ដោយៈ ភ្នំខៀវ / បាត់ដំបងៈ ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ ២ លើក បានផ្តាច់យកជីវិតបុរស ២ នាក់ និងងាប់គោ ៣ ក្បាល ក្នុងស្រុកបាណន់ កាលពីថ្ងទី២៦ និងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ ។
អាជ្ញាធរ បានឲ្យដឹងថាៈ គ្រោះធម្មជាតិដ៏សង្វេគ ប៉ះពាល់ដល់មនុស្សសត្វនេះ បានកើតឡើងចំនួន ២ លើក ជាបន្តបន្ទាប់គ្នា ដោយមួយលើក បានកើតឡើង នៅថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២៣ ត្រង់ចំណុចរោងគោ របស់ជនរងគ្រោះផ្ទាល់ ស្ថិតក្នុងក្រុមទី ១០ ភូមិស្តៅ ឃុំបាយដំរាំ ស្រុកបាណន់ បណ្តាលឲ្យងាប់សត្វគោ ចំនួន ៣ ក្បាល និងម្ចាស់គោម្នាក់ មានឈ្មោះ អ៊ុន សាន់ ភេទប្រុស អាយុ ៤៤ឆ្នាំ រស់នៅភូមិ ឃុំកន្លែង កើតហេតុ។
ដោយឡែក ចំពោះករណីទី ២ បានកើតឡើងនៅថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២៣ ត្រង់ចំណុចទីវាលស្រែ ស្ថិតក្នុងភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង។ ជនរងគ្រោះស្លាប់ ឈ្មោះឡាក់ ប៊ុនយៀម ភេទប្រុស អាយុ ២០ឆ្នាំ មានទីលំនៅក្នុង ភូមិ ឃុំ ទីតាំងកើតហេតុខាងលើ។
មន្ត្រីមូលដ្ឋានដដែល បានបន្តថាៈ ឧបទ្ទវហេតុបង្កឡើងដោយគ្រោះធម្មជាតិនេះ សុទ្ធសឹងតែកើតឡើង ដោយសារការធ្វេសប្រហែស មេឃរលឹម និងធ្លាក់ភ្លៀង មិនរកទីកន្លែងជ្រកកោន ដោយជនរងគ្រោះម្នាក់ បានគ្រោះថ្នាក់ ពេលដែលដឹកសត្វគោ ទៅបញ្ចូលក្នុងក្រោល រីឯម្នាក់ទៀត ខណ:កំពុងដើរឃ្វាលគោ នៅទីវាលកណ្តាលស្រែ ក៏ជួបហេតុការណ៍អាក្រក់នេះតែម្តង៕/V/R