ដោយៈ តារារិទ្ធ / ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សុំឱ្យអ្នកនិពន្ធបទចម្រៀង ធ្វើការកែតម្រូវ ពាក់ព័ន្ធនឹងបទចម្រៀងអបអរ សាទរ ពិធីសម្ពោធអគារពុទ្ធិកសាកលវិទ្យាល័យ ព្រះសីហមុនីរាជា ដែលការតែងនេះ ខុសខ្លឹមសារ ព្រោះសម្ពោធទាក់ទងនឹងវត្ត បែរជាចេញជាកន្លែងផ្សេងទៅវិញ ។
សម្តេចតេជោ គឺថ្លែងក្នុងពិធីអញ្ជើញ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សា នៅពុទ្ធិកសាកលវិទ្យាល័យ ព្រះសីហមុនីរាជា តម្លៃជិត ២ លានដុល្លារ ស្ថិតក្នុងបរិវេណវត្តស្វាយពពែ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
សម្តេចតេជោ បានមានប្រសាសន៍ថាៈ “សុំឱ្យអ្នកនិពន្ធចម្រៀង ធ្វើការកែតម្រូវពាក់ព័ន្ធ នឹងបទចម្រៀងនេះ គឺជាចម្រៀងដែលទាក់ទងជាមួយវត្ត នៅពុទ្ធកសាកលវិទ្យាល័យ ព្រះសីហមុនីរាជា បែរជាចម្រៀងនេះ ទៅច្រៀងអបអរសាទរកន្លែងផ្សេង”។
សម្តេច បានបន្តថាៈ សុំអ្នកនិពន្ធទាំងនោះ បើបានជានិពន្ធហើយ និពន្ធឱ្យត្រូវទៅ ព្រោះមួយថ្ងៃ មិនដឹងចេញបានប៉ុន្មានបទទេ ច្រើនណាស់ ព្រោះអ្នកនិពន្ធនេះ និពន្ធលឿនពេក ដល់និពន្ធលឿនពេក គេស្ដាប់បានតែមួយថ្ងៃ រួចពីហ្នឹងទៅ គេលែងស្ដាប់។ សម្តេចបានបន្តថា បានសុំដកត្រឡប់ទៅវិញហើយ កែតម្រូវឡើងវិញ ។
សម្តេចបានបន្តថាៈ “ចេះតែតែងតែងទៅ អញ្ចឹងបានគេថា ពេលខ្លះ អ្នកចម្រៀង មិន ទាន់ស្លាប់ផង ប៉ុន្តែចម្រៀងនោះ វាស្លាប់បាត់ទៅហើយ ។ ព្រោះមួយថ្ងៃ ចម្រៀងនោះ បាញ់ចូលមកហ្វេសបុកសម្តេច គឺច្រើនមែនទែនហើយ និពន្ធនោះ និពន្ធបាញ់ចូលមក រហូត។ គឺវាច្រើនពេក រឿងខ្លះ វាជាព្រឹត្តិការណ៍តែមួយថ្ងៃទេ ប៉ុន្តែនិពន្ធបទចម្រៀងនោះ វាច្រើននោះច្រើន។ ព្រោះគ្មានអ្នកណាមានពេលស្ដាប់ទេ ការងារវាច្រើន ប៉ុន្តែនិពន្ធ ឱ្យវាត្រូវទៅ គឺវាមិនមិនបញ្ហាទេ។ សុំកែប្រែបន្តិច វាខុសទីតាំងហើយ ៕/V/R