ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ មន្ត្រីរដ្ឋាភិបាលម្នាក់ ដែលបានបញ្ជាឱ្យបង្ហូរទឹកចេញពីអាងស្តុកទឹកដើម្បីស្រង់យកស្មាតហ្វូនតម្លៃ ១.២០០ ដុល្លាររបស់គាត់មកវិញបន្ទាប់ពីជ្រុះធ្លាក់ពេលកំពុងថតរូប Selfie ឥឡូវត្រូវបានបញ្ឈរជើងហើយ។
កាសែត The Times of India បានរាយការណ៍ថា មន្ត្រីត្រួតពិនិត្យម្ហូបអាហារឈ្មោះ រ៉ាចេស វីស្វាស (Rajesh Vishwas) បានជ្រុះស្មាតហ្វូន Samsungរបស់គាត់នៅក្នុងអាងស្តុកទឹកកឺកាតតា (Kherkatta) ក្នុងរដ្ឋឆាតធីសហ្គា (Chhattisgarh) ភាគកណ្តាលប្រទេសឥណ្ឌាកាលពីសប្តាហ៍មុន។
ដំបូងឡើយ គាត់បានស្នើឱ្យអ្នកមុជទឹកស្វែងរកឧបករណ៍នេះ ដោយអះអាងថា វាមានទិន្នន័យរសើបរបស់រដ្ឋាភិបាល ប៉ុន្តែនៅពេលការប្រឹងប្រែងរបស់ពួកគេបរាជ័យគាត់បានស្នើសុំឱ្យបូមអាងស្តុកទឹកនោះចោលដោយប្រើម៉ាស៊ីនបូម។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ក្នុងរយៈពេលបីថ្ងៃ ទឹកជាងពីរលានលីត្រត្រូវបានបូមចេញពីអាងស្តុកទឹក ដែលគ្រប់គ្រាន់សម្រាប់ស្រោចស្រពលើផ្ទៃដីយ៉ាងហោចណាស់ ១.៥០០អារក្នុងអំឡុងរដូវក្តៅបែកក្រហែងនៅឥណ្ឌា។
លោកវីស្វាសបានប្រាប់អ្នកយកព័ត៌មានថា ទឹកនេះមិនអាចប្រើប្រាស់សម្រាប់ប្រព័ន្ធធារាសាស្ត្របានទេ ហើយលោកបានទទួលការអនុញ្ញាតពីមន្ត្រីជាន់ខ្ពស់ដើម្បីបង្ហូរទឹកចេញ។
ស្មាតហ្វូនលិចទឹកនឹងមិនដំណើរការទេ នៅពេលវាត្រូវបានរកឃើញវិញ។
អាជ្ញាធរបានផ្អាកការងាររបស់លោកវីស្វាសបន្ទាប់ពីគាត់ត្រូវបានរិះគន់យ៉ាងខ្លាំងចំពោះការខ្ជះខ្ជាយធនធានទឹក។
លោកស្រី ព្រីយ៉ានកា ស៊ូក្លា (Priyanka Shukla) មន្ត្រីស្រុកកាន់កឺ (Kanker) បានប្រាប់កាសែត The National ថា “គាត់ត្រូវបានផ្អាកពីការងាររហូតដល់ការស៊ើបអង្កេត។ ទឹកគឺជាធនធានដ៏សំខាន់ ហើយវាមិនអាចខ្ជះខ្ជាយដូច្នេះទេ”។
ប៉ុន្តែលោកវីស្វាសបានបដិសេធថាការបង្ហូរនេះមិនមែនជាការប្រើប្រាស់តួនាទីរបស់គាត់ខុសនោះទេ ហើយថា ទឹកដែលបាត់នោះគឺនៅក្នុងផ្នែកដែលហៀរនៃទំនប់ ហើយចឹងមិនស្ថិតក្នុងស្ថានភាពប្រើប្រាស់បានទេ។
ប៉ុន្តែលោកត្រូវបានថ្កោលទោសដោយពួកអ្នកនយោបាយនិងអនុប្រធានបក្សប្រឆាំង BJP របស់រដ្ឋ ដោយនិយាយតាមអ៊ីនធឺណិតថា “នៅពេលដែលប្រជាជនពឹងផ្អែកលើធុងទឹកសម្រាប់ផ្គត់ផ្គង់ទឹកក្នុងរដូវក្តៅដ៏ក្តៅគគុក មន្ត្រីនេះបែរជាបង្ហូរទឹកចោល២លានលីត្រ ដែលអាចប្រើប្រាស់សម្រាប់ប្រព័ន្ធធារាសាស្ត្រសម្រាប់ដី ១.៥០០ អារទៅវិញ”។
ឥណ្ឌាគឺជាប្រទេសមួយមានវិបត្តិទឹកខ្លាំងបំផុត ហើយសីតុណ្ហភាពក្តៅខ្លាំងបាននាំឱ្យមានការខ្វះខាតទឹកយ៉ាងធ្ងន់ធ្ងរ ដែលបណ្តាលឱ្យមានការបាត់បង់ដំណាំ ភ្លើងឆេះព្រៃ និងការដាច់អគ្គិសនី៕
លោក រ៉ាចេស វីស្វាស ត្រូវបានផ្អាកពីការងារដោយសារបូមទឹកអស់ជាង២លានលីត្រចេញពីអាងស្តុកទឹក