បញ្ចៀស​ចរាចរ​ជា​បណ្ដោះអាសន្ន កន្លែង​ដង្ហែ​ក្បួន​បិទ​យុទ្ធនាការ​ឃោសនាបោះឆ្នោត នៅ​ថ្ងៃទី​២៧ ខែកក្កដា​

2102
ចែករម្លែក

​ដោយ​៖​រ៉ា​ម៉ន​
​ភ្នំពេញ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០១៨​នេះ បាន​សេចក្ដីជូនដំណឹង​ស្ដីពី ការបញ្ចៀស​ចរាចរ​ជា​បណ្ដោះអាសន្ន ក្នុងការ​ដង្ហែ​ក្បួន​បិទ​យុទ្ធនា​ការឃោសនា បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ នីតិកាល​ទី​៦ នៅ​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៨ របស់​គណបក្សនយោបាយ​។​
​បើតាម​សេចក្ដីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា​៖ នៅ​ថ្ងៃទី​២៧ ខែកក្កដា​ខាងមុខ មាន​គណបក្សនយោបាយ​ជាច្រើន នឹងធ្វើ​ការជួបជុំ និង​ដង្ហែ​ក្បួន បិទ​យុទ្ធនាការ​ឃោសនាបោះឆ្នោត នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ មានការ​ជួបជុំ​សមាជិក រហូតដល់​ប្រមាណ​២៥០.០០០​នាក់ និង​នៅ​ទីលាន​ប្រជាធិបតេយ្យ មានការ​ជួបជុំ​សមាជិក រហូតដល់​ប្រមាណ​២០.០០០​នាក់ ព្រមទាំង​មានការ​ជួបជុំ​សមាជិក​នៅតាម​ទីស្នាក់ការ​គណបក្ស​មួយចំនួន​ផងដែរ ។

​បន្ទាប់ពី​ការជួបជុំ​បណ្ដា​គណបក្សនយោបាយ រួច​ដង្ហែ​តាម​មហាវិថី​កម្ពុជា​ក្រោម មហាវិថី​សម្ដេច​មុនី​រ៉េត កំណាត់​វិថី​សម្ដេច​សុធារស កំណាត់​មហាវិថី​ម៉ៅ​សេទុង កំណាត់​មហាវិថី​ព្រះមុនីវង្ស កំណាត់​មហាវិថី​ព្រះសីហនុ តិ​រវិ​ថី​ព្រះស៊ីសុវត្ថិ ផ្លូវជាតិ​លេខ​៥ ផ្លូវជាតិ​លេខ​៦ ផ្លូវជាតិ​លេខ​១ ផ្លូវជាតិ​លេខ​២ ផ្លូវ​មិត្តភាព​ភ្នំពេញ​-​ហាណូយ ផ្លូវ​ណត​ប្រ៊ី​ត ផ្លូវ​ចោមចៅ ផ្លូវ​លេខ​២៧១ ផ្លូវ​លេខ​៧០ និង​ផ្លូវ​សំខាន់ៗ​មួយចំនួនទៀត ក្នុង​រាជធានី​ភ្នំពេញ​។​
​ខ្លឹមសារ​នៃ​សេចក្ដីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ៖ ដើម្បី​ធានា​បរិយាកាស​នៃ​ការបិទ​យុទ្ធនាការ​ឃោសនាបោះឆ្នោត មាន​ភាពល្អប្រសើរ និង​ស្នើ​ភាព​គ្រប់​គណបក្សនយោបាយ ពិសេស​ការ​ដង្ហែ​ក្បូន​របស់​គណបក្សនយោបាយ ប្រព្រឹត្ត​ទៅដោយ​រលូន រក្សាបាន​នូវ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ ព្រមទាំង​បញ្ចៀស​បានការ​កកស្ទះ​ចរាចរ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹងធ្វើ​ការផ្អាក​ចរាច​រ​ជា​បណ្តោះអាសន្ន តាម​ទីតាំង​ជួបជុំ​មួយរយៈ​ខ្លី និង​បញ្ចៀស​ចរាចរ​តាម​កន្លែង​កកស្ទះ មួយចំនួន​។
​ដូចនេះ​ស្នើ​សូម​បងប្អូន​ប្រជាពលរដ្ឋ​ដែល​គ្រោង​ធ្វើដំណើរ ទៅ​កន្លែង​ជួបជុំ និង​តាម​មហាវិថី តិ​រវិ​ថី និង​ផ្លូវ​សំខាន់ៗ មួយចំនួន​ខាងលើ មេត្តា​បញ្ចៀស​ចរាចរ​ជា​បណ្តោះអាសន្ន បើសិនជា​មិនចាំបាច់​ពុំគួរ​ធ្វើដំណើរ​ឆ្លងកាត់ តាម​កន្លែង​ជួបជុំ និង​ផ្លូវ​ដង្ហែ​របស់​គណបក្ស​ទាំងនោះ ចាប់ពី​ម៉ោង​៦​ព្រឹក រហូតដល់​ក្បួន​ដង្ហែ​ត្រូវ​បានបញ្ចប់​៕

ទីតាំងផ្សាយពាណិជ្ជកម្ម