ដោយៈ ប.ខុន / ភ្នំពេញៈ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ បានជូនដំណឹងស្តីពី ការព្យាករស្ថានភាពធាតុអាកាស សម្រាប់ពីថ្ងៃទី៣១ ខែឧសភា ដល់ថ្ងៃទី៦ ខែមិថុនាថាៈ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលនូវឥទ្ធិពល ពីជ្រលងសម្ពាធទាប និងខ្យល់មូសុងនិរតី ក្នុងកម្រិតពីមធ្យមទៅបង្គួរ បង្កឱ្យមានភ្លៀងធ្លាក់ ក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ព្រមពេលជាមួយ គ្នានេះ នៅលើផ្ទៃសមុទ្រ មានទឹករលកខ្ពស់ៗ។

នៅក្នុងសេចក្តីជូនដំណឹង បានសរសេរទៀតថាៈ លក្ខណៈបែបខាងលើ ធ្វើឲ្យតំបន់ទំនាប កណ្តាល មានសីតុណ្ហភាពអប្បបរមា ពី ២៥ ទៅ ២៧ អង្សាសេ សីតុណ្ហភាពអតិបរមា មានពី ៣៣ ទៅ ៣៥ អង្សាសេ។ អាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។

តំបន់ខ្ពង់រាប មានសីតុណ្ហភាពអប្បបរមាពី ២៤ ទៅ ២៦ អង្សាសេ សីតុណ្ហភាពអតិបរមា មានពី ៣២ ទៅ ៣៤ អង្សាសេ។ អាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីតិចទៅបង្គួរ លាយ ឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

សម្រាប់តំបន់មាត់សមុទ្រ មានសីតុណ្ហភាពអប្បបរមាពី ២៣ ទៅ ២៥ អង្សាសេ សីតុណ្ហភាពអតិបរមា មានពី ៣០ ទៅ ៣២ អង្សាសេ។ អាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីមធ្យមទៅច្រើន លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ នៅលើផ្ទៃសមុទ្រ នឹងអាចមានភ្លៀង ខ្យល់ ផ្គរ រន្ទះ និងរលកសមុទ្រខ្ពស់ ។

នៅក្នុងសេចក្តីជូនដំណឹងនេះ ក្រសួងធនធានទឹក និងឧតុនិយម ក៏បានអំពាវនាវដល់ សាធារណជន ឱ្យបង្កើនការប្រុងប្រយ័ត្ន ចំពោះបាតុភូតធម្មជាតិ ដែលអាចកើតមានឡើង ជាយថាហេតុ ផងដែរ៕/V/R