ដោយ៖ដេប៉ូ/ភ្នំពេញ៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា បានបើកកិច្ចពិភាក្សាជាមួយតំណាងសាកលវិទ្យាល័យមហាសារខាម នៃព្រះរាជាណាចក្រថៃ ដើម្បីអនុម័តលើលទ្ធផលនៃការប្រឡងជ្រើសរើស និស្សិតអាហារូបករណ៍ប្រចាំឆ្នាំ២០២៣ និងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការនាឆ្នាំបន្ទាប់។
ក្នុងជំនួបពិភាក្សានេះបានប្រារព្ធធ្វើឡើងនារសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ នាទីស្ដីការក្រសួងអប់រំ យុវជន និងកីឡា ។
ក្រសួងអប់រំបានឱ្យដឹងថាក្នុងឆ្នាំសិក្សា ២០២៣ នេះ សាកលវិទ្យាល័យមហាសារខាម បានផ្តល់អាហារូបករណ៍សម្រាប់ថ្នាក់បរិញ្ញាបត្រលើជំនាញគ្រប់គ្រងទេសចរណ៍ និងសណ្ឋាគារ ជំនាញវិស្វកម្មមេកានិក ជំនាញវិស្វកម្មអគ្គិសនី ជំនាញគ្រប់គ្រងពាណិជ្ជកម្ម ជំនាញគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ ដោយជ្រើសរើសតាមរយៈការប្រឡងដើម្បីទទួលបានអាហារូបករណ៍ ដែលប្រព្រឹត្តទៅនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) ។
គួររំលឹកផងដែរថា ចាប់តាំងពីឆ្នាំ២០០៨មក និស្សិតកម្ពុជាចំនួន ២៤៦ នាក់ បានទទួលអាហារូបករណ៍ទៅសិក្សាថ្នាក់បរិញ្ញាបត្រអនុបណ្ឌិត និងបណ្ឌិត នៅសាកលវិទ្យាល័យមហាសារខាម។ បច្ចុប្បន្ននិស្សិតចំនួន ២១៨ នាក់ បានបញ្ចប់ការសិក្សា។
ដោយឡែកសម្រាប់ឆ្នាំសិក្សា២០២៤ សាកលវិទ្យាល័យមហាសារខាមគ្រោងនឹងផ្ដល់អាហារូបករណ៍ចំនួន ១៤ កន្លែង ក្នុងវិស័យសិល្បៈ តន្ត្រី កម្មវិធីសិក្សា និងការបង្រៀន វិស្វកម្មអាហារ វិស្វកម្មបរិស្ថាន ទេសចរណ៍ សណ្ឋាគារ ព័ត៌មានវិទ្យា ការគ្រប់គ្រងទំនើប និងទីក្រុងឆ្លាតវៃ (Smart City)៕/PC