ដោយៈ ដកស្រង់ពីវចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត
ណាស់សា
និបាតសព្ទ
( ព. សា. ) ពាក្យសម្រាប់និយាយបន្ថែមសង្កត់លើពាក្យ ណាស់ ឲ្យរឹងរឹតតែខ្លាំងឡើងទៀត
ឮថាកូនអ្នកឯណោះ វាខិលណាស់ទៅហើយ, តែចំណែកខាងកូនខ្ញុំឯណេះ ក៏វារឹតតែខូចណាស់សាទៅទៀត ។ ច្រើននិយាយកាត់ខ្លីៗថា : វាណាស់សាហើយ, ដូចជាណាស់សាពេកហើយ ។
ទេ្វភាគ
(—ភាក)
នាមសព្ទ
(សំ. បា.) ចំណែកពីរ, ពីរចំណែក
បែកគ្នាជាទ្វេភាគ, ចែកជាទ្វេភាគ ។
បរិបូរ
(ប-រ៉ិបូ ឬ ប-បូ)
គុណសព្ទ
(សំ. បា.) ដែលគ្រប់គ្រាន់, ដែលពេញគ្រប់គ្រាន់, ពេញលេញ, សម្បូរ; ដែលឆ្អែតហើយ : ម្ហូបចំណីបរិបូរ, ទ្រព្យធនបរិបូរ ។ ប្រើជា កិ. ក៏បាន : ណ្ហើយ, ប៉ុណឹ្ណងចុះបរិបូរហើយ ! ។ ប្រើជា កិ. វិ. ក៏បាន : ខ្ញុំទទួលទានបរិបូរហើយ !
ផ្អែម
គុណសព្ទ
ដែលមានរសស្ករ, មានឱជារសដូចស្ករឬដូចទឹកឃ្មុំដែលបរិសុទ្ធ ។ គ្រុនផ្អែមមាត់ ឈ្មោះរោគគ្រុនមួយយ៉ាង បណ្ដាលឲ្យមាត់ផ្អែមប្រហាតធុំបាយធុំចំណី ។ ភ័យផ្អែមមាត់ ភ័យស្លុតស្ងួតបំពង់ក ហាក់ដូចជាផ្អែមប្រហាតមាត់ ។ សម្តីផ្អែម សម្ដីស្រទន់ហាក់ដូចជាមានរសផ្អែម ។
ព្រហ្ម
(ព្រំ)
នាមសព្ទ
(បា.; សំ. ព្រហ្មន៑) សេចក្ដីចម្រើន; សេចក្ដីរីកចិត្ត; សេចក្ដីប្រសើរ; ចំណែកចិត្ត; វេទ; សីល . . . ។ ទេវតាដែលកើតនៅព្រហ្មលោក ដោយអំណាចផលនៃឈានចិត្ត
ព្រះព្រហ្ម, ទៅកើតជាព្រហ្ម, ឋានព្រហ្ម ។
មាតាបិតា ក៏ហៅថា ព្រហ្ម (របស់កូន) ព្រោះមានព្រហ្មវិហារ ផ្សាយទៅរកបុត្រ ។ ព្រះសម្មាសម្ពុទ្ធ និងព្រះអរហន្ត ក៏ហៅថា ព្រហ្ម ព្រោះមានព្រហ្មចរិយធម៌ ដ៏ប្រសើរបំផុត ។ ព្រាហ្មណ៍ ក៏ហៅថា ព្រហ្ម ដែរ ព្រោះពួកព្រាហ្មណ៍ ប្រកាសជំនឿថា ពូជដើមរបស់ខ្លួនកើតអំពីព្រះឱស្ឋព្រហ្ម។ល។ គុ. ប្រសើរ, ខ្ពង់ខ្ពស់, ទូលាយ…។ ពាក្យនេះច្រើនប្រើរួមចូលនាំមុខនាមសព្ទដទៃ តាមគួរដល់ការប្រកប, ដូចយ៉ាង
ព្រហ្មកាយ, ព្រហ្មគីតិ, ព្រហ្មចក្រ, ព្រហ្មចរិយ, ព្រហ្មចារី ជាដើម (ម. ព. ទាំងនោះ)។
ព្រហ្មកាយ (ព្រះហ្មៈ–, ឬ ត. ទ. ស្រ. ព្រំមៈ–) ន (បា.) ពួកព្រហ្ម, ពួកព្រហ្មនីមួយៗ ។ ព្រហ្មកាយិកទេវតា ឬ ព្រហ្មកាយិកា ទេវតាពួកព្រហ្ម ឬពួកទេវតា ដែលកើតក្នុងព្រហ្មលោក ។ ព្រហ្មគីតិ (ព្រំមៈគីតិ, ឬ –គីត) ន. (បា. ព្រហ្ម “ព្រហ្ម” + គីតិ “ចម្រៀង” ) ឈ្មោះកាព្យមួយយ៉ាង មានជើង៤ គឺក្នុងមួយរបះ មាន៤ឃ្លា, ត្រង់ឃ្លាទី១ និងទី៣ មាន ៥ ពាក្យ, ឃ្លាទី ២ និងទី៤ មាន ៦ ពាក្យ
បទព្រហ្មគីតិ, ដូចជា : អ្នកមានរក្សាខ្សត់ ដូចសំពត់ព័ទ្ធពីក្រៅ អ្នកប្រាជ្ញរក្សាខ្លៅ ដូចសំពៅ និងសំប៉ាន ។
ព្រហ្មគោល (ព្រះហ្មៈ– ឬ ព្រំមៈ– ) ន. (សំ.) ចក្រវាល, មណ្ឌលចក្រវាល (ម.ព. គោល ផង) ។ ព្រហ្មចក្រ (ព្រះហ្មៈច័ក, ឬ ព្រំមៈ–) ន. (សំ.; បា. –ចក្ក) ចក្រវាល; ពុទ្ធសាសនា ។ ព្រហ្មចរិយ, –យៈ ឬ ព្រហ្មចារ្យ (ព្រះហ្មៈចៈរ៉ិយ៉ៈ ឬ –ចា, ឬក៏ ត. ទ. ស្រ. ព្រំមៈ–) ន. (បា. ព្រហ្មចរិយ; សំ. ព្រហ្មចយ៌) បែបបទ ឬសណ្ដាប់ធ្នាប់របស់ព្រហ្មចារី ឬ ព្រហ្មចារិនី; ការប្រព្រឹត្តធម៌ដ៏ប្រសើរ ។ តាមន័យខាងពុទ្ធសាសនាថា ការឲ្យទាន, ការខ្វល់ខ្វាយ ឬខ្នះខ្នែង ចំពោះអំពើជាកុសល, ការរក្សាសីល៥, ការចម្រើនព្រហ្មវិហារ ៤ ការសម្ដែងធម៌ ឬណែនាំពន្យល់ឲ្យអ្នកដទៃ កាន់អំពើសុចរិត, ការវៀរចាកមេថុនធម្ម, សេចក្ដីសន្ដោសចំពោះភរិយារបស់ខ្លួន, សេចក្ដីព្យាយាមដ៏ខ្ជាប់ខ្ជួន ក្នុងការកុសល, ការរក្សាឧបោសថសីល តាមកាលកំណត់, អរិយមគ្គ, ព្រះពុទ្ធសាសនាទាំងមូល, អធ្យាស្រ័យ (ទាំង ១២ យ៉ាងនេះ) ហៅថា ព្រហ្មចរិយ ឬ ព្រហ្មចារ្យ (ហៅថា ព្រហ្មចរិយធម៌ ក៏បាន) ។ ព្រហ្មចរិយធម៌ (ព្រះហ្មៈចៈរ៉ិយ៉ៈធ័រ, ឬព្រំមៈ–) មើលពាក្យ ព្រហ្មចរិយ ។ ព្រហ្មចារិនី (ព្រះហ្មៈ– , ឬ ព្រំមៈ–) មើលពាក្យព្រហ្មចារី ។ ព្រហ្មចារី (ព្រះហ្មៈចារ៉ី ឬ ព្រំមៈ–) ន. (បា.; សំ. ព្រហ្មចារិន៑) អ្នកប្រព្រឹត្តព្រហ្មចារ្យ ។ ពាក្យនេះ, តាមលទ្ធិព្រាហ្មណ៍
សំដៅយកអ្នកដែលកំពុង ហាត់រៀនវេទ ឬអ្នកដែលកំពុងសិក្សាលទ្ធិសាសនា ឬក៏កំពុងប្រព្រឹត្តធម៌ តាមបែបសាសនា; តាមលទ្ធិពុទ្ធសាសនា សំដៅយកអ្នកប្រព្រឹត្តព្រហ្មចរិយធម៌ណាមួយ ឬសំដៅចំពោះតែអ្នកដែលវៀរមេថុនធម្មដោយដាច់ខាត យ៉ាងដូចបព្វជិតមានភិក្ខុ, សាមណេរជាដើម; តាមលទ្ធិបុរាណ សំដៅយកកុមារឬកុមារីដែលនៅលីវសុទ្ធសាធ; ខាងលទ្ធិខ្មែរដែលប្រើតាមទម្លាប់ ច្រើនតែសំដៅយកកុមារីជំទង់ហៅថា ស្ដ្រីព្រហ្មចារី; តែបើតាមបែបត្រឹមត្រូវ ព្រហ្មចារី សម្រាប់ហៅបុរស, ឯស្ដ្រីត្រូវហៅ ព្រហ្មចារិនី (ម. ព. ព្រហ្មចរិយ ផង) ។ ព្រហ្មចារ្យ (ម. ព. ព្រហ្មចរិយ) ។ ព្រហ្មជាត ឬ –ជាតិ (ព្រំមៈជាត) ន. ឈ្មោះក្បួនហោរមួយប្រភេទ សម្រាប់មើលជតារាសីមនុស្ស : ក្បួនព្រហ្មជាតិ ។ ព្រហ្មញ្ញ ឬ ព្រហ្មណ្យ (ព្រះហ្ម័ញ, ព្រះហ្ម័ន ឬ ព្រំម័ញ, ព្រំមុ័ន) គុ. (បា. ឬ សំ.) ដែលជាប់ទាក់ទងដោយព្រហ្មឬដែលជារបស់ពួកព្រាហ្មណ៍ : លទិ្ធព្រហ្មញ្ញ, សណ្ដាប់ព្រហ្មញ្ញ, គម្ពីរព្រហ្មណ្យ (ប្រើជា ព្រហ្មាណ្យ ក៏បាន) ។ ព្រហ្មញ្ញសាសនា (ព្រះហ្ម័ញ-ញៈសាសៈន៉ា, ឬ ត. ទ. ស្រ. ព្រំម៉័ញ-ញៈសាស្នា) ន (បា. ព្រហ្មញ្ញ + សាសន) សាសនាដែលមានការជាប់ទាក់ទងដោយសេចក្ដីប្រកាន់ជឿថា មហាព្រហ្មជាអ្នកបង្កើតពពួកសត្វ… (សាសនារបស់ពួកព្រាហ្មណ៍); សរសេរជា ព្រហ្មញ្ញសាស្នា ក៏មាន ។ ព្រហ្មណ្យ (ម. ព. ព្រហ្មញ្ញ) ។ ព្រហ្មទណ្ឌ (ព្រះហ្មៈទ័ន, ឬ ត. ទ. ស្រ. ព្រំមៈ–) ន. (បា.) ដំបងព្រហ្ម, អាជ្ញាព្រហ្ម; អាជ្ញាជាន់ខ្ពស់ ។ ឈ្មោះទណ្ឌកម្មមួយយ៉ាង សម្រាប់ជំនុំសង្ឃក្នុងពុទ្ធសាសនា ដាក់ទោសដល់បព្វជិតដែលរបឹងរឹងរូសមិនកោតខ្លាចវិន័យ, មានលក្ខណៈត្រូវជំនុំសង្ឃហាមមិនឲ្យបព្វជិតណាមួយនិយាយស្ដីរកបព្វជិតនោះជាដាច់ខាត, ត្រាតែបព្វជិតនោះដឹងខ្លួនហើយទន់ចិត្តអស់ពុតព្យសន៍ ចូលមកសូមលន់តួទើបជំនុំសង្ឃត្រូវលើកទណ្ឌកម្មនោះចេញ . . . ( ព. វិ. ពុ. ) ។ ឈ្មោះច្បាប់ដែលរាជការបញ្ញត្ត សម្រាប់ពិភាក្សា កាត់ទោស, ពិន័យមនុស្សដែលប្រព្រឹត្តល្មើសនឹងបញ្ញត្តិសម្រាប់ប្រទេស; ក្រមច្បាប់នោះកម្ពុជរដ្ឋហៅថា ក្រមព្រហ្មទណ្ឌខេមរៈ ឬហៅថា ច្បាប់ព្រហ្មទណ្ឌ ក៏បាន (ម. ព. ព្រហ្ម និង ទណ្ឌ, ទណ្ឌកម្ម ផង) ។ ព្រហ្មទេយ្យ (ព្រះហ្មៈ-ទៃ, ឬព្រំមៈ–) ន. (បា.) ទានឬរង្វាន់ដ៏ប្រសើរ; របស់ប្រទាន; រង្វាន់ដែលព្រះមហាក្សត្រទ្រង់ព្រះរាជទានដល់អ្នកណាមួយ ដោយអ្នកនោះ បានធ្វើកិច្ចការអ្វីមួយ ឲ្យពេញព្រះទ័យ; ក្នុងរាជ្យពីព្រេងនាយ ច្រើនតែប្រោសប្រទាន គោ, ក្របី, ដំរី, សេះ…; ស្រែ, ស្រុក, ខែត្រ ឲ្យដាច់មុខអាករទៅលើអ្នកនោះ, មិនតោងទាមជាប្រយោជន៍ឃ្លាំងហ្លួងដោយពេញទីឡើយ ។ ព្រហ្មធម៌ (ព្រះហ្មៈ ធ័រ, ឬ ព្រំមៈ–) ន. (សំ.; បា. ព្រហ្មធម្ម) ធម៌ដ៏ប្រសើរ; ព្រហ្មវិហារ; ព្រះពុទ្ធសាសនា។ ព្រហ្ម័ន ឬ ព្រហ្មាន ន. ព្រហ្ម (ម. ព. ព្រហ្ម) ។ ព្រហ្មលោក (ព្រះហ្មៈ– ឬ ព្រំមៈ–) ន. (សំ. បា.) លោកជាទីនៅនៃពួកព្រហ្ម, ឋានព្រហ្ម ។ ព្រហ្មវិមាន (ព្រះហ្មៈ–, ឬ ព្រំមៈ–) ន. (សំ. បា.) វិមាននៃព្រហ្ម ។ ព្រហ្មវិហារ (ព្រះហ្មៈវិហា, ឬ ព្រំមៈ–) ន. (បា.) ធម៌ជាទីនៅនៃព្រហ្ម, ធម៌ជាលំនៅនៃចិត្តដ៏ប្រសើរ; មាន៤យ៉ាងគឺ ១- មេត្តា ផ្សាយសេចក្ដីរាប់អានទៅរកសព្វសត្វ; ២- ករុណា ផ្សាយសេចក្ដីអាណិតទៅរកសព្វសត្វ; ៣- មុទិតា ផ្សាយអំណរទៅរកសព្វសត្វ ដែលបានសេចក្ដីសុខចម្រើន គឺមានអំណរនឹងគេបានសុខចម្រើន; ៤- ឧបេក្ខា ផ្សាយសេចក្ដីស្មោះស្មើទៅរកសព្វសត្វ ។ ព្រហ្មសូត្រ (ព្រះហ្មៈសូត, ឬ ព្រំមៈ–) ន. (សំ.) អំបោះដ៏ប្រសើរ គឺអំបោះមង្គលក្នុងយញ្ញពិធី ឬអំបោះដែលប្រសិទ្ធី ជាមង្គលសម្រាប់ពាក់សីសៈ ឬសៀតត្រចៀកស្ពាយឆៀងជាដើម (តាមលទ្ធិព្រាហ្មណ៍) ។ ព្រហ្មា (ព្រះហ្មា, ឬ ព្រំមា) ន. (បា. < ព្រហ្ម) ព្រហ្ម (ព. កា.) ។ ព្រហ្មាណ្យ (ព្រះហ្មាន ឬ ព្រំ–) មើលពាក្យព្រហ្មញ្ញ និង ព្រហ្មាណ្យ ។ ព្រហ្មាធិបតី (ព្រះហ្មាធិប៉ៈដី, ឬ ព្រំមា–) ន. (បា. –បតិ) ព្រហ្មជាអធិបតី គឺព្រហ្មដែលជាចម្បងជាងអស់ពួកព្រហ្ម (ហៅថា ព្រហិ្មន្ទ, ព្រហេ្មន្ទ្រ, ព្រហេ្មស្វរ៑ ក៏បាន) ។ ព្រហ្មាស្ត្រ (ព្រំមាស) ន. (សំ. ក្ល.; សំ. < ព្រហ្មន៑ + ឝស្ត្រ “សស្ដ្រានៃព្រហ្ម ឬ សស្ដ្រាដ៏ប្រសើរ”) ឈ្មោះសរដ៏វិសេសមួយប្រភេទ : សរព្រហ្មាស្ត្រ (មាននិយាយក្នុងរឿងរាមាយណៈ) ។ ព្រហ្មិន្ទ ឬ ព្រហ្មេន្ទ្រ (ព្រះហ្មិន, –ហ្មេន; ឬ ព្រំមិន, –មេន) មើលពាក្យព្រហ្មាធិបតី (ព. កា) ។ ព្រហ្មេស្វរ៑ (ព្រះហ្មេស, ឬ ព្រំមេស) មើលពាក្យ ព្រហ្មាធិបតី (ព. កា.) ។