុមទី១ បង្កឲ្យខូចខាតម៉ូតូ ៣គ្រឿង និង របួសដល់ថ្នាក់ចូលមន្ទីរពេទ្យ 

លោកវរសេនីយ៍ ព្រហ្ម ប៊ុនធឿន នាយការិយាល័យនគរបាលព្រហ្មទ័ណ្ឌកម្រឹតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានអោយដឹងថ្ងៃទី២៥ខែឧសភាថា: ក្រោយពីទទួលបានព៌ត័មាន នៅព្រឹកឡើងថ្ងៃ២៤ខែឆ្នាំដដែលវេលាម៉ោង៨និង១៥នាទី កម្លាំងការិយាល័យព្រហ្មទ័ណ្ឌកំរិតស្រាល សហការជាមួយកម្លាំងជំនាញក្រុងសិរីសោភ័ណ កំណត់បានមុខសញ្ញាសង្ស័យខាងលើហើយបាននាំខ្លួនជនសង្ស័យចំនួន១១នាក់មកសាកសួរនៅអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណមានឈ្មោះដូចតទៅៈ  ឡន ជីឡុង, សម្ភស្ស ប៊ុនហេង, ញែប ឡុងហេង,ពេញ នរៈសត្យា​, ខន រតនា, ខន សិរីឧត្តម, យាន គារ៉ា, ធឿន ប៉ូលីន, ប៊ុឡា ផានិត, ជូ បញ្ចះបញ្ញា,  និង ភាព ពីនធុក ពួកគេមានអាយុ ពី១៥ ដល់ ១៧ ឆ្នាំ

ក្រុមសង្ស័យបានអោយដឹងថា  ពួកខ្លួនទាំង១១នាក់ពិតជាបាននាំគ្នាទៅកាប់ជនរងគ្រោះ និងម៉ូតូជនរងគ្រោះពិតមែន ព្រោះមាន គំនុំនិងមានទំនាស់ជាក់ស្តែងពេលនៅទើសមុខ /PC