​ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែមស៍​)៖​នាយករដ្ឋមន្ត្រី​ឥណ្ឌា​លោក ណារិ​នដ្រា ម៉ូ​ឌី (Narendra Modi)​កាលពី​ថ្ងៃអាទិត្យ​បាន​សម្ពោធ​ដាក់អោយ​ប្រើប្រាស់​អាគា​រសភា​ឥណ្ឌា​ថ្មី​ដែល​ធំ​ជាង​មុន​ក្នុង​​ព្រឹត្តិការណ៍​សំខាន់​ជា​ប្រវត្តិសាស្ត្រ​មួយ​សំរាប់​ប្រទេស​កាន់​លទ្ធិប្រជាធិបតេយ្យ​ធំ​បំផុត​ក្នុង​លោក​នេះ តែ​ឳ​កាស​នេះ​ត្រូវ​ធ្វើ​អោយ​ស្រអាប់​ដោយសារ​តែ​ក្រុម​សភា​ប្រឆាំង​ធ្វើ​ពហិការ​មិន​ចូលរួម​។​

​គណបក្សប្រឆាំង​ដល់​ទៅ​២១ រួម​មាន​គណបក្ស​សមាជ​(​ខុន​ហ្ក្រេស​) បាន​ស្ថិតនៅ​ក្រៅ​ពិធី និង​និយាយ​ថា អាគារ​សភា​ថ្មី​នេះ​គួរតែ​សម្ពោធ​ក្រោម​អធិបតីភាពរបស់​ប្រធានាធិបតី ដ្រៅ​ផា​ឌី មួ​រមូ​(Droupadi Murmu)​ក្នុងនាម​លោកស្រីជា​ប្រមុខរដ្ឋ​។​

​ទោះជា​យ៉ាងណា គណបក្សប្រឆាំង​ផ្សេងទៀត រួម​មាន​គណបក្ស​មិន​នៅក្នុង​ក្រុម​ចម្រុះ​របស់​ម៉ូ​ឌី បាន​ចូលរួម​ពិធី​។​

​ពួកគេ​ក៏​សម្តែង​ការព្រួយបារម្ភ​អំពី​ចំណាត់ការ​របស់​រដ្ឋាភិបាល ដែល​ពួកគេ​និយាយថា បាន​«​លេប​ព្រលឹង​ប្រជាធិបតេយ្យ​»​ពី​សភា​។​ទោះជា​យ៉ាងណា​គណបក្សកាន់អំណាច Bharatiya Janata Party (BJP)​បាន​ហៅ​ពហិការ​របស់​គណបក្សប្រឆាំង​ថា​«​មិន​គោរព​លទ្ធិប្រជាធិបតេយ្យ​»​និង​បាន​ចោទប្រកាន់​ពួកគេ​ថា​ខ្វះ​«​ស្មារតី​ជាតិ​និង​អារម្មណ៍​មោទនភាព​»​។​

​អាគារ​សភា​ថ្មី​នៅ​ក្រុង​ញូវដេល្លី សាងសង់​ឡើង​លើ​ផ្ទៃដី​៦៤.៥០០​ម៉ែត្រការ៉េ ធំ​ជាង​អាគារ​សភា​ចាស់​។​វា​ត្រូវ​នាយករដ្ឋមន្ត្រី​ម៉ូ​ឌី សម្ពោធ​ដាក់​អោយ​ប្រើ​កាលពី​ថ្ងៃអាទិត្យ តែ​ក្រុមប្រឆាំង​មិន​ពេញចិត្ត​

​ក្នុងអំឡុងពេល​សម្ពោធ លោក​ម៉ូ​ឌី ដាក់​តម្កល់​ដំបង​មាស​ដ៏​សំខាន់​ជា​ប្រវត្តិសាស្ត្រ​មួយ​យក​មក​ពី​រដ្ឋ​តាមិ​ល ណា​ឌូ​(Tamil Nadu)​នៅក្នុង​អាគារ​ថ្មី និង​ក៏​បាន​សរសើរ​ពួក​កម្មករ​ដែល​បាន​ខិតខំ​ធ្វើ​​ការឆ្លងកាត់​ពេល​ប្រទេស​ជួបប្រទះ​ការវាយប្រហារ​ពី​កូវី​ដ​១៩ ដើម្បី​ស្ថាបនា​អាគារ​នេះ​អោយ​ចប់​តាម​ផែនការ​។​សារ​មួយ​មក​ពី​ប្រធានាធិបតី ដែល​ពណ៌នា​ការសម្ពោធ​អាគារ​សភា​ថ្មី ក៏​ត្រូវបាន​គេ​អាន​។​

​លោក​ម៉ូ​ឌី​បន្ទាប់មក​បាន​ថ្លែង​សុន្ទរកថា​នៅក្នុង​ឡុក សា​បា​(Lok Sabha)​ឬ​សភា​ជាន់​ទាប ដោយ​អបអរ​អាគារ​សភា​ថ្មី​នេះ​ថា​ជា​«​ប្រផ្នូល​មួយ​សំរាប់​មិន​ត្រឹមតែ​ការអភិវឌ្ឍ​របស់​ឥណ្ឌា តែ​ពិ​ព​ភ​លោក​»​។​

​សំណង់​អាគារ​ថ្មី​កំពស់​បី​ជាន់ ដែល​នៅ​ជាប់​នឹង​អាគារ​សភា​ចាស់ បាន​ចាប់ផ្តើម​កាលពី​ខែ​មករា ឆ្នាំ​២០២១ លើ​ផ្ទៃដី​៦៤.៥០០​ម៉ែត្រការ៉េ ទំហំ​ប៉ុន​តារាង​បាល់ទាត់​ប្រាំបួន​ដង​។​សូមបញ្ជាក់​ថា សភា​ជាន់​ទាប​​ឥណ្ឌាថ្មីនេះ​មាន​កៅអី​៨៨៨ នៅពេល​អាគារ​ចាស់​មាន​ត្រឹមតែ ៥៤៣​កៅអី ៕

លោក​ម៉ូ​ឌី ដាក់​តម្កល់​ដំបង​មាស​ដ៏​សំខាន់​ជា​ប្រវត្តិសាស្ត្រ​មួយ​យក​មក​ពី​រដ្ឋ​តាមិ​ល ណា​ឌូ​ ក្នុង​ពិធី​សម្ពោធ​អាគារ​សភា​ថ្មី​នៅ​ក្រុង​ញូវដេល្លី កាលពី​ថ្ងៃ​២៨​ឧសភា​