​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​បាល់ទាត់​) ៖ ការប្រកួត English Premier League នឹង​ឈាន​ដល់​ជុំ​ចុងក្រោយ​នៅ​ថ្ងៃអាទិត្យ​នេះ ដោយ​ក្រុម​ជើងឯក​ត្រូវបាន​រកឃើញ​ហើយ​គឺ Man City ដោយឡែក ២ ក្រុម​ទៀត​ដែល​ត្រូវ​កាត់ចោល នៅ​មិន​ទាន់​រកឃើញ​ទេ គឺ​រវាង Everton, Leeds និង Leicester ខណៈ Southampton បាន​ធ្លាក់​ទៅ​ក្របខ័ណ្ឌ Championship រួចទៅហើយ​។

​ការព្យាករណ៍ ៖

– Everton vs Bournemouth

* Bournemouth បានឈ្នះ​ការជួបគ្នា ៤ លើកចុងក្រោយ​ជាមួយនឹង Everton ។​
* Everton យក​បាន​ត្រឹមតែ​១​ពិន្ទុ​ប៉ុណ្ណោះ​ពី​ការប្រកួត​ក្នុងផ្ទះ​ចំនួន​៤​លើកចុងក្រោយ​។​
* Bournemouth បានឈ្នះ ៣ លើក​ពី​ការប្រកួត​ក្រៅ​ដី ៤ លើកចុងក្រោយ​។​

Everton ប្រឈម​មុខ​នឹង​លទ្ធភាព​ពិតប្រាកដ​ក្នុងការ​ធ្លាក់​ចេញពី​ក្របខ័ណ្ឌ​កំពូល​ជា​លើកដំបូង​ចាប់តាំងពី​ឆ្នាំ ១៩៥៤ ប៉ុន្តែ​ការទទួល​ជ័យជម្នះ​លើ​ក្រុម Bournemouth នៅ​ថ្ងៃអាទិត្យ​នឹង​គ្រប់គ្រាន់​ដើម្បី​ធានា​ការរស់រានមានជីវិត ទោះបីជា​អ្វីៗ​អាច​មិន​ដំណើរការ​ដោយ​រលូន​សម្រាប់​ក្រុម​ស្ករ​គ្រាប់​ដែល​កំពុង​ធ្លាក់​ជើង​ក៏ដោយ​។​

​ការ​មក​លេង​ចុងក្រោយ​របស់ Bournemouth ទៅកាន់​ទឹកដី Goodison Park គឺ​នៅ​ថ្ងៃ​ចុងក្រោយ​នៃ​រដូវ​កាល Premier League ២០១៩/២០ នៅពេលដែល Bournemouth ឈ្នះ ៣-១ តែ​មិន​អាច​គេចផុត​ពី​ការធ្លាក់​។ ទោះយ៉ាងណា លើក​នេះ​តួនាទី​ត្រូវ​បាន​ប្តូរ​គ្នា​។​

​ក្រុម​របស់​លោក Gary O’Neil ដែល​គេ​ទាយ​តាំងពី​មុន​រដូវ​កាល​ថា​នឹង​ធ្លាក់​នោះ បាន​ធានា​សុវត្ថិភាព​រួចទៅហើយ ហើយ​ឥឡូវនេះ​កំពុង​សម្លឹង​បញ្ចប់​រដូវ​កាល​ជាមួយនឹង​ជ័យជម្នះ​។​

​អ្នកគាំទ្រ​ម្ចាស់ផ្ទះ​មិនសូវ​បាន​អបអរ​ជ័យជម្នះ​ច្រើន​ទេ​ក្នុង​រដូវ​កាល​នេះ ហើយ​ឈានដល់​ថ្ងៃ​ចុងក្រោយ​នៃ​រដូវ​កាល​ទទួលបាន​ត្រឹម​១​ពិន្ទុ​ពី​ការប្រកួត​ក្នុងផ្ទះ​៤​លើកចុងក្រោយ ដោយ​ការ​ចាញ់​៣​លើ​ក​ជាប់ៗ​គ្នា​បាន​ធ្វើឱ្យ​ពួកគេ​របូត​១០​គ្រាប់​។​

​ពួកគេ​បាន​ឈ្នះ​តែ​៣​ប្រកួត​ក្នុងផ្ទះ​ប៉ុណ្ណោះ​ចាប់តាំងពី​ឈាន​ចូល​ឆ្នាំ​២០២៣ ហើយ​ឥឡូវនេះ​ត្រូវ​ជួប​ក្រុម Bournemouth ដែល​បាន​ឈ្នះ​៣​ក្នុងចំណោម​ការប្រកួត​ក្រៅ​ដី​៤​លើកចុងក្រោយ​។​

​កាន់តែ​អាក្រក់​ទៀត​នោះ Everton មាន​កំណត់ត្រា​អន់​ទល់នឹង Bournemouth​។ ពួកគេ​បាន​ចាញ់​ក្នុង​ការជួបគ្នា​៤​លើកចុងក្រោយ​រវាង​ក្រុម​ទាំងពីរ ហើយ​ឈ្នះ​តែ​ម្តង​គត់​ក្នុង​ការជួបគ្នា​៧​លើក​ចុងក្រោយ​របស់​ពួកគេ​។ ខណៈ​ក្រុម Everton កាន់តែ​ដុនដាប ក្រុម Bournemouth មើល​ទៅ​កាន់តែ​មាន​ឱកាស​ឈ្នះ​ខ្ពស់ជាង​ថ្ងៃនេះ​។​

Everton បាន​របូត ១១ គ្រាប់​ក្នុង ៤ ប្រកួត​ចាប់តាំងពី​ការ​ឈ្នះ​ក្នុងផ្ទះ​ចុងក្រោយ​របស់​ពួកគេ ហើយ Bournemouth បានឈ្នះ ៣ នៃ​ការប្រកួត​ក្រៅ​ដី ៤ លើក​ចុងក្រោយ​របស់​ពួកគេ ដូច្នេះ​តាម​ការ​ទស្សនទាយ Bournemouth យ៉ាង​អន់​ណាស់​ក៏​អាច​យកឈ្នះ​បាន ២-១ ដែរ​។​

– Leeds vs Tottenham

* គ្រាប់​បាល់​លើស ២,៥ បាន​កើតឡើង ១១ ដង​នៃ​ការប្រកួត ១២ លើក​ចុងក្រោយ​របស់ Leeds ។​
* គ្រាប់​បាល់​លើស ២,៥ បាន​កើតឡើង ៧ ដង​នៃ​ការប្រកួត ៨ លើក​ចុងក្រោយ​របស់ Spurs​។​
* Harry Kane រកបាន ១១ គ្រាប់​ក្នុងចំណោម ១៣ ប្រកួត​ចុងក្រោយ​របស់​គេ​សម្រាប់​ក្លិប​និង​ប្រទេស​។​

​បរាជ័យ​ក្នុង​លទ្ធផល ៣-១ នៅ​ទឹកដី West Ham កាលពី​ចុង​សប្តាហ៍​មុន បាន​ធ្វើឱ្យ​ក្រុម Leeds រកកល់​នឹង​ធ្លាក់ ហើយ​ពួកគេ​ត្រូវការ​រឿង​អព្ភូតហេតុ​ដើម្បី​គេចចេញ​ពី​តំបន់​កាត់​ចោល​នៅ​ថ្ងៃ​ចុងក្រោយ​នៃ​រដូវ​កាល​។​

​ក្រុម​ក្ងោក​ស​ឈរ​នៅ​លេខ​រៀង​ទី ១៩ ក្នុង​តារាង ហើយ​មិន​ត្រឹម​តែ​ត្រូវ​យក​ឈ្នះ​លើ Spurs នៅ​ថ្ងៃអាទិត្យ​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ត្រូវ​បន់​ឱ្យ Everton និង Leicester ចាញ់​ផងដែរ​។ ប្រសិនបើ Everton ស្មើ នោះ Leeds ត្រូវការ​ឈ្នះ​ដាច់​៣​គ្រាប់ ដើម្បី​ផ្ដួល​គូប្រជែង​ដោយ​គិត​លើ​គម្លាត​គ្រាប់​បាល់​។​

​ទោះយ៉ាងណា ថ្ងៃនេះ​ពួកគេ​ត្រូវ​តែ​ឈ្នះ​ជាដាច់ខាត​។ បរាជ័យ​នៅ​ទឹកដី​ក្រុម West Ham បាន​ធ្វើឱ្យ​ពួកគេ​មាន ២ ពិន្ទុ​ពី​ការប្រកួត​លី​ក​ចំនួន ៨ លើកចុងក្រោយ ហើយ​ពួកគេ​បាន​របូត​គ្រាប់​បាល់​រហូតដល់​ទៅ ២៥ គ្រាប់​ក្នុង​អំឡុងពេល​នោះ តែ​ពួកគេ​ក៏​រក​គ្រាប់​បាល់​បាន​រហូត​ផងដែរ​ក្នុង​១២​ប្រកួត​ចុងក្រោយ​។​

Tottenham ក៏​មិនសូវ​លេង​ល្អ​នោះដែរ ដោយ​ចាញ់ Brentford ៣-១ ក្នុង​ការប្រកួត​ចុងក្រោយ ដែល​ធ្វើឱ្យ​ពួកគេ​ឈរ​នៅ​លេខ​រៀង​ទី​៨​ក្នុង​តារាង និង​មិន​អាច​ប្រជែង​យក​កៅអី Europa League បានទេ​។ ពួកគេ​នៅ​សល់​តែ​ឱកាស​ដណ្តើម​កៅអី Europa Conference League ដូច្នេះ​ពួកគេ​នឹង​មិន​ចង់​ជ្រុះ​ពិន្ទុ​នៅ​ទឹកដី Elland Road នោះទេ​។​

​ក្រុម​មាន់​ខ្នាយ​មាស​បាន​ចាញ់ ៣ ប្រកួត​ក្នុងចំណោម ៤ ប្រកួត​ចុងក្រោយ​របស់​ពួកគេ ហើយ​បាន​របូត​គ្រាប់​បាល់ ៩ គ្រាប់​នៅ​ក្នុង​អំឡុងពេល​នោះ ប៉ុន្តែ​ពួកគេ​ក៏​ស៊ុត​ចូល​ទី​បាន​រហូត​ដែរ​ក្នុង​ការប្រកួត ១១ លើកចុងក្រោយ ដោយ​ស៊ុត​ចូល​សរុប​ចំនួន ២០ គ្រាប់​។​

​ដោយ Leeds និង Spurs ចង់​ឈ្នះ​ដូចគ្នា ដូច្នេះ​លទ្ធភាព​ស្មើ​គឺមាន​ច្រើន​។ លទ្ធផល​ទស្សនទាយ ២-២​។​

– Leicester City vs West Ham

* Leicester ឈ្នះ​តែ​១​ប្រកួត​គត់​ក្នុង​ចំណោម​ការប្រកួត ១៦ លើកចុងក្រោយ​។​
* West Ham បានឈ្នះ ៤ លើក​ក្នុងចំណោម ៥ លើក​ចុងក្រោយ​របស់​ពួកគេ រួម​ទាំង​ការទទួល​ជ័យជម្នះ ១-០ ចំនួន​ពីរ​ដង​។​
* ក្រុម​កញ្ជ្រោង​អាច​ស៊ុត​ចេញ​ត្រឹមតែ ៥ ជើង​និង​មិន​រក​បាន​គ្រាប់​បាល់​ទេ​ក្នុង​២​ប្រកួត​ចុងក្រោយ​របស់​ពួកគេ​។​

Leicester ត្រូវការ​សំណាង​ពី​ការប្រកួត​នៅ​កន្លែង​ផ្សេង ប្រសិនបើ​ពួក​គេ​ចង់​គេច​ពី​ការ​កាត់ចោល​ពី Premier League ប៉ុន្តែ​មិន​មាន​ការធានា​ថា​ពួកគេ​អាច​ឈ្នះ​ការប្រកួត​ថ្ងៃនេះ​ទេ បន្ទាប់​ពី​ទម្រង់​លេង​ធ្លាក់ចុះ​ដុនដាប​ហៅ​លែង​ឮ​។​

​ក្រុម​កញ្ជ្រោង​មិនដែល​ឈ្នះ​សោះ​ក្នុង​ការប្រកួត ៥ លើក​ចុងក្រោយ​របស់​ពួកគេ​រហូត​ឈានដល់​ថ្ងៃ​ចុងក្រោយ​នៃ​រដូវ​កាល ប៉ុន្តែ​ហាក់​សុំ​ចុះចាញ់​ក្នុង​ពីរ​បី​សប្តាហ៍​ចុងក្រោយ​នេះ ដោយ​បង្ហាញ​ទម្រង់​លេង​យ៉ាប់​បំផុត​ទល់នឹង Newcastle កាលពី​សប្តាហ៍​មុន​។​

​ក្រុម​របស់​លោក Dean Smith ស៊ុត​ចេញ​បានតែ​១​ជើង​គត់​នៅ​កីឡដ្ឋាន St James’ Park បន្ទាប់​ពី​ចាញ់ Liverpool ៣-០ ដែល​ក្នុងនោះ​ពួកគេ​ស៊ុត​បាន​៤​ជើង​ប៉ុណ្ណោះ​។ ទោះបីជា West Ham មិន​ចង់​ឈ្នះ ក៏ Leicester គ្មាន​សមត្ថភាព​ឈ្នះ​ពី​ការប្រកួត​នេះដែរ​។​

​លទ្ធផល​ទស្សនទាយ West Ham ឈ្នះ ១-០៕

​ម្ចាស់​ជើងឯក EPL ឆ្នាំ​២០១៦ Leicester អាច​នឹង​ធ្លាក់​ទៅ Championship នៅ​ថ្ងៃអាទិត្យ​នេះ