ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ឆ្កែបម្រើរបស់និស្សិតនៅរដ្ឋញូវជើស៊ី (New Jersey) បានទទួលសញ្ញាបត្រពីសាកលវិទ្យាល័យផ្ទាល់ខ្លួនរបស់វាបន្ទាប់ពីបានចូលរៀនគ្រប់ថ្នាក់ទាំងអស់របស់ម្ចាស់វា។
នាង ហ្គ្រេស ម៉ារីយ៉ានី (Grace Mariani)មកពីទីក្រុងម៉ាវ៉ា (Mahwah) រដ្ឋញូវជើស៊ី ត្រូវបានអមដំណើរដោយសុនខឈ្មោះចាស្ទីន (Justin)ពេញមួយជីវិតនៅមហាវិទ្យាល័យរបស់នាងនៅសាកលវិទ្យាល័យសេតុនហល់ (Seton Hall) ហើយសុនខរោមលឿងរបស់នាងក៏ទទួលបានសញ្ញាបត្រផងដែរសម្រាប់ការតាំងចិត្តនិងការចំណាយពេលវេលារបស់វា។
នាងម៉ារីយ៉ានី ដែលជាអ្នកប្រើប្រាស់រទេះរុញ បានបញ្ចប់ថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រផ្នែកអប់រំ ហើយឥឡូវនេះនាងមានគម្រោងបង្រៀនក្មេងៗនៅសាលាបឋមសិក្សា។
នៅក្នុងវីដេអូឃ្លីបដ៏គួរឱ្យស្រលាញ់នេះ គេឃើញចាស្ទីនជើងបួនដើរជាមួយម្ចាស់របស់វា ខណៈវាទទួលសញ្ញាបត្រពីប្រធានសាកលវិទ្យាល័យ លោក យ៉ូសេប អ៊ី នីរ៉េ (Joseph E. Nyre)។
វាហិតក្លិនសញ្ញាបត្រ មុននឹងពាំវាក្នុងមាត់ដោយរីករាយ។
អ្នកទាំងពីរបានដើរចេញពីឆាក ខណៈហ្វូងមនុស្សស្រែកហ៊ោចំពោះសមិទ្ធផលរបស់ពួកគេ។
សាកលវិទ្យាល័យសេតុនហល់បានសរសេរនៅលើបណ្តាញសង្គមថា “ប្រធានសាកលវិទ្យាល័យសេតុនហល់ លោកបណ្ឌិត យ៉ូសេប អ៊ី នីរ៉េ បានបង្ហាញដល់ចាស្ទីន ដែលជាឆ្កែបម្រើសម្រាប់នាងហ្គ្រេស ម៉ារីយ៉ានី មកពីក្រុងម៉ាវ៉ា រដ្ឋញូវជើស៊ី ជាមួយនឹងសញ្ញាបត្រសម្រាប់ការចូលរួមថ្នាក់ទាំងអស់របស់នាងហ្គ្រេសនៅសេតុនហល់”។
មនុស្សម្នាក់បានសរសេរលើអនឡាញថា “នេះពិតជាអស្ចារ្យណាស់!”។ ខណៈម្នាក់ទៀតបានបន្ថែមថា “អ្នកទាំងពីរអស្ចារ្យណាស់។ សូមអបអរសាទរ”។
អ្នកទីបីបាននិយាយថា “អូ! ខ្ញុំស្រឡាញ់វា! ចាស្ទីនពិតជាសមនឹងទទួលបានសញ្ញាបត្រដែរ”៕
ចាស្ទីននិងនាងហ្គ្រេសទទួលសញ្ញាបត្រនៅសាកលវិទ្យាល័យសេតុនហល់