ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ តបតាមការសូមយាងរបស់លោកជំទាវ ដ្រៅផាឌី មួរមូ (Droupadi Murmu) ប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌា ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នឹងយាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ នៅសាធារណរដ្ឋឥណ្ឌា ពីថ្ងៃទី ២៩ ដល់ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០២៣ ខណៈប្រជាជាតិទាំងពីរ កំពុងអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូត។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបន្តថា ក្នុងអំឡុងពេលនៃព្រះរាជ ទស្សនកិច្ចនេះ លោកជំទាវ ដ្រៅផាឌី មួរមូ ប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌា និងឯកឧត្ដម ណារិនដ្រា ម៉ូឌី (Narendra Modi) នាយករដ្ឋមន្រ្ដី នៃសាធារណរដ្ឋ ឥណ្ឌា នឹងទទួលរៀបចំព្រះរាជពិធីសវនាការថ្វាយ ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ដែលក្នុងឱកាសនោះ កិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី នឹងត្រូវលើកយកមកពិភាក្សា។

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី សព្វព្រះរាជហឫទ័យ ព្រះបរមរាជានុញ្ញាត ជូនឯកឧត្ដម ច៉ាកឌីប ដាន់ខា (Jagdeep Dhankhar) អនុប្រធានាធិបតី និងឯកឧត្ដមបណ្ឌិត ស៊ូប្រាម៉ាន់យ៉ាំ ចៃហ្សានកា (Subrahmanyam Jaishankar) រដ្ឋមន្រ្ដីការបរទេស ចូលក្រាបបង្គំគាល់ និងសវនាការ។

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នឹងយាងដាក់កម្រងផ្កាគោរព វិញ្ញាណក្ខន្ធ នៅមណ្ឌប Mahatma Gandhi។ លោកជំទាវ ដ្រៅផាឌី មួរមូ ប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌា នឹងរៀបចំព្រះរាជពិធី លៀងសាយភោជន៍ផ្លូវរដ្ឋ ថ្វាយព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត។

ព្រះរាជទស្សនកិច្ចផ្លូវរដ្ឋរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នៅសាធារណរដ្ឋឥណ្ឌា គឺជាព្រឹត្តិការណ៍ ដ៏មានសារសំខាន់មួយ ក្នុងទំនាក់ទំនងដ៏ យូរអង្វែង រវាងប្រទេសទាំងពីរ ព្រមទាំងរួមចំណែកក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅ នូវចំណងមិត្តភាពដ៏ប្រសើរ និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ ដែលចាក់ឫសយ៉ាងជ្រៅ នៅក្នុងបេតិកភណ្ឌវប្បធម៌ សាសនា និងប្រវត្តិសាស្ត្ររួម ដើម្បីជាប្រយោជន៍ ទៅវិញទៅមក សម្រាប់ប្រជាជនទាំងពីរ៕ V / N