ដោយៈ ភ្នំខៀវ / បាត់ដំបងៈ ក្រុមហ៊ុនឡេងណាវ៉ាត្រា ជាក្រុមហ៊ុនល្បីឈ្មោះមួយ ក្នុងប្រទេស បានផ្តល់ប័ណ្ណកម្មសិទ្ធិ ស្របច្បាប់ជាង ១០.០០០ ប្លង់ ជូនដល់ប្រជាពលរដ្ឋក្រីក្រ ឲ្យមានលំនៅដ្ឋានច្បាស់លាស់ និងមានលទ្ធភាពដាំដុះ ដំណាំ ប្រើប្រាស់សិទ្ធិនានា លើកកម្ពស់សេដ្ឋកិច្ចក្នុងគ្រួសារ។
លោកឧកញ៉ា ឡេង ណាវ៉ាត់ត្រា អគ្គនាយកក្រុមហ៊ុនឡេងណាវ៉ាត់ត្រា នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ នេះ បានលើកឡើងថាៈ មិនមានជោគជ័យ ឬការអភិវឌ្ឍន៍ណា ដោយមានសន្តិភាព ជាមូលដ្ឋានគ្រឹះនោះឡើយ ដូចនេះ មានជាយុវជន អ្នកជំនាន់ក្រោយ ត្រូវចូលរួមប្រឹងប្រែង រក្សាការពារឲ្យខានតែបាន នូវសន្តិភាពឲ្យបាន ស្ថិតស្ថេរគង់វង្ស ព្រោះអ្នកជំនាន់ មុនបានប្រឹងប្រែង និងលះបង់សាច់ស្រស់ ឈាមស្រស់ គ្រប់បែបយ៉ាង ក្នុងការប្តូរបានមកវិញនូវសន្តិភាព។
លោកឧកញ៉ា បានបន្តថាៈ ពេលវេលាដែលមានការលំបាក ក្នុងគ្រាមួយ វាក៏ជាឱកាសល្អ សម្រាប់យើងគ្រប់គ្នាផងដែរ ក្នុងការឆក់យកឱកាសនោះ ដើម្បីទទួលបានផលចំណេញ នៅពេលក្រោយ។
ការផ្តល់ប័ណ្ណសិទ្ធិស្របច្បាប់ ជាង ១០.០០០ ប័ណ្ណ នៅថ្ងៃនេះ និងនៅថ្ងៃខាងមុខ គឺជាបង្កលក្ខណៈឲ្យបងប្អូន ប្រជាពលរដ្ឋក្រីក្រទូទៅ ពិសេសពលរដ្ឋ ដែលមិនមានដីធ្លី មានប្លង់រឹង ឲ្យមានលទ្ធភាព ក្នុងការប្រើប្រាស់ដីទាំងនោះ តាមតម្រូវការ សំដៅពង្រឹង ការធ្វើអាជីវកម្មផ្សេងៗ ឲ្យបានរីកលូតលាស់ទៅមុខ។
លើសពីនេះទៀត ក្រុមហ៊ុន ក៏មានចក្ខុវិស័យ លើកកម្ពស់សក្តានុពលទេសចរណ៍ បន្ថែមមួយផ្នែកទៀតដែរ នៅក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ឈានទៅកាន់ការស្រូប យកនូវភ្លៀវទេសចរជាតិ អន្តរជាតិ ឲ្យកាន់តែច្រើនឡើង៕ V / N