ដោយៈសុផល/ភ្នំពេញ៖ កម្ពុជា-ចិន បានបើកវេទិកាផ្គូរផ្គងពាណិជ្ជកម្មផលិតផលចំណីអាហារកែច្នៃប្រចាំឆ្នាំ២០២៣ ក្នុងគោលបំណងស្វែងរកដៃគូ និងទីផ្សារសម្រាប់ផលិតផលរបស់គេ។
ជំនួបរវាងភាគីកម្ពុជា ជាមួយនឹងភាគីចិននាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ នៅសណ្ឋាគារកាំបូឌីយ៉ាណានេះ រៀបចំដោយសមាគមអ្នកផលិតចំណីអាហារកម្ពុជា សហការជាមួយសមាគមអាស៊ានបូក៦។ខាងភាគីកម្ពុជា មានក្រុមហ៊ុនចំនួន៨០ និងបរទេស ចំនួន១៥ក្រុមហ៊ុន។
លោក មៀវ សុខទ្រី ប្រធានសមាគមអ្នកផលិតចំណីអាហារកម្ពុជា បានឲ្យដឹងថា សមាគមអាស៊ានបូក៦ មានមូលដ្ឋាននៅប្រទេសចិន, ថៃ, ជប៉ុននិងបណ្ដាប្រទេសមួយចំនួនទៀត។ អាស៊ាន១០បូក៦ គឺជាថ្នាលការងារធំមួយ ដែលផ្គូរផ្គង ណែនាំផលិតផលពីប្រទេសទាំងឡាយឲ្យស្គាល់គ្នានិងរកទីផ្សារឲ្យគ្នាទៅវិញទៅមក។
លោកប្រធានសមាគមបានបញ្ជាក់ថា កម្ពុជាមានផលិតផលមួយចំនួន បានដាក់តាំងបង្ហាញនៅក្នុងជំនួបនេះ ដើម្បីឲ្យក្រុមការងាររបស់អាស៊ានបូក៦ ជ្រើសរើសថា តើផលិតផលខ្មែរណាខ្លះ ដែលអាចចូលទៅបណ្ដាប្រទេសទាំង១៦នេះ។បន្ថែមពីនោះទៀត លោក មៀវ សុខទ្រី បានឲ្យដឹងថា សមាគមផលិតចំណីអាហារកម្ពុជា បានដាក់តាំងបង្ហាញនូវផលិតផលសក្ដានុពលមួយចំនួន ដែលជាផលិតផលខ្មែរ ហើយខាងភាគីអាស៊ានបូក៦ បានយកផលិតផលមួយចំនួនមកតាំងបង្ហាញជូនផងដែរ។
មៀវ សុខទ្រី បានបន្តថា៖ ជំនួបពាណិជ្ជកម្មនេះ គឺសមាគមអ្នកផលិតចំណីអាហារកម្ពុជា ព្យាយាមនាំយកផលិតផលកែច្នៃនៅកម្ពុជាទៅកាន់ទីផ្សារអាស៊ានទាំង១៦ ដូច្នេះកសិករមានសង្ឃឹម ក្នុងការប្រមូលផលកសិកផល ដើម្បីមកដំណើរការកែច្នៃ ក្នុងការនាំចេញ។
លោក Yan Shi An ប្រធានមជ្ឈមណ្ឌលអាស៊ាន១០បូក៦ បានមានប្រសាសន៍ថា ៖ អាស៊ាន១០បូក៦កំពុងស្ថាបនាមជ្ឈមណ្ឌលពាណិជ្ជកម្មផលិតផលសុខភាព និងអាហារអន្តរជាតិ។នៅពេលស្ថាបនារួច នឹងមានស្តង់តំណាងប្រទេសអាស៊ាននិងប្រទេសមួយចំនួនទៀត។
លោកបានបញ្ជាក់ថា ៖ សម្រាប់ឆ្នាំ២០២៣នេះ អាស៊ានបូក៦ បានបង្កើតវេទិកាផ្គូរផ្គងពាណិជ្ជកម្មនៅកម្ពុជាមុនគេដោយសារតែកម្ពុជាមានទំនាក់ ទំនងល្អជាមួយសាធារណរដ្ឋប្រជាមានិតចិន។នៅក្នុងវេទិកានេះ ក៏មានការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាដើម្បីបង្កើតដៃគូសហគារគ្នានាពេលអនាគត៕Ph