ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ តារាសម្តែង ជេន ហ្វុនដា (Jane Fonda)កំពុងប្រឈមមុខនឹងការរិះគន់ បន្ទាប់ពីលោកស្រីបានអំពាវនាវឱ្យបុរសៗប្រឈមមុខនឹង”ការចាប់ខ្លួនដាក់គុក” ចំពោះការបំផ្លិចបំផ្លាញដែលបានធ្វើឡើងចំពោះភពផែនដី ខណៈលោកស្រីបានស្តីបន្ទោសបុរសស្បែកសជាពិសេសចំពោះការបង្កើត “វិបត្តិអាកាសធាតុ”។
លោកស្រីបាននិយាយកាលពីថ្ងៃសៅរ៍នៅឯមហោស្រពភាពយន្តក្រុងកានថា “វាជាសោកនាដកម្ម ដែលយើងត្រូវតែបញ្ឈប់ជាដាច់ខាត។ យើងត្រូវតែចាប់ដាក់គុកបុរសទាំងនោះពួកគេជាអ្នកនៅពីក្រោយរឿងនេះ”។
លោកស្រីបានបន្ថែមថានឹងមិនមានវិបត្តិអាកាសធាតុទេប្រសិនបើគ្មានការរើសអើងពូជសាសន៍។
តារាសម្ដែងមាត់ដាចរូបនេះបាននិយាយអំពី ‘ឋានានុក្រម’ ដែលផ្តល់អំណាចដល់បុរសថា “បុរសស្បែកសគឺជារឿងសំខាន់ ហើយបន្ទាប់មកអ្វីៗផ្សេងទៀតគឺជារឿងអត់ប្រយោជន៍”។
លោកស្រីហ្វុនដាដំបូងឡើយបានចែករំលែកគំនិតរបស់លោកស្រីអំពីទំនាក់ទំនងរវាងការរើសអើងជាតិសាសន៍និងការប្រែប្រួលអាកាសធាតុនៅក្នុងបទសម្ភាសន៍មួយនៅលើកម្មវិធី The Kelly Clarkson កាលពីដើមឆ្នាំនេះ។
លោកស្រីបាននិយាយថា “តើពួកគេនឹងដាក់លាមកនេះនៅកន្លែងណា។ ពួកគេនឹងមិនដាក់វានៅក្នុងកន្លែងស្អាតនោះទេ។ ពួកគេត្រូវស្វែងរកកន្លែងណាដែលមានជនក្រីក្រ ឬជនជាតិដើមភាគតិច ឬមនុស្សមានពណ៌សម្បុរផ្សេង”។
លោកស្រីហ្វុនដាកាលពីថ្ងៃសៅរ៍បានអំពាវនាវឱ្យអ្នកដែលមានមុខតំណែងធ្វើសកម្មភាពឱ្យបានឆាប់ ខណៈលោកស្រីនិយាយថាមានពេលតិចជាងមួយទសវត្សរ៍ក្នុងការជួយសង្គ្រោះភពផែនដីពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។
លោកស្រីបាននិយាយថា “នេះជារឿងធ្ងន់ធ្ងរ។ យើងមានពេលប្រហែល ៧ ទៅ ៨ ឆ្នាំទៀតដើម្បីកាត់បន្ថយពាក់កណ្តាលនៃឥន្ធនៈហ្វូស៊ីលដែលយើងប្រើប្រាស់ ហើយជាអកុសល មនុស្សដែលមានទំនួលខុសត្រូវតិចបំផុតសម្រាប់រឿងនេះបែរជាត្រូវរងគ្រោះខ្លាំងបំផុត”។
តារាស្រីរូបនេះបានបន្តថា ប្រជាជននៅអឌ្ឍគោលខាងត្បូង មនុស្សនៅលើកោះ និងអ្នកក្រមានពណ៌សម្បុរផ្សេងគឺជាជនរងគ្រោះ៕
លោកស្រី ជេន ហ្វុនដា អំពាវនាវឱ្យចាប់បុរសស្បែកសដាក់គុកសម្រាប់ការប្រែប្រួលអាកាសធាតុ