ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ប្រមុខសហព័ន្ធកីឡាប្រដាល់គុនខ្មែរ លោកឧត្តមសេនីយ៍ឯក តែម ម៉ឺន បានមានប្រសាសន៍ថាៈ ស៊ីហ្គេមលើកទី៣២ កន្លងមកនេះ សហព័ន្ធប្រដាល់គុនខ្មែរ ដណ្ដើមបានមេដាយ លើសពីសន្ទស្សន៍ ដែលគណៈកម្មាធិការជាតិ រៀបចំស៊ីហ្គេម (CAMSOC) ដាក់ឲ្យ។

សហព័ន្ធប្រដាល់គុនខ្មែរ ត្រូវបាន CAMSOC ដាក់សន្ទស្សន៍ឲ្យរកមេដាយមាស ឲ្យបាន ៣ គ្រឿង យ៉ាងតិច។ លោកទទួលស្គាល់ថា វាជាអម្រែកធ្ងន់ដែរ តែសហព័ន្ធ បានរៀបចំ ផែនការហ្វឹកហាត់របស់អ្នកប្រដាល់គុនខ្មែរ បានយ៉ាងល្អ ជារួមជាមួយនឹងការប្ដេជ្ញាចិត្ត របស់កីឡាករ កីឡាការិនីទៀតផង ទើបទទួលបានជោគជ័យ ខ្លាំងបែបនេះ។

ក្នុងចំណោម មេដាយមាស ចំនួន ៨១ គ្រឿង ដែលកម្ពុជា ទទួលបានពីស៊ីហ្គេមនោះ ប្រដាល់គុនខ្មែរ រកបានមេដាយមាស ចំនួន ១៤ គ្រឿង មេដាយប្រាក់ចំនួន ៣ គ្រឿង និងសំរិទ្ធ ២គ្រឿង។ ដោយឡែក សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា ឈរលំដាប់លេខ២ ដណ្តើមមេដាយមាស ១០ គ្រឿង មេដាយប្រាក់ ៨ គ្រឿង និងមេដាយសំរិទ្ធ ៩ គ្រឿង សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា ដណ្តើមមេដាយមាស ៨ គ្រឿង មេដាយប្រាក់ ៧ គ្រឿង និងមេដាយសំរិទ្ធ ៣ គ្រឿង និងសហព័ន្ធកីឡាឃីកបុកស៊ីង កម្ពុជាដណ្តើម មេដាយមាស ៦ គ្រឿង មេដាយប្រាក់ ១ គ្រឿង និងមេដាយសំរិទ្ធ ៦ គ្រឿង។

ជាមួយនឹងជោគជ័យ ក្នុងស៊ីហ្គេម ប្រដាល់គុនខ្មែរ ត្រូវបានសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ដាក់បញ្ចូលទៅក្នុងធម្មនុញ្ញរបស់ខ្លួន ដែលនេះមានន័យថា ទោះស៊ីហ្គេម ធ្វើនៅប្រទេស ណា ក៏គុនខ្មែរ អាចបញ្ជូលទៅក្នុងកម្មវិធីប្រកួត បានដែរ៕ V / N