ប្រែសម្រួលៈបំណង(បាងកកប៉ុស្តិ៍)៖ ការបែកបាក់កំពុងរីកធំរវាងគណបក្សឈ្នះឆ្នោតលំដាប់ទីមួយ កាវក្លៃ(MFP)និងគណបក្សទទួលបានអាសនៈលំដាប់ទីពីរ ភឿថៃ នៅពេលពួកគេកំពុងប្រជែងគ្នាយកតំណែងប្រធានសភា។
អនុប្រធានគណបក្សកាវក្លៃ លោកស្រី ស៊ីរិកាន់យ៉ា តាន់សាគុនកាលពីថ្ងៃព្រហស្បតិ៍បាននិយាយថា ជំហររបស់គណបក្សរបស់លោកស្រីមិនផ្លាស់ប្តូរទេគឺកាវក្លៃកាន់តំណែងប្រធានសភា។«ក្រៅពីកាន់កាប់ផ្នែកប្រតិបត្តិទៅ គណបក្សក៏ត្រូវការគ្រប់គ្រងផ្នែកនិតិបញ្ញត្តិដើម្បីជំរុញពង្រាងច្បាប់ចំនួន៤៥និងច្បាប់ដទៃទៀតដែលស្នើឡើងដោយដៃគូក្នុងក្រុមចំរុះ ដូចការសន្យាក្នុងអំឡុងពេលឃោសនារកសម្លេងឆ្នោតរបស់គេ»។
អនុប្រធានគណបក្សកាវក្លៃ លោកស្រី ស៊ីរិកាន់យ៉ា តាន់សាគុន
បើកាវក្លៃ កាន់តំណែងប្រធានសភា លោកស្រីអនុប្រធានបក្សបាននិយាយថា លោកស្រីមានជំនឿថាគណបក្សអាចបន្តអនុវត្តរបៀបវារៈមួយ ដែលរួមមានការកែទំរង់របបរាជានិយមផង។វាក៏នឹងបើកផ្លូវសំរាប់ការតាក់តែងរដ្ឋធម្មនុញ្ញថៃមួយឡើងវិញ ដែលជាអាទិភាពមួយនៅក្នុងអនុស្សរណៈនៃការយោគយល់គ្នា(MoU)ក្នុងចំណោមដៃគូប្រាំបីគណបក្ស។
សូមរំលឹកថាគណបក្សកាវក្លៃ(MFP)រួមជាមួយភឿថៃនិងគណបក្សតូចជាងចំនួនប្រាំមួយទៀតកាលពីថ្ងៃចន្ទបានចុះMoUដើម្បីធ្វើជាមាគ៌ានាំផ្លូវសំរាប់គោលនយោបាយរបស់រដ្ឋាភិបាលដែលក្រុមចម្រុះនេះគ្រោងបង្កើតឡើង។
លោកស្រី ស៊ីរិកាន់យ៉ា បានច្រានចោលការព្រួយបារម្ភថា ការបែកបាក់អំពីតំណែងប្រធានសភានេះអាចនាំអោយបក្សភឿថៃដកខ្លួនចេញពីក្រុមចម្រុះហើយធានាថា «MFPនឹងមិនចាក់ដៃគូពីក្រោយខ្នងឡើយហើយស្វាគមន៍រាល់ការពិភាក្សាគ្នាលើបញ្ហាទាំងអស់»។
កាលពីថ្ងៃអង្គារអគ្គលេខារបស់MFPក៏បានបញ្ជាក់ថាមុខតំណែងប្រធានសភាជាអ្វីមួយដែលMFPមិនត្រូវបាត់បង់។
ចំណែកប្រធានភឿថៃលោក ឆុលណាន់ ស្រ៊ីកែវ(Cholnan Srikaew)បានរិះគន់ការលើកឡើងរបស់អគ្គលេខាបក្សMFPដោយថាវាជាការដាក់សម្ពាធលើដៃគូក្នុងក្រុមចម្រុះ។ចំណែកអនុប្រធានភឿថៃបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ភឿថៃកំពុងចរចាអំពីមុខតំណែងនេះ។
មុខតំណែងប្រធានសភាសំខាន់ក្នុងនយោបាយថៃ ពីព្រោះក្រៅពីដឹកនាំកិច្ចប្រជុំសភានិងពិនិត្យមើលរបៀបវារៈកិច្ចប្រជុំ ប្រធានសភាមានសិទ្ធិបញ្ជូនឈ្មោះបេក្ខជននាយករដ្ឋមន្ត្រីដែលសភាជ្រើសរើសរួចទៅអោយព្រះមហាក្សត្រអនុម័ត៕
ប្រធានភឿថៃលោក ឆុលណាន់ ស្រ៊ីកែវ