ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ រុស្ស៊ីនឹងធ្វើការវាយប្រហារដោយប្រើសព្វាវុធនុយគ្លេអ៊ែរជាការបង្ការទុកមុន បើសិនជាលោកខាងលិចផ្តល់សព្វាវុធនុយគ្លេអ៊េរដល់អ៊ុយក្រែន នេះបើតាមការព្រមានពីលោក ឌីមីទ្រី ម៉េតវ៉េដេវ ដែលជាជំនួយការជិតដិតបំផុតរបស់ប្រធានាធិបតីពូទីន និងជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៊ី។
ម៉េតវ៉េដេវ ដែលធ្លាប់ជាប្រធានាធិបតីរុស្ស៊ី បាននិយាយថា លោកខាងលិចខកខានក្នុងការយល់អំពីចេតនារបស់លោកពូទីនក្នុងការនាំមហន្តរាយនុយគ្លេអ៊ែរ។លោកក៏បានព្រមានថា សង្គ្រាមអ៊ុយក្រែនអាចប្រើពេលរាប់ទសវត្សរ៍ ដោយការប្រយុទ្ធគ្នាអូសបន្លាយខណ្ឌដោយបទឈប់បាញ់។
លោកថា សង្គ្រាមនេះកាន់តែរាលដាលដល់ថ្នាក់អ៊ុយក្រែនទទួលបានយន្តហោះចម្បាំង ដូចជាF-16ផលិតនៅអាម៉េរិក និងអាចថែមទាំង«សព្វាវុធនុយគ្លេអ៊ែរ»។
ក្នុងអំឡុងពេលធ្វើទស្សនកិច្ចវៀតណាមនៅសប្តាហ៍នេះ លោកបាននិយាយថា«មានច្បាប់សង្គ្រាមខ្លះដោយចៀសមិនផុត ។បើវាដល់ថ្នាក់បញ្ជូនសព្វាវុធនយគ្លេអ៊ែរទៅអោយអ៊ុយក្រែន ការវាយប្រហារបង្ការទុកមុននឹងត្រូវធ្វើឡើង»។
ឌីមីទ្រី ម៉េតវ៉េដេវ ៖ រុស្ស៊ីនឹងធ្វើការវាយប្រហារនុយគ្លេអ៊ែរបង្ការទុកមុន បើលោកខាងលិចផ្តល់សព្វាវុធនុយគ្លេអ៊ែរដល់អ៊ុយក្រែន
បើតាមលោក ម៉េតវ៉េដេវ លោកខាងលិចនៅតែមិនយល់រឿងនេះ និងនៅតែជឿទាំងខុសថា លោកពូទីននឹងមិនកេះកៃបាញ់គ្រាប់នុយគ្លេអ៊ែរឡើយ។លោកបានគំរាមថា «ខ្ញុំចង់និយាយថា កាំជ្រួចជាមួយនឹងក្បាលគ្រាប់នុយគ្លេអ៊ែរនឹងហោះទៅរកពួកគេ»។
ក្នុងពេលជាមួយគ្នា លោកម៉េតវ៉េដេវ បាននិយាយថា រដ្ឋាភិបាលវិមានក្រឹមឡាំង«ខ្លាចតែមនុស្សវិកលចរិតម្នាក់»ជាប់ឆ្នោតនៅសេតវិមាន ដោយទំនងជាចង់សំដៅទៅរកការជាប់ឆ្នោតអាណត្តិទីពីរសំរាប់លោក ចូ បៃដិន។លោកបានបន្តថា «តាមប្រវត្តិសាស្ត្រ រុស្ស៊ីតែងតែងាយធ្វើការជាមួយពួកសាធារណរដ្ឋជាង»។ លោកបាននិយាយថា បេក្ខជនសាធារណរដ្ឋឈានមុខ ដូណាល់ ត្រាំ ជា«មនុស្សល្អម្នាក់ តែកំសាកបន្តិច»។
អតីតប្រធានាធិបតីរុស្ស៊ីរូបនេះបានអះអាងថា អ៊ុយក្រែននឹងដួលរលំ ដោយសារផលវិបាកចេញពីបរាជ័យក្នុងសង្គ្រាម៕