ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ កូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី២៥ឧសភាថា ខ្លួនបានបាញ់បង្ហោះដោយជោគជ័យនូវរ៉ុក្កែត Nuri ដែលផលិតក្នុងស្រុករបស់ខ្លួន ហើយបានដាក់ផ្កាយរណបដំណើរការទៅកាន់គន្លងតារាវិថី ដោយវាជាជំហានដ៏សំខាន់ឆ្ពោះទៅមុខសម្រាប់កម្មវិធីអវកាសដែលកំពុងរីកចម្រើនរបស់ប្រទេស។
វាគឺជាការបាញ់បង្ហោះលើកទីបីរបស់រ៉ុក្កែត Nuriដែលទទួលបានជោគជ័យក្នុងការសាកល្បងដាក់ផ្កាយរណបទៅកាន់គន្លងតារាវិថីកាលពីឆ្នាំមុន បន្ទាប់ពីការប៉ុនប៉ងបរាជ័យឆ្នាំ ២០២១ ។
រ៉ុក្កែតបីដំណាក់កាល(កំណាត់) ដែលមានប្រវែងជាង ៤៧ ម៉ែត្រ និងទម្ងន់ ២០០ តោននេះ បានហោះឡើងលើមេឃនៅម៉ោង ៦៖២៤ ល្ងាចពីមជ្ឈមណ្ឌលអវកាសណារ៉ូ (Naro)ក្នុងតំបន់ឆ្នេរភាគខាងត្បូងរបស់ប្រទេសកូរ៉េខាងត្បូង ដោយបន្សល់ទុកនូវដានផ្សែងពណ៌សដ៏វែង។
លោក លី ចុងហូ (Lee Jong-ho) រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិជ្ជា បាននិយាយថា “យើងសូមរាយការណ៍ជូនសាធារណជនថា ការបាញ់បង្ហោះលើកទីបីនៃរ៉ុក្កែត Nuriដែលបង្កើតឡើងដោយឯករាជ្យដើម្បីធានាបាននូវសមត្ថភាពដឹកជញ្ជូនអវកាសក្នុងស្រុក ត្រូវបានបញ្ចប់ដោយជោគជ័យ”។
លោកបាននិយាយថា ផ្កាយរណបដ៏សំខាន់បានធ្វើទំនាក់ទំនងជាមួយស្ថានីយស្តេចសេជុង (King Sejong) របស់កូរ៉េខាងត្បូងនៅទ្វីបអង់តាក់ទិក ដោយបន្ថែមថាការបាញ់បង្ហោះនេះបានបញ្ជាក់ពី “សក្តានុពលរបស់យើងសម្រាប់សេវាកម្មបាញ់បង្ហោះសម្រាប់ប្រតិបត្តិការផ្កាយរណបផ្សេងៗនិងការរុករកអវកាស”។
លោកលីបានបន្ថែមថា កូរ៉េខាងត្បូងនឹងអនុវត្តការបាញ់បង្ហោះរ៉ុក្កែត Nuriចំនួនបីលើកបន្ថែមទៀតក្នុងឆ្នាំ ២០២៧។
ប្រធានាធិបតីកូរ៉េខាងត្បូងលោក យូន ស៊ុកយ៉ូល បានសាទរចំពោះការបាញ់បង្ហោះរ៉ុក្កែត Nuriដោយនិយាយថា វានឹងផ្តល់ឱ្យប្រទេសនូវឧត្តមភាពប្រកួតប្រជែងខាងអវកាសលើពិភពលោក។
លោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ភាពជោគជ័យនៃការបាញ់បង្ហោះលើកទីបីរបស់រ៉ុក្កែត Nuri គឺជាសមិទ្ធិផលដ៏អស្ចារ្យដែលប្រកាសថាកូរ៉េខាងត្បូងបានចូលរួមជាមួយមហាអំណាចអវកាស G7″៕
រ៉ុក្កែត Nuri បានដាក់ផ្កាយរណបទៅក្នុងគន្លងតារាវិថីដោយជោគជ័យ