ដោយៈ ភ្នំខៀវ / បាត់ដំបងៈ ឳពុកម្តាយ នាំកូនទៅដើរលេង ហើយផឹកស៊ីក្អាកក្អាយ បណ្តោយមិនមើលថែកូន ដិតដល់ បណ្តាលឲ្យកូនលង់ទឹកស្ទឹង ស្លាប់ពីរនាក់។ ករណី ក្មេងលង់ទឹកស្លាប់នេះ បានបង្កការភ្ញាក់ផ្អើល នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចរោងលក់ដូរ មួយកន្លែង ឋិតក្នុងភូមិបរហ៊ុយជើង សង្កាត់បយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
សមត្ថកិច្ច បានឲ្យដឹងថាៈ ជនរងគ្រោះដែលស្លាប់ទាំងពីរនាក់ មានឈ្មោះ ឆេង ស្រីម៉ី ភេទស្រី អាយុ ៧ឆ្នាំ និងម្នាក់ទៀត ឈ្មោះឆេង លីម៉េង ភេទប្រុស អាយុ ៥ឆ្នាំ រស់នៅក្នុង ភូមិអូរតាប្រាង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន។
តាមការលើកឡើងពីឈ្មោះ ខែម លេង អាយុ ៣០ឆ្នាំត្រូវជាឳពុកក្មេងរងគ្រោះទាំងពីរ បានបញ្ជាក់ថាៈ មុនពេលកើតហេតុ ខ្លួនជាមួយប្រពន្ធ រួមជាមួយនឹងសាច់ញាតិ មួយចំនួន ទៀត បានទៅអង្គុយលេង និងផឹកស៊ី នៅក្នុងរោងលក់ដូរ ខាងលើ រហូតដល់ម៉ោងវិលត្រឡប់មកផ្ទះវិញ ក៏ដើររកកូន ស្រាប់តែប្រទះឃើញកូនលង់ទឹក ស្លាប់ទាំងពីរនាក់ តែម្តង នៅក្នុងទឹកស្ទឹង ដែលមានជម្រៅ១ម៉ែត្រ៕/V-PC