ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ខ្សែប្រយុទ្ធ Manchester United កីឡាករអានថូនី (Antony) ត្រូវបានសែងចេញពីទីលាន បន្ទាប់ពីរងរបួសក្នុងអំឡុងការប្រកួត Premier League ពាក់កណ្តាលសប្តាហ៍របស់ក្រុមបិសាចក្រហមជាមួយនឹងក្រុមតោខៀវ Chelsea កាលពីថ្ងៃព្រហស្បតិ៍។
កីឡាករអន្តរជាតិប្រេស៊ីលរូបនេះមើលទៅឈឺចាប់យ៉ាងខ្លាំង ខណៈរូបគេចាកចេញពីទីលាន Old Trafford នៅនាទីទី ២៩ដោយបង្កើនការព្រួយបារម្ភអំពីលទ្ធភាពរូបគេអាចលេងបានសម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ FA Cupជាមួយក្រុម Manchester City នៅថ្ងៃទី ៣ ខែមិថុនា។
លោក អេរិក ធិនហាក់ (Erik ten Hag) អ្នកចាត់ការទូទៅរបស់ United បាននិយាយថា “ខ្ញុំអាចប្រាប់អ្នកថា វាធ្ងន់ធ្ងរ ប៉ុន្តែយើងត្រូវរង់ចាំយ៉ាងហោចណាស់ ២៤ ម៉ោងហើយបន្ទាប់មកយើងនឹងដឹងបន្ថែមអំពីស្ថានភាពរបួសរបស់គេ”។
អានថូនី ដែលមានតម្លៃ ៩៥ លានដុល្លារទិញពី Ajax កាលពីរដូវក្តៅឆ្នាំមុន បានយកដៃខ្ទប់មុខ ខណៈរូបគេត្រូវបានសែងចេញ ហើយលោកធិនហាក់បានលួងរូបគេ ដោយយកដៃទះលើពោះមុនពេលរូបគេត្រូវបាននាំទៅកាន់បន្ទប់ចាក់សោ។
ភ្លាមៗនោះ គេមិនទាន់ដឹងច្បាស់ថាតើផ្នែកមួយណានៃរាងកាយរបស់អានថូនីបានរងរបួសនោះទេ ប៉ុន្តែរូបគេបានដួល បន្ទាប់ពីការប្រជែងយកបាល់ពីខ្សែការពារ ត្រេវ៉ូ ឆាឡូបា (Trevoh Chalobah) របស់ Chelsea ហើយត្រូវបានជំនួសដោយកីឡាករ ម៉ាកូស រ៉ាស្វត (Marcus Rashford)។
United នឹងមិនមានវត្តមានរបស់កីឡាករ លីសានដ្រូ ម៉ាទីណេស (Lisandro Martinez) និង ម៉ាសែល សាប៊ីតហ្សឺ (Marcel Sabitzer) សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត FA Cup។ លូក ស (Luke Shaw) ក៏ស្ថិតក្នុងមន្ទិលដែរ បន្ទាប់ពីប្តូរចេញនៅតង់ទីមួយក្នុងជ័យជម្នះ ៤-១ លើ Chelsea ដែលធានាកៅអី Champions League សម្រាប់ Man U៕
អានថូនីរងរបួសធ្ងន់ពេលប្រកួតជាមួយ Chelsea យប់មិញ