ដោយ៖ ដេប៉ូ / ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃក្រសួងបរិស្ថាន បានដឹកនាំគណៈប្រតិភូកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំបណ្តាញបៃតងសកលកូរ៉េ ២០២៣ ចាប់ពីថ្ងៃទី២៥ ដល់ ២៦ ខែឧសភា ឆ្នាំ២០២៣ នាទីក្រុងប៊ូសាន សាធារណរដ្ឋកូរ៉េ។

គួរបញ្ជាក់ថា គណៈប្រតិភូកម្ពុជា បានដឹកនាំដោយលោក ទិន ពន្លក រដ្ឋលេខាធិការ ក្រសួងបរិស្ថាន និងពិធីនេះ បានប្រារព្ធធ្វើឡើង ក្រោមអធិបតីភាពលោក ហាន ឌុកស៊ូ នាយករដ្ឋមន្ត្រីសាធារណរដ្ឋកូរ៉េ ដោយមានការចូលរួមពី តំណាងបណ្ដាប្រទេសក្នុងតំបន់ ស្ថាប័នរដ្ឋាភិបាលកូរ៉េ វិស័យឯកជន និងគ្រឹះស្ថានហិរញ្ញវត្ថុ សរុបប្រមាណ ៤០០ នាក់។

លោក ទិន ពន្លក បានថ្លែងសុន្ទរកថា ក្នុងពិធីនេះ ពាក់ព័ន្ធនឹងទស្សនវិស័យអភិវឌ្ឍន៍ បៃតងរបស់កម្ពុជាថាៈ សុខសន្តិភាព និងស្ថិរភាពនយោបាយ ក្នុងរយៈពេលជាងពីរ ទសវត្សរ៍ចុងក្រោយ បានផ្តល់ឱកាសដល់កម្ពុជា អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមយ៉ាងឆាប់រហ័ស ហើយរាជរដ្ឋាភិបាល មានការប្តេជ្ញាចិត្តខ្ពស់ ក្នុងការជំរុញការវិវឌ្ឍបៃតង ធន់នឹងកាប្រែ ប្រួលអាកាសធាតុ និងប្រកបដោយបរិយាបន្ន។

ជាមួយគ្នា លោកក៏បានជំរុញឱ្យភាគីកូរ៉េ ពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយកម្ពុជា រួមទាំងការវិនិយោគឯកជន ក្នុងវិស័យគ្រប់គ្រង និងកែច្នៃសំណល់ ថាមពលនិរន្តរភាព គម្រោងឥណទានកាបូន ហិរញ្ញប្បទានបៃតង ការអភិវឌ្ឍធនធានមនុស្ស ។ល។

គួរបញ្ជាក់ថា ក្នុងឱកាសនោះដែរ គណៈប្រតិភូកម្ពុជា បានជួបប្រជុំការងារ ជាមួយលោក ហឿង យីនឆយ ប្រធានវិទ្យាស្ថានឧស្យាហកម្ម និងបច្ចេកវិទ្យាបរិស្ថានកូរ៉េ (KEITI) ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា និងកូរ៉េ ក្នុងវិស័យគាំពារបរិស្ថាន និងប្រគល់លិខិតថ្លែងអំណរគុណ របស់លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន កម្ពុជា ចំពោះកិច្ចសហការ និងការគាំទ្ររបស់ KEITI ដល់កម្ពុជា ជូនដល់លោក ប្រធានវិទ្យាស្ថាន។

គណៈប្រតិភូកម្ពុជា ក៏បានជួបប្រជុំពិភាក្សាការងារ ជាមួយក្រុមហ៊ុនឯកជនកូរ៉េមួយចំនួន អំពីឱកាសវិនិយោគលើគម្រោងគ្រប់គ្រង និងកែច្នៃសំណល់នៅកម្ពុជា៕ V / N