ដោយ៖ ដេប៉ូ / ត្បូងឃ្មុំ៖ លោក អ៊ាង សុផល្លែត បេក្ខជនតំណាងរាស្រ្ត គណបក្សប្រជាជន កម្ពុជា មណ្ឌលត្បូងឃ្មុំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ស្រុកអូររាំងឪ នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ បានជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ នៅឃុំចក និងឃុំដំរិល ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដើម្បីសួរសុខទុក្ខ ពិនិត្យវឌ្ឍនភាព ការងារ ក៏ដូចជាសមិទ្ធផលនានា ដែលក្រុមការងារ បានបំពេញនិងផ្តល់ជូន ប្រជាពលរដ្ឋ និងដោះស្រាយសំណូមពរ របស់ប្រជាពលរដ្ឋ ដែលជាតម្រូវការចាំបាច់ និងបន្ទាន់របស់ពួកគាត់។

ក្នុងពិធីនេះ លោកប្រធានក្រុមការងារ បានជំរុញឲ្យប្រជាពលរដ្ឋ បន្តរក្សាស្មារតីខ្មែរតែមួយ ខ្មែរស្រលាញ់ខ្មែរ កុំរើសអើងខ្មែរគ្នាឯង ដោយបានលើកឡើងថា ខ្មែរសាមគ្គីខ្មែរខ្លាំង ខ្មែរសាមគ្គីខ្មែរឈ្នះ ខ្មែរមានឱកាស ខ្មែរអាចធ្វើបាន និងទទួលបានជោគជ័យ ជាក់ស្តែង ក្នុងការព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ កម្ពុជាទទួលបាន មេដាយ សរុបចំនួន ២៨២ ក្នុងនោះមេដាយមាសចំនួន ៨១ ជាជោគជ័យដ៏ត្រចេះត្រចង់ ជាប្រវត្តិសាស្ត្រ ដែលកើតចេញផ្លែផ្កា សន្តិភាព និងការអភិវឌ្ឍន៍ បានផ្តល់ឱកាសឱ្យ កីឡាករ ទទួលបានការហ្វឹកហាត់គ្រប់គ្រាន់ ទទួលបានការឧបត្ថម្ភគាំទ្រហិរញ្ញវត្ថុ ជាពិសេស ការគាំទ្ររបស់ប្រជាពលរដ្ឋ របស់យើងទាំង ១៧ លាន ដែលជាកម្លាំងចិត្ត ផ្តល់នូវថាមពល ដល់មហិមាដល់កីឡាករយើងឱ្យទទួលបានជោគជ័យ។

ជាមួយគ្នានេះ លោក បានសំណូមពរ ឱ្យប្រជាពលរដ្ឋ បន្តផ្តល់ឱកាសខ្លួនឯង និងក្មេងៗ ជំនាន់ក្រោយ តាមរយៈការចូលរួមការពាររក្សាសន្តិភាព អនុវត្តលទ្ធិប្រជាធិបតេយ្យ ចូល រួមបោះឆ្នោតទាំងអស់គ្នា នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ និងផ្តល់ឱកាសឱ្យគណបក្ស ប្រជាជនកម្ពុជា បានបន្តអនុវត្តគោលយោបាយរបស់ខ្លួនក្នុងការរក្សាសុខសន្តិភាព ការអភិវឌ្ឍ ដែលដឹកនាំនាវាកម្ពុជាឆ្ពោះទៅកាន់ភាពរុងរឿង។

សូមបញ្ជាក់ផងដែរថា កម្មវិធីសំណេះសំណាលនេះ ត្រូវបានរៀបចំឡើង នៅ ៤ទីតាំង ក្នុងនោះ ពេលព្រឹក នៅក្នុងមូលដ្ឋានឃុំចក ចំនួន២ ទីតាំង មានប្រជាពលរដ្ឋ ចូលរួមចំនួន ៤ ភូមិ (ភូមិជំពូ ភូមិជ្រោយផ្អុង ភូមិត្រពាំងទា និងភូមិស្រឡុង) ហើយពេលរសៀល នៅមូលដ្ឋានឃុំដំរិលចំនួន២ ទីតាំង មានប្រជាពលរដ្ឋចំនួន ១០ភូមិ ចូលរួម (ភូមិសំរោង ភូមិពើក ភូមិសំស្មែរ ភូមិប្រឡាយ ភូមិដំរិលទី១ ភូមិដំរិលទី២ ភូមិដំរិលទី៣ ភូមិដំរិលទី៤ ភូមិសង្កែរ និងភូមិជ្រៃសុខុម)៕/V/R