ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ស៊ីហ្គេមលើកទី៣២ ជាបេសកកម្មទី១ របស់កម្ពុជា បានបញ្ចប់ហើយ ដោយឡែក អាស៊ានប៉ារ៉ាហ្គេម ជាបេសកកម្មទី២ នៅសល់ពេលតែ ៨ថ្ងៃទៀតប៉ុណ្ណោះ នឹងចាប់ផ្ដើម។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡាអាស៊ាន ប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ (CAMAPGOC) បានមានប្រសាសន៍ថាៈ បេសកកម្ម ទី២ នៃការរៀបចំកីឡាជនពិការអាស៊ាន ឬអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលជា ព្រឹត្តិការណ៍មួយ គេតែងរៀបចំឡើង ដើម្បីលើកកិត្តិយស សមត្ថភាព និងគោរពសិទ្ធិ របស់ជនមានពិការភាព ។
លោកបានបន្ដថាៈ កីឡាអាស៊ានប៉ារ៉ាហ្គេម ដែលកម្ពុជាត្រៀមរៀបចំនេះ គឺបានប្រមូល ធនធានទាំងអស់ ពីស៊ីហ្គេមមកដែរ។ ដូច្នេះអ្វីដែលយើងមានក្នុងស៊ីហ្គេម យើងប្រមែ ប្រមូល និងរក្សាកម្លាំង នៅដដែល គ្រាន់តែផ្លាស់ប្ដូររូបភាព និងភាពពិសេសរបស់ កីឡាករ កីឡាការិនី មានពិការភាព ដែលត្រូវការ ការយកចិត្តទុកដាក់ ជាពិសេស ។
យើងត្រូវតែរុញទិដ្ឋភាព យុទ្ធសាស្ដ្រស្រដៀងគ្នា នៅក្នុងស៊ីហ្គេម ក៏ដូចជា អាស៊ាន ប៉ារ៉ាហ្គេម នេះដែរ គឺៈ ទី១.យើងត្រូវតែធ្វើឲ្យកម្រិត នៃការរៀបចំពិធីបើក-បិទ ឲ្យបានល្អ សមរម្យ ដើម្បីលើកកិត្តិយស ជនមានពិការភាពដូចគ្នា ។ យើងត្រូវខិតខំប្រឹងប្រែង ក្នុងរយៈពេលដ៏ខ្លីនេះ យើងត្រូវបំប្លែងពីស៊ីហ្គេម ឲ្យទៅជាអាស៊ានប៉ារ៉ាហ្គេម ។
ទី២.យើងខិតខំយកចិត្តទុកដាក់ ដោយទទួលបានការណែនាំ ពីលោកបណ្ឌិត ថោង ខុន អនុប្រធានអចិន្ដ្រៃយ៍ CAMAPGOC គឺត្រូវរៀបចំឲ្យបានល្អ អំពីពិធីបើក-បិទ របស់យើង ។ យើងមើលពីអ្វីដែលយើងធ្វើ ឲ្យលើសពីអ្វីដែលយើង រំពឹងទុកដូចគ្នា។ យើងបាន ចេញនូវគំរូជាកម្មវិធី និងជជែកគ្នា ពីកម្រិតបច្ចេក ២-៣ ជំហានរួចហើយ គឺយើងនៅតែ ប្រតិបត្តិការរឿងនេះឲ្យបានល្អ ។ យើងនឹងរៀបចំឲ្យមានលក្ខណៈពិសេស ផ្នែកជនមាន ពិការភាព ។
សូមបញ្ជាក់ថា សម្រាប់ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលកម្ពុជា ធ្វើម្ចាស់ផ្ទះ នឹងចាប់ផ្ដើមពីថ្ងៃទី ៣ ដល់ ៩ ខែមិថុនា ឆ្នាំ២០២៣ ដោយមានកីឡា ១៣ ប្រភេទ ត្រូវបានដាក់ឲ្យធ្វើការប្រកួត លើវិញ្ញាសាជាង ៤០០ រួមមាន កីឡាកីឡាអត្តពលកម្ម, ហែលទឹក, វាយសី, ប៊ូស្យា, អុក, បាល់ទាត់បុរស (៥ម្ខាង និង ៧ម្ខាង) បាល់បោះពិការភ្នែក, យូដូ, លើកទម្ងន់, វាយកូនឃ្លីលើតុ, បាល់ទះអង្គុយ, បាល់បោះជិះរទេះ និងកីឡាអេឡិចត្រូនិក (E-Sports) ។ កាលពីកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១ កម្ពុជា ដណ្ដើមបានមេដាយ សរុប ២៨ គ្រឿង រួមមាន មេដាយមាស ៧ ប្រាក់១០ និងសំរឹទ្ធ ១១ គ្រឿង ។
ពាក់ព័ន្ធការប្រកួតវិញ ក៏បានរៀបចំរួចរាល់ផងដែរ ដោយមានកីឡា ១៣ ប្រភេទ ត្រូវបានដាក់ឲ្យធ្វើការប្រកួតប្រជែង ក្នុងកីឡាអាស៊ានប៉ារ៉ាហ្គេមនេះ ហើយមានជនពិការ ភាព គ្រប់សមាសភាព ចូលរួមលេង តាំងពីពិការផ្នែកចក្ខុ ពិការផ្នែកកាយសម្បទា និងពិការផ្នែកបញ្ញាតិចតួចជាដើម ដែលត្រូវរៀបចំឲ្យមានយុត្តិធម៌ (Fair-Play) បំផុត ក្នុងការប្រកួតកីឡា ជនមានពិការភាពនេះ ។
ចំពោះការរៀបចំសម្រួល ដល់សេវាផ្សេងៗ របស់ជនមានពិការភាព ត្រូវបានយកចិត្តទុក ដាក់ខ្ពស់ និងកាន់តែពិសេស តាំងពីកន្លែងស្នាក់នៅ-ហូបចុក និងរថយន្ដធ្វើដំណើរ ជាដើម ត្រូវមានជម្រាលចុះឡើង ស្របតាមបទបញ្ញត្តិ និងស្ដង់ដារកីឡាជនមាន ពិការភាព ។ មិនតែប៉ុណ្ណោះ ក្រោមកិច្ចសហការជាមួយ បណ្ដាប្រទេសសមាជិក ក៏មានជំនាញការ មកជ្រោមជ្រែងច្រើនផងដែរ ។
ក្រោមការដឹកនាំរបស់លោក យី វាសនា អគ្គលេខាធិការ គណៈកម្មាធិការជាតិប៉ារ៉ា ឡាំពិកកម្ពុជា និងជាអគ្គលេខាធិការរង CAMAPGOC ក៏បានប្រមែប្រមូលធនធានមក ជួយដល់ដំណើរការរៀបចំនេះ ដើម្បីឲ្យទទួលបានជោគជ័យ ជាប្រវត្តិសាស្ដ្រផងដែរ។
លោក វ៉ាត់ ចំរើន បានធ្វើការអំពាវនាវឲ្យមានការគាំទ្រ ការប្រកួតកីឡាអាស៊ានប៉ារ៉ា ហ្គេម ដូចស៊ីហ្គេម អញ្ចឹងដែរ ។ សូមមកទស្សនា យើងមានតែការប្រកួត ក្នុងរាជធានី ភ្នំពេញប៉ុណ្ណោះ ដូចជានៅពហុកីឡដ្ឋានជាតិ មរតកតេជោ, ស្ដាតអូឡាំពិក, មជ្ឈមណ្ឌលកីឡាជនពិការជាតិ តេជោសែន, ស.ស.យ.ក រាជធានីភ្នំពេញ (អគាខេមរានី) និងសាលវិទ្យាល័យភូមិន្ទភ្នំពេញ ។ សូមមានការគាំទ្រដូចគ្នា កុំឲ្យបង្ហាញ ពីការរើសអើង តែត្រូវបង្ហាញពីការចូលរួមគាំទ្រ និងជំរុញលើកទឹកចិត្ត ដើម្បីឲ្យបានលើសពីការរំពឹងទុក ៕ V / N