​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ រុស្ស៊ី​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៥​ឧសភា​ថា ខ្លួន​បាន​បញ្ជូន​យន្តហោះ​ចម្បាំង​ទៅ​បញ្ឈប់​យន្តហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ត្រ​របស់​អាម៉េរិក​ពីរ​គ្រឿង​កុំឱ្យ “​រំលោភ​ព្រំដែន​រដ្ឋ​” លើ​សមុទ្រ​បាល់​ទិក ដែល​ជា​ឧបទ្ទវហេតុ​លើក​ទី​ពីរ​ក្នុង​សប្តាហ៍​នេះ​។​

​ក្រសួងការពារជាតិ​រុស្ស៊ី​បាន​និយាយថា ខ្លួន​បាន​បញ្ជូន​យន្តហោះ​ចម្បាំង Su-27​និង Su-35​ទៅ​ប្រដេញ ដោយ​និយាយថា ខ្លួន​បាន​កំណត់​អត្តសញ្ញាណ​”​គោលដៅ​អាកាស​នោះ​ជា​យន្តហោះ​ទម្លាក់​គ្រាប់​​បែក​យុទ្ធសាស្ត្រ B-1B ពីរ​គ្រឿង​របស់​កងទ័ព​អាកាស​អាម៉េរិក​”​។​

​គោលការណ៍​ជា​មូលដ្ឋាន​នៃ​ច្បាប់​អាកាស​អន្តរជាតិ​គឺ​ថា គ្រប់​រដ្ឋ​ទាំងអស់​មាន​អធិបតេយ្យភាព​ពេញលេញ​និង​ផ្តាច់មុខ​លើ​ដែនអាកាស​ពី​លើ​ទឹកដី​របស់​ខ្លួន រួមទាំង​ដែនសមុទ្រ​របស់ខ្លួន នេះ​បើ​យោង​​តាម​អង្គការ​អាកាសចរណ៍​ស៊ីវិល​អន្តរជាតិ​។​

​ក្រសួង​ការពារជាតិ​បាន​និយាយថា “​ការរំលោភ​ព្រំដែន​រដ្ឋ​ត្រូវ​បាន​ទប់ស្កាត់​។ យន្តហោះ​រុស្ស៊ី​បាន​ត្រឡប់​ទៅ​មូលដ្ឋាន​អាកាស​របស់​ខ្លួន​វិញ​ដោយ​សុវត្ថិភាព​”​។​

​ក្រសួង​បាន​បន្ថែមថា ការហោះហើរ​នេះ​ត្រូវបាន​អនុវត្ត​ដោយ​អនុលោម​តាម​ច្បាប់​អន្តរជាតិ​យ៉ាង​តឹងរ៉ឹង​សម្រាប់​ការប្រើប្រាស់​ដែន​អាកាស​។​

​វា​គឺជា​ឧបទ្ទវហេតុ​ស្រដៀង​គ្នា​ជា​បន្តបន្ទាប់​ចុងក្រោយបង្អស់ ដោយ​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​និយាយថា ខ្លួន​បាន​ស្ទាក់​យន្តហោះ​លោកខាងលិច​ជា​ច្រើន​គ្រឿង​នៅ​ជិត​សមុទ្រ​បាល់​ទិក​ក្នុង​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ​។​

​ទន្ទឹមនេះដែរ ជប៉ុន​បាន​និយាយថា ខ្លួន​បាន​បញ្ជូន​យន្តហោះ​ចម្បាំង​ចេញ​ស្ទាក់ បន្ទាប់​ពី​បាន​រក​ឃើញ​យន្តហោះ “​ស៊ើប​ការណ៍​” របស់​រុស្ស៊ី​នៅក្បែរ​ឆ្នេរសមុទ្រ​របស់​ខ្លួន​តា​ម​បណ្តោយ​មហាសមុទ្រ​ប៉ាស៊ីហ្វិក​​និង​សមុទ្រ​ជប៉ុន​។​

​ជប៉ុន​ក៏​បញ្ជូន​យន្តហោះ​ស្ទាក់​យន្តហោះ​ស៊ើបការណ៍​របស់​រុស្ស៊ី​នៅ​ជិត​ដែនអាកាស​ជប៉ុន​ផងដែរ

​ការិយាល័យ​សេនាធិការ​របស់​ក្រសួង​ការពារជាតិ​ជប៉ុន​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ខ្លី​មួយ​ថា យន្តហោះ​រុស្ស៊ី​មួយ​គ្រឿង​បាន​ធ្វើដំណើរ​ពី​ភាគ​ខាងជើង​របស់​ជប៉ុន​ចុះ​មក​តាម​បណ្តោយ​ឆ្នេរសមុទ្រ​ភាគ​ខាងលិច​របស់ខ្លួន ខណៈ​យន្តហោះ​ផ្សេងទៀត​បាន​ធ្វើដំណើរ​ដូច​គ្នា​នៅ​តាម​បណ្តោយ​ឆ្នេរ​សមុទ្រ​ទល់មុខ​នោះ ហើយ​ត្រឡប់​ទៅ​វិញ​តាម​របៀប​ដូចគ្នា​។​

​ការិយាល័យ​នេះ​បាន​បន្ថែមថា “​ជា​ការឆ្លើយតប យន្តហោះ​ចម្បាំង​នៃ​កងកម្លាំង​ស្វ័យការពារ​ដែនអាកាស​នៃ​កងកម្លាំង​ការពារ​អាកា​សភាគ​ខាងជើង និង​អង្គភាព​ផ្សេងទៀត​បាន​ចេញ​ស្ទាក់​”៕

​រុស្ស៊ី​បញ្ជូន​យន្តហោះ​ចម្បាំង​ស្ទាក់​យន្តហោះ B-1B ពីរ​គ្រឿង​របស់​កងទ័ព​អាកាស​អាម៉េរិក