ដោយ: មុនីរ័ត្ន / ភ្នំពេញ៖ លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រៃវែង បានបញ្ជាក់ថាៈ “ចំពោះការផ្តល់សេវាសាធារណៈផ្សេងៗ ត្រូវធ្វើឡើងដោយ មានតម្លាភាព ចៀសវាងឲ្យ ខាងតែបាន នូវការប្រកាន់បក្ខពួក ឬនិន្នាការនយោបាយ ។ សូមចងចាំថា ការរើសអើស នឹងនាំទៅដល់ការបែកបាក់សាមគ្គី នៅក្នុងសង្គម និងអាចនាំឈានទៅដល់ ការបែកបាក់ ជាតិបាន។ យើងបានខិតខំរួមគ្នា ឆ្លងកាត់ការលំបាកច្រើនណាស់ ទម្រាំតែឈានមកដល់ ដំណាក់កាលរីកចម្រើន ដូចជាសព្វថ្ងៃនេះ បើសិនជាបណ្តោយ ឲ្យប្រទេសជាតិបែកបាក់ ឬផ្ទុះសង្គ្រាមសារជាថ្មីនោះ អ្វីៗដែលយើងកំពុងមាននៅពេលនេះ នឹងអាចរលាយបាត់ តែមួយពព្រិចភ្នែក”។

ការបញ្ជាក់នេះ ក្នុងឱកាសលោក ជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ពិធីសំណេះសំណាល ជាមួយមន្ត្រីរាជការ កងកម្លាំង អតីតយុទ្ធជន និវត្តជន អាចារ្យ គណៈកម្មការវត្ត និងអ្នកប្រកបរបរក្រៅប្រព័ន្ធ ចំនួន ១ ៤១៧ នាក់ ក្នុងស្រុកពោធិ៍រៀង កាលពីព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ នេះ។

លោកស សុខា ក្នុងនាមសម្តេចក្រឡាហោម ស ខេង បានស្នើដល់មន្ត្រីរាជការ កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ ឱ្យបន្តខិតខំបម្រើ និងដោះស្រាយសំណូមពរ សេចក្តីត្រូវការរបស់ ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានរបស់ខ្លួន និងត្រូវពង្រឹងការគោរពច្បាប់ វិន័យ សីលធម៌ វិជ្ជាជីវៈ បទបញ្ជាផ្ទៃក្នុង និងខិតខំលើក កម្ពស់ប្រសិទ្ធភាព ក្នុងការអនុវត្តតួនាទី ភារកិច្ចរៀងៗខ្លួន ស្របតាមទិសដៅ ផែនការសកម្មភាព ប្រចាំឆ្នាំ២០២៣ របស់ក្រសួង ស្ថាប័ន អង្គភាពសាមី សំដៅធានាប្រសិទ្ធភាព និងនិរន្តរភាពការងាររដ្ឋគ្រប់ថ្នាក់ គ្រប់វិស័យ។

លោក ស សុខា បានបន្តទៀតថាៈ តាមរយៈបទពិសោធដ៏សែនជូរចត់ ដែលកម្ពុជា របស់យើង ធ្លាប់ហែលកន្លងមក ខ្ញុំជឿជាក់ថា ប្រហែលជាលោកយាយ លោកតា ពុកម៉ែ អ៊ុំ ពូមីង ដែលមានវត្តមាននៅទីនេះទាំងអស់ ចង់ឲ្យកើតជម្លោះបែកបាក់សារជាថ្មីទៀត នោះឡើយ។ ក្នុងន័យនេះដែរ ខ្ញុំសូមឲ្យមន្ត្រីរាជការ កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ ក្រៅពីឆ្លើយតបនូវ រាល់តម្រូវការរបស់ពលរដ្ឋមូលដ្ឋាន ហើយនោះ សូមព្យាយាមដកខ្លួនឲ្យឆ្ងាយ ពីអំពើអសកម្មនានាដែលបង្កឡើង ដោយជនខិលខូច ក្រុមឱកាសនិយម និងសូមកុំចូលទៅពាក់ព័ន្ធនឹងអំពើពុករលួយ ស៊ីសំណូកសូកប៉ាន់ ការជួញដូរ ចែកចាយគ្រឿងញៀនឲ្យសោះ ត្រូវរួមគ្នាគោរព និងអនុវត្តច្បាប់ ដើម្បីផ្តល់នូវ ភាពជាគំរូដល់ពលរដ្ឋ និងឈានទៅលើកកម្ពស់នីតិរដ្ឋ នៅក្នុងប្រទេសកម្ពុជា កាន់តែប្រសើរថែមទៀត។ ជាមួយគ្នានេះ លោក ស សុខា ក៏បានគូសបញ្ជាក់ថាៈ ខេត្តព្រៃវែង ជាខេត្តមួយដែល មានកម្មករ ពលករចំណាកស្រុកច្រើន គួរឲ្យកត់សម្គាល់។ ជាក់ស្តែង យោងតាមតួលេខ ពីក្រុមការងារកម្មករ ពលករចំណាកស្រុកខេត្តព្រៃវែង បានឲ្យដឹងថា មានមនុស្សជិត ២សែននាក់ ក្នុងនោះមានស្ត្រីប្រហែលពាក់កណ្តាល បានចំណាកស្រុក ទាំងក្នុង និងក្រៅប្រទេស។ ក្នុងនោះមានកម្មករ ពលករចំណាកស្រុកក្រៅប្រទេស ជាង ២ម៉ឺននាក់ (ស្ត្រីជាង ៨ពាន់នាក់)។ ក្នុងន័យនេះលោល ស សុខា ស្នើឲ្យមន្ត្រីពាក់ព័ន្ធទាំងអស់ បន្តយកចិត្តទុកដាក់ និងតាមដានស្ថានភាពជីវភាពរបស់បងប្អូនទាំងនោះ រួមទាំងធ្វើ យ៉ាងណាធានាឲ្យបានថា បងប្អួនពលកររបស់យើង ចៀសផុតពីអំពើរំលោភបំពាន និងការកេងប្រវ័ញ្ចកម្លាំងពលកម្ម ជាពិសេសអំពើជួញដូរមនុស្ស ក៏ដូចជា​រំលោភបំពាន ផ្លូវភេទជាដើម៕/V/R