ដោយៈ ដកស្រង់ពីវចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត
ចំពូក
នាមសព្ទ
ចំណែក, ផ្នែក , វគ្គ
ត្រង់ចំពូកទី ១ មានប្រការ ៥ , ចំពូកទី ២ មានប្រការ ៧ ។
បន្សើច
កិរិយាសព្ទ
គាបផ្លែកប្បាសដែលមិនទាន់ពេញចំណាស់ឲ្យបែកហា ហើយយកទៅដាក់ហាលថ្ងៃឲ្យរីកស្រម៉ត្រសុសឡើង, ហាក់ដូចជាធ្វើស្រម៉កប្បាសនោះឲ្យសើច
បន្សើចកប្បាស ។
ពំនួត
នាមសព្ទ
ប្រដាប់ធ្វើដោយបន្ទះឫស្សីឬឈើដែលស្ងួតស្រឹង មានមេ, កូន, អាចម៍កន្លង់ សម្រាប់ពួតយកភ្លើង; បន្ទះខាងក្រោមបិតជមជ្រុងខាងលើជាទ្រនុងហៅថា មេពំនួត, បន្ទះខាងលើឆ្កៀលជាក្រហូងពីខាងក្នុងដើម្បីដាក់អាចម៍កន្លង់ មានហែបពីខាងក្រោម ហៅថា កូនពំនួត, មានបន្ទះមួយទៀតដាក់អបផ្ទប់ពីលើ សម្រាប់កាន់ផ្គួបគ្នាសង្កត់ពួត
ពំនួតភ្លើង ។
ព. ទ. បុ. សូវឲ្យភ្លើង កុំឲ្យពំនួត, សូវឲ្យសាច់ត្រកួត កុំប្រាប់ព្រៃ មានអត្ថន័យថា បើមិនទុកចិត្តទេសូវយកខ្លួនទៅជួយធើ្វកិច្ចការពេញកម្លាំង តែកុំប្រាប់ចំណេះនិងល្បិចដែលក្រដែលកំបាំង ( ហៅថា ព្រនួត ក៏មាន តាមទម្លាប់ដោយស្រុក; ប៉ុន្តែគួរយល់ប្រភពពាក្យថា ពំនួត មកពី ពួត, បើ ព្រនួត មានតែមកពី ព្រួត, ឃើញថាពុំត្រូវទេ ត្រូវតែប្រើ ពំនួត វិញ; បើធៀបឲ្យឃើញច្បាស់, ដូចជា កំណាត់ មកពី កាត់, ទំនប់ មកពី ទប់, បែរជាភ្លាត់ប្រើជា ក្រណាត់, ទ្រនប់ ទៅវិញដូច្នោះដែរ, ខុសពីប្រភពរបស់ពាក្យ ) ។
រាហុល
(—ហ៊ុល)
នាមសព្ទ
(សំ. បា. < រាហុ “រាហូ” + លា “ចាប់” > ល = រាហូចាប់) ព្រះនាមរបស់ព្រះរាជឱរសនៃព្រះសក្យមុនីគោតម (កាលដែលព្រះមហាសត្តសិទ្ធត្ថៈ ទ្រង់បានជ្រាបដំណឹងថា ” ព្ររាជបុត្រប្រសូតហើយ “, ទ្រង់លាន់ព្រះឱស្ឋថា “រាហូចាប់អញហើយតើ! ចំណងកើតហើយតើ !” គឺទ្រង់ប្រៀបថាព្រះរាជបុត្រទុក ដូចជា រាហូនិងចំណងចាប់ចងព្រះអង្គ; ដោយហេតុនេះ បានជា ព្រះបាទសិរីសុទ្ធោទនៈព្រះអង្គបានជ្រាបការណ៍នេះហើយ ទើបទ្រង់ព្រះរាជទាន នាមព្រះរាជនត្តារបស់ព្រះអង្គថា រាហុល ) ។
សាធនៈ
(សាធៈនៈ)
នាមសព្ទ
(សំ. បា. សាធន (ព. វ.) “ការសម្រេច; គ្រឿងផ្គត់ផ្គង់ប្រមូលឲ្យកើតបានជានាមសព្ទនីមួយ” )ពាក្យដែលសម្រេចមកអំពី កិរិយាសព្ទ ឬ អំពី គុណសព្ទ ដោយមានវិគ្រោះជាទីតាំង ចេញមកជា នាមនាម, ខាងបាលី ដូចជា ទ្វីហាទីហិ- ជនេហិ- សហកម្មំ- កាតុំ- សីលមស្សាតិ > សហការី “ជនអ្នកមានកិរិយាធ្វើនូវកិច្ចការជាមួយនឹងជនទាំងឡាយ តាំងពីពីរនាក់ឡើងទៅជាប្រក្រតី ហៅថា សហការី”, បើស្ត្រីហៅថា សហការិណី ឬ សហការិនី, ប្រែសម្រួលសេចក្ដីថា “អ្នកធ្វើការជាមួយគ្នា”; ទានំ-ទេតីតិ > ទាយក “អ្នកឲ្យទាន អ្នកឲ្យនូវអំណោយ”, បើស្ត្រីជា ទាយិកា ។ សហការី ឬ សហការិណី; ទាយក, ទាយិកា នេះជា សាធនៈ ឬជា កិតនាម ព្រោះមានវិគ្រោះជាទីតាំង ប្រមូលបង្កើតបានជា នាមនាម ខាងភាសាបាលី ។ ឯខាងភាសាខ្មែរ ក៏មានពាក្យជា សាធនៈ នេះច្រើនណាស់, ពោលដោយសង្ខេប, កិរិយាសព្ទ ដែលចេញមកជា នាមនាម ដូចជា កំណាត់ < អ្វីដែលគេកាត់ ( កាត់ > កំណាត់ ); បំណង < គំនិតដែលគេនឹកប៉ង ( ប៉ង > បំណង ); ចង់ > ចំណង់; ចេះ > ចំណេះ; អរ > អំណរ ។ ល ។ គុណនាម ចេញមកជា នាមនាម ដូចជា ខ្ពស់ > កម្ពស់; តូច > តំណូច; ធំ > ទំហំ; ទាប > ទំនាប ។ ល ។ នាមនាម មានប៉ុណ្ណេះជាដើមនេះហៅថា សាធនៈ ឬ ហៅថា កិតនាម ក៏បាន ។ ត្រូវប្រើថា ខ្ញុំមានបំណង, ខ្ញុំមានអំណរ….កុំប្រើថា ខ្ញុំមានសេចក្ដីបំណង, ខ្ញុំមានសេចក្ដីអំណរ ដូច្នេះឡើយ ព្រោះ បំណង, អំណរ ជា សាធន ឬជា កិតនាម ស្រេចទៅហើយ ។ល។